ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចាត់​​វិធាន​ការ​​ទប់​ស្កាត់ការ​កា.ប់​ទន្រ្ទាន​យក​ដីនៅ​ស្រុក​សណ្ដាន់

14 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ កោះសន្តិភាពធ្លាប់បាន​ចុះ​ផ្សាយ​រួចមកហើយ ពីសកម្មភាពកា.ប់រានព្រៃ​ឈើយ៉ាងអនាធិបតេយ្យដើម្បីយកដីនៅក្នុង​ស្រុក​​សណ្ដាន់ ក្រោមការបំលែងរូបភាព​ពីបទ​ល្មើស​ទៅ​ជារូបភាពស្របច្បាប់ ដោយមាន​អ្នក​មាន​អំណាច និងអ្នកមាន​លុយនៅពីក្រោយ។ រហូត​មកដល់ពេលនេះ បើទោះបីជាមានការ​អះ​អាង​ពី​សំណាក់មន្ត្រី​ជំនាញថា

ខេត្តកំពង់ធំ ៖ កោះសន្តិភាពធ្លាប់បាន​ចុះ​ផ្សាយ​រួចមកហើយ ពីសកម្មភាពកាប់រានព្រៃ​ឈើយ៉ាងអនាធិបតេយ្យដើម្បីយកដីនៅក្នុង​ស្រុក​​សណ្ដាន់ ក្រោមការបំលែងរូបភាព​ពីបទ​ល្មើស​ទៅ​ជារូបភាពស្របច្បាប់ ដោយមាន​អ្នក​មាន​អំណាច និងអ្នកមាន​លុយនៅពីក្រោយ។ រហូត​មកដល់ពេលនេះ បើទោះបីជាមានការ​អះ​អាង​ពី​សំណាក់មន្ត្រី​ជំនាញថា បានចាត់វិធានការ​យ៉ាង​​ក្ដៅគគុកហើយក៏ដោយ ប៉ុន្តែ​យោងលើ​ប្រភព​​ព័ត៌​មាន​​​បានបង្ហើបឲ្យដឹងថា បន្ទាប់ពី​មាន​​ភ្លៀង​ធ្លាក់ជាបន្តបន្ទាប់ ប្រជាពលរដ្ឋនៅ​តំបន់​ដី​ក្រហមស្រុកសណ្ដាន់​បាននាំគ្នា​​កាប់​រាន​ដី​ព្រៃ និង​សំអាតដីព្រៃដែលបានលួចកាប់រាន​នា​ពេល​កន្លង​មកដើម្បីដាំដំឡូងមី និងដំណាំ​ឧស្សាហ​​កម្ម​ជា​ច្រើនទៀត។ កត្តានេះបានជំរុញ​ឲ្យ​កើត​មាន​សកម្ម​ភាពបទល្មើសកាប់ទន្ទ្រានព្រៃ​យក​​ដី​ធ្វើ​ជា​កម្មសិទ្ធិកាន់តែខ្លាំងឡើងៗ ដោយ​ពុំ​មាន​​សមត្ថ​កិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋាន​ណា​ចាប់​អារម្មណ៍ ឬចាត់វិធានការទប់ស្កាត់ឡើយ ។

ផ្អែកលើភាពអនាធិបតេយ្យនៃ​ការ​កាប់ព្រៃ​ឈើ​​ដើម្បីទន្ទ្រានយកដី​នេះ ​ថ្មីៗ​​​កន្លង​ទៅ​អាជ្ញា​ធរ​ខេត្តបាន​ចេញ​​លិខិតមួយជូន​ទៅ​លោក​អភិ​បាលស្រុក​សណ្ដាន់ និងអង្គភាពពាក់​ព័ន្ធឲ្យ​ធ្វើការ​សហ​ការ​និងចាត់វិធានការតឹងរ៉ឹងបំផុត ដើម្បី​ទប់​ស្កាត់​រាល់​បទ​ល្មើសនានាលើ​វិស័យព្រៃឈើ និង​ការ​ពារ​ដី​របស់រដ្ឋ។ តាម​ប្រភព​ព័ត៌មានពីមន្ត្រី​សាលាខេត្តបាន​ឲ្យដឹងថា កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០១១ លោកអភិបាល​ខេត្ត​បាន​ចេញ​​លិខិតមួយច្បាប់​លេខ​៧៤ ស.ជ.ណ ជម្រាបជូនទៅលោកអភិបាលស្រុក​សណ្ដាន់ ​ឱ្យ​ចាត់​វិធានការទប់​ស្កាត់​បទ​ល្មើស និង​សកម្ម​ភាពអនាធិ​បតេយ្យលើវិស័យព្រៃ​ឈើទន្ទ្រាន​យក​​ដីធ្វើកម្មសិទ្ធិ ដោយផ្អែកលើបទ​បញ្ជា​លេខ​០១ ប ប ចុះថ្ងៃទី១០ ឧសភា ឆ្នាំ​២០០៩ របស់​រាជ​​រដ្ឋាភិបាលកម្ពុជា និង​កំណត់​ហេតុចុះថ្ងៃ​ទី១ មេសា ២០១១ របស់សាលា​ខេត្ត​កំពង់ធំ។ ពិសេស​ដីនៅតំបន់អូរគ្រញូង ភូមិ​រំចេក ឃុំ​សុចិត្រ ស្រុកសណ្ដាន់ ព្រោះថា កន្លង​មកដី​នៅ​តំបន់​នេះរងការកាប់រានយ៉ាង​រង្គាល​ពីសំណាក់​ប្រជា​ពលរដ្ឋ ។

ទាក់ទង​នឹង​ការលើកឡើងខាងលើនេះ​មាន​ប្រភព​ព័ត៌​មានបង្ហើបឲ្យដឹងថា មិនមែនមាន​តែ​ព្រៃ​តំបន់នេះទេ ពោលគឺមាននៅព្រៃតំបន់ព្រះ​អាទិត្យ​ព្រៃតំបន់រន្ទះ ព្រៃក្នុងភូមិ​សាស្ត្រ​​ឃុំ​សុចិត្រ និងតំបន់ជាច្រើនទៀតក្នុងស្រុក​សណ្ដាន់​ក៏​សុទ្ធ​តែ​​មាន​ការ​កាប់​ទន្ទ្រាន​ដែរ។ ឆ្លើយតប​ទៅ​នឹងចំណាត់កា​រខាង​លើ​នេះ មន្ត្រីរដ្ឋបាលព្រៃឈើ​​ខេត្ត​និយាយ​ថា កន្លង​មក​ករណី​នេះ​សមត្ថ​កិច្ច​ជំនាញ​​តែង​ធ្វើ​ការ​ផ្សព្វផ្សាយពីច្បាប់ និងបោះ​បង្គោល​​ហាម​ឃាត់​លើ​ដីទាំងនោះរួចហើយ ប៉ុន្តែ​ពេល​ដែល​​សមត្ថ​កិច្ច​ជំនាញ​ដក​ហូត​ពួក​គាត់​អះអាងថា ដី​របស់​អ្នកនេះ​រប​ស់​អ្នក​នោះ ។

ចំណែក​មន្ត្រី​អាជ្ញាធរស្រុកសណ្ដាន់ក៏​បាន​និយាយ​ដែរថា កន្លងមកពាក់ព័ន្ធ​​នឹង​ករណី​នេះ ​អាជ្ញា​ធរ​ស្រុក​មិនដែលលូកដៃឡើយ។ ការឆ្លើយ​ដាក់​គ្នា ដើម្បីយករួចខ្លួននេះ ធ្វើឲ្យមាន​ការ​រិះ​គន់​យ៉ាងខ្លាំង ខណៈដែលភាពអនាធិប​តេយ្យនៃ​ការ​កាប់ព្រៃទន្ទ្រានយក​ដីធ្វើកម្មសិទ្ធិកាន់តែរីក​រាល​ដាលយ៉ាងក្ដៅគគុក ហើយគេរង់ចាំមើលថា តើចំណាត់ការរបស់អាជ្ញាធរខេត្ត នឹង​មាន​ប្រសិទ្ធ​​ភាពកម្រិតណាចំពោះពួកអ្នកមានលុយ និង​អ្នកមាន​ឥទ្ធិពលដែលចូលចិត្តយក​ប្រជា​ពល​រដ្ឋធ្វើជាខែល​នោះ​ ៕