ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​សត្វ​អណ្ដើក​ជាង​៥០​ក្បាល​ទៀត​លែង​ចូល​ក្នុង​សហគមន៍​នេសាទ​ឃុំ​កញ្ជរ

3 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កូនអណ្ដើក​ស្រែ អណ្ដើកបិទមុខ ឬ​អណ្ដើក​ក្បាល​ធំ សរុប​ចំនួន​៥៥​ក្បាល​ដែល​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ប្រគល់​ជូន​សហគមន៍​នេសាទ​ស្រី​ចឹក…

ខេត្តពោធិ៍សាត់ ៖ កូនអណ្ដើក​ស្រែ អណ្ដើកបិទមុខ ឬ​អណ្ដើក​ក្បាល​ធំ សរុប​ចំនួន​៥៥​ក្បាល​ដែល​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ប្រគល់​ជូន​សហគមន៍​នេសាទ​ស្រី​ចឹក បាន​ធ្វើ​ពិធី​លែង​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​ព្រែក​តា​ចាន់ ក្នុងភូមិ​សាស្ត្រ​ព្រៃរនាម​បឹង​ទន្លេសាប ស្ថិត​ក្នុងភូមិ​តា​ម៉ៅ ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​ធនធាន​ជល​ផល​​ឲ្យ​នៅ​គង់វង្ស និង​បង្កើន​រីកសាយ​ឲ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត​។

ការ​ព្រ​លែង​សត្វ​អណ្ដើក​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤ ដោយ​មានការ​ចូល
រួម​ពី​លោក អ៊​ន ផល្លា អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ណ្ដៀ​ង​, លោក ហុ​ក ម៉េ​ង​អាន នាយ​រង​ផ្នែក​​រដ្ឋបាល​ជលផល​ក្រគរ នាយ​សង្កាត់​រដ្ឋបាល​ជលផល​កណ្ដៀង មេឃុំ​កញ្ជរ ប៉ុស្ដិ​នគរបាល​រដ្ឋបាល គណៈកម្មការ​សហគមន៍​នេសាទ​ស្រី​ចឹក និង​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោក ឌុ​ក សុខា ប្រធាន​សហគមន៍​នេសាទ​ស្រី​ចឹក​បាន​ប្រាប់​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ប្រគល់​សត្វ​អណ្ដើក​ជូន​សហគមន៍​នេសាទ​ស្រី​ចឹក យក​មក​ព្រ​លែង​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​ព្រែក​តា​ចាន់ សរុប​ទាំង​២​លើក​នេះ​ជិត​៣០០​ក្បាល​ហើយ​។ កូនអណ្ដើក​ទាំងនេះ​បាន​មក​ពី​ប្រជាពលរដ្ឋ​ស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន យក​មក​ប្រគល់​ឲ្យ​រូប​លោក ព្រោះ​ដឹង​ថា​លោក​ជា​អភិបាលខេត្ត ដែល​មាន​សន្តាន​ចិត្ត​គិតគូរ ថែរក្សា និង​អភិរក្ស​សត្វ​អណ្ដើក ដែល​ជា​សត្វ​កម្រ​និង​ជិត​ផុត​ពូជ ដោយសារ​តែ​ជន​ប្រព្រឹត្ត​បទល្មើស ។

លោក​មាន​មោទនភាព​ណាស់ ដែល​អភិបាលខេត្ត​ផ្ដល់​អាទិភាព និង​មាន​ទំនុកចិត្ត​មក​លើ​សហ​គមន៍​នេសាទ​ស្រី​ចឹក ស្រុក​កណ្ដៀង ក្នុង​ចំណោម​សហគមន៍​នេសាទ​ជា​ច្រើន​ទៀត ក្នុង​ខេត្តពោធិ៍​សាត់ ។

លោក​ឲ្យ​ដឹង​ថា សហគមន៍​នេសាទ​ស្រី​ចឹក​មាន​ផ្ទៃដី​ទទឹង​ប្រវែង​៤៥​ម៉ែត្រ បណ្ដោយ​១៦០០​ម៉ែត្រ ស្មើនឹង​ប្រមាណ​០៧​ហិ​កតា​។ ក្នុង​ទឹក​មាន​ដាក់​លូ​សិប្បនិមិត្ត គល់ឈើ​ធំ​ៗ​និង​បង្គោល​ជ្រុំ នៅ​ជុំវិញ​មាន​ព្រៃរនាម​ដុះ​ស្នាប់​តាម​មាត់​ព្រែក ដែល​ជា​ជម្រក​ត្រី​ពង​កូន​រស់នៅ​យ៉ាង​សុខសាន្ត​។

លោក​ប្រធាន​សហគមន៍ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដែល​លោក​តែងតែ​គិតគូរ​ផលប្រយោជន៍​ជាតិ និង​ទុក្ខ​លំបាក​ប្រជាជន​ជា​ធំ​។ លោក​នឹង​ខិតខំ​ការពារ​សត្វ​អណ្ដើក​ទាំងនេះ​ឲ្យ​នៅ​គង់វង្ស ហើយ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជួយ​ថែរក្សា​ការពារ​ធនធាន​ជលផល​ឲ្យ​នៅ​គង់វង្ស​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ