អតីតគ្រូជម្រើសជាតិចិនសារភាពថា សូកលុយយកតំណែងនេះ និងកំណត់លទ្ធផលប្រកួត
ចិន ៖ អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន លោក Li Tie បានសារភាពតាមកញ្ចក់
ចិន ៖ អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន លោក Li Tie បានសារភាពតាមកញ្ចក់
ចិន ៖ អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន លោក Li Tie បានសារភាពតាមកញ្ចក់ទូរទស្សន៍ថា គាត់បានសូកប៉ាន់ប្រាក់រាប់សែនដុល្លារ ដើម្បីទទួលបានតំណែងពិសេសមួយនេះ ក៏ដូចជាជាប់ពាក់ព័ន្ធក្នុងការកំណត់លទ្ធផលប្រកួតផងដែរ។ នេះបើយោងតាមប្រភពពី AFP ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
វិស័យកីឡាបាល់ទាត់របស់ប្រទេសចិន បានស្ថិតនៅក្នុងកណ្តាប់ដៃយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏សំខាន់មួយ ដែលត្រូវបានមើលឃើញថាតួលេខឈានមុខគេ ដែលត្រូវស៊ើបអង្កេត ឬចោទប្រកាន់។
លោក Li Tie អតីតខ្សែបម្រើក្រុមជម្រើសជាតិចិន និងក្លិប Everton ដែលធ្លាប់ជាគ្រូបង្វិកក្រុមជម្រើសជាតិចិន ត្រូវបានដាក់ស្ថិតក្រោមការស៊ើបអង្កេតក្នុងឆ្នាំ ២០២២ ដែលត្រូវបានចោទប្រកាន់ដោយអាជ្ញាធរពីបទបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។ ទោះយ៉ាងណាគ្មានព័ត៌មានលម្អិតណាមួយអំពីករណីនេះឡើយ រហូតទាល់តែគាត់សារភាពនៅយប់ថ្ងៃទី៩ ខែមករាថ្មីៗនេះ ដែលជាផ្នែកនៃភាពយន្តឯកសារប្រឆាំងអំពើពុករលួយ ដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋចិន CCTV ។ CCTV ផ្សាយជាទៀងទាត់នូវចម្លើយសារភាពរបស់ជនសង្ស័យឧក្រិដ្ឋជន រួមទាំងអតីតមន្ត្រី មុនពេលពួកគេបង្ហាញខ្លួនក្នុងតុលាការ និងជាការអនុវត្តដ៏ម៉ឺងម៉ាត់ ដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយក្រុមសិទ្ធិមនុស្ស។
លោក Li សារភាពថា គាត់បានរៀបចំប្រាក់សំណូកជិត ៤២១,០០០ដុល្លារអាមេរិក ដើម្បីទទួលបានតំណែងគ្រូបង្វឹកជម្រើសជាតិចិន ហើយគាត់បានជួយក្នុងការកំណត់លទ្ធផលប្រកួតផងដែរ អំឡុងពេលនោះ។ បុរសវ័យ៤៦ឆ្នាំរូបនេះបន្តថា «ខ្ញុំសោកស្ដាយណាស់ ខ្ញុំគួរតែក្រាបក្បាលដល់ដី ហើយដើរតាមផ្លូវត្រូវ។ ហើយវាមានរឿងមួយចំនួន ដែលនៅពេលនោះជាទម្លាប់ទូទៅក្នុងបាល់ទាត់ចិន»។
នៅពេលគាត់បានចូលកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិក្នុងខែមករា ឆ្នាំ២០២០ លោក Li បានប្រកាសថា គាត់បានសម្រេចបានក្តីសុបិនដ៏ធំបំផុតរបស់គាត់។ នៅក្នុងវីដេអូឯកសារនោះ ក៏បានរៀបរាប់ថា លោក Li បានស្នើក្លិបបាល់ទាត់ Wuhan Zall ដែលគាត់ធ្លាប់ធ្វើជាគ្រូបង្វឹកនៅទីនោះ ដើម្បីអន្តរាគមន៍ជំនួសគាត់ជាមួយសមាគមបាល់ទាត់ចិន ដោយសន្យាថានឹងផ្តល់ជូនប្រាក់ជាទីគាប់ចិត្ត។
ជាក់ស្តែង ក្លិប Wuhan Zall ពិតជាបានបង់ប្រាក់ចំនួន២លានយ័ន ដែលស្មើនឹង ២៨១,០០០ដុល្លារអាមេរិកជាសំណូកដល់លោក Chen Xuyuan ដែលពេលនោះគឺជាប្រធានសមាគមបាល់ទាត់ចិន ហើយឥឡូវនេះក៏ទទួលរងការស៊ើបអង្កេតអំពើពុករលួយផងដែរ។ លោក Li បាននិយាយផងដែរថា គាត់បានផ្តល់ប្រាក់១លានយន់ពីហោប៉ៅផ្ទាល់ខ្លួនទៅឱ្យអគ្គលេខាធិការសមាគមបាល់ទាត់ចិន។
បន្ទាប់ពីត្រូវបានតែងតាំងតំណែងដ៏សំខាន់នេះ កីឡាកររបស់ក្លិប Wuhan Zall ចំនួន៤នាក់ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ បើទោះជាពួកគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងកម្រិតជាប់ជម្រើសជាតិយ៉ាងណាក៏ដោយ។ ទីបំផុតចិនបានបរាជ័យក្នុងការប្រកួតជម្រុះប្រចាំតំបន់ព្រឹត្តការណ៍ World Cup 2022 ហើយលោក Li បានលាលែងពីតំណែងនៅឆ្នាំ ២០២១។ ទីភ្នាក់ងារជាតិប្រឆាំងនឹងអំពើពុករលួយក៏បានចាប់ផ្តើមការស៊ើបអង្កេតលើគាត់នៅចុងឆ្នាំ ២០២២ ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ និងនាយកប្រតិបត្តិសមាគមបាល់ទាត់ចិនប្រហែល ១០នាក់ក៏ត្រូវបានបណ្តាញចេញពីតំណែងចាប់តាំងពីពេលនោះ រួមទាំងលោក Chen Xuyuan ផងដែរ។ លោក Chen ត្រូវបានចោទប្រកាន់កាលពីខែកញ្ញាឆ្នាំមុនពីបទពុករលួយ ដោយបានសារភាពនៅក្នុងភាពយន្តឯកសារទូរទស្សន៍ថា បានទទួលយកប្រាក់យ៉ាងច្រើនពីអ្នកដែលចង់ទទួលបានផលប្រយោជន៍ពីគាត់។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានពណ៌នាថា លោកគឺជាអ្នកគាំទ្របាល់ទាត់ ហើយមានសុបិនចង់ឱ្យប្រទេសចិនធ្វើជាម្ចាស់ផ្ទះ និងឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅថ្ងៃណាមួយ។ ប៉ុន្តែមហិច្ឆតាក្នុងការអភិវឌ្ឍក្រុមបាល់ទាត់បុរសឱ្យក្លាយជាក្រុមដ៏ខ្លាំងបំផុតរបស់ពិភពលោកមិនបានសម្រេចឡើយ៕ (ប្រភព ៖ AFP)
ចែករំលែកព័តមាននេះ