ខេត្តបន្ទាយមានជ័យ ៖ ក្នុងរយៈពេលតែមួយថ្ងៃកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងនគរបាលស្រុកអូរជ្រៅ និងស្រុកថ្មពួក បានធ្វើការបង្ក្រាបករណីលក់ចែកចាយគ្រឿងញៀនដោយចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ និងរឹបអូសវត្ថុតាងថ្នាំញៀនជាច្រើនរយគ្រាប់កាលពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០១១ ។
លោកអនុសេនីយ៍ឯក ធិន ស៊ីនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀនស្តីទីបានរៀបរាប់ថា ជានិច្ចកាលលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យបង្ក្រាបរាល់បទល្មើសគ្រឿងញៀនចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។ ក្នុងនោះក៏មានការចង្អុលណែនាំជាប្រចាំពីលោកវរសេនីយ៍ទោ ឆេន ឈួត ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលនគរបាលយុត្តិធម៌ ឱ្យកម្លាំងជំនាញសហការជាមួយបណ្តាកម្លាំងនគរបាលមូលដ្ឋាន ចុះប្រតិបត្តិការបង្ក្រាបករណីលក់ចែកចាយគ្រឿងញៀន ។
ជាលទ្ធផល នៅវេលាម៉ោង២និង១៣នាទីរសៀល ថ្ងៃទី២៤ ឧសភា ឆ្នាំ២០១១ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកអូរជ្រៅ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាម្តាយនិងកូនគឺឈ្មោះអ៊ិត ប៊ុនស្រី អាយុ៤៩ឆ្នាំ ជាម្តាយ និងកូនស្រីឈ្មោះអ៊ិត សាខន អាយុ២២ឆ្នាំ។ ជនសង្ស័យទាំង២នាក់ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ជាមួយនឹងការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៩គ្រាប់ ។ ជនសង្ស័យទាំង២នាក់ម្តាយនិងកូន រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ ។
ដោយឡែកនៅថ្ងៃដដែលនេះផងដែរ កម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងនគរបាលស្រុកថ្មពូក បានបង្ក្រាបករណីលក់ចែកចាយគ្រឿងញៀន២ករណី ដោយឡែកពីគ្នា និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ។
ករណីទី១ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ម្នាក់ឈ្មោះមឿយ រស់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២០២គ្រាប់ និងម្នាក់ទៀតឈ្មោះខ្វាវ វណ្ណា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣គ្រាប់ ។
ករណីទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះមឿន ម៉ូ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១២០គ្រាប់ ។ លោកវរសេនីយ៍ទោ ឆេន ឈួត ស្នងការរងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌បានបញ្ជាក់ថា ក្នុងរយៈពេល១ថ្ងៃកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលមូលដ្ឋានបង្ក្រាបករណីលក់ចែកចាយគ្រឿងញៀនដោយចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ស្រី២នាក់ និងដកហូតវត្ថុតាងថ្នាំញៀនសរុប៣៤៤គ្រាប់ ហើយបច្ចុប្បន្នកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ។
គួររំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ឧសភា កម្លាំងជំនាញបានសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាស្ត្រីឈ្មោះរឿន ចំរើន អាយុ៣៧ឆ្នាំ នៅភូមិកសិណ ឃុំថ្មពួក ដកហូតបានវត្ថុតាងថ្នាំញៀនចំនួន១៣គ្រាប់កន្លះ ដែលបច្ចុប្បន្នបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕
ចែករំលែកព័តមាននេះ