ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលកំពុងតាមដានក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងសង្គមនានាជ្រាបថា កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹក មានប្រជាពលរដ្ឋប្រមាណ២៤០នាក់ មកពីឃុំស្រែជិះ និងឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានកៀងគរប្រមូលផ្តុំគ្នាតវ៉ាក្នុងដីសហគមន៍ព្រៃឈើរលួស ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងស្រុកបានចុះទៅសម្រប សម្រួលដោះស្រាយភ្លាមៗ ជាលទ្ធផលដូចខាងក្រោម៖

១-គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងបន្តកាន់កាប់ និងអាស្រ័យផលជាធម្មតា។ ២-បងប្អូនប្រជាពលរដ្ឋបានព្រមព្រៀង កាន់កាប់ប្រើប្រាស់ និងអាស្រ័យផលក្នុងដីសហគមន៍ព្រៃឈើ តែលើដីជាក់ស្តែងរបស់ខ្លួន និងមិនបន្តចូលកាប់រើរានទន្ទ្រានដីសហគមន៍ព្រៃឈើបន្ថែមទៀតឡើយ ។
៣-ចំពោះដីព្រៃដែលបងប្អូនប្រជាពលរដ្ឋកំពុងកាប់រើរានទន្ទ្រាន និងដាំបង្គោលរបងហ៊ុមព័ទ្ធដោយមិនមានការប្រើប្រាស់ និងដាំដុះដំណាំជាក់ស្តែង បងប្អូនប្រជាពលរដ្ឋបានយល់ព្រមរុះរើបង្គោលរបងដោយស្ម័គ្រចិត្ត និងប្រគល់ដីនេះជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តគ្រប់គ្រងវិញ។

រដ្ឋបាលខេត្តក្រចេះ សូមបញ្ជាក់ជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ជ្រាបថា ករណីខាងលើនេះបានសម្របសម្រួល និងដោះស្រាយបញ្ចប់ជាមួយបងប្អូនប្រជាពលរដ្ឋដែលតវ៉ាប្រមាណ២៤០នាក់រួចហើយជាលទ្ធផលបងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ ទទួលយកនូវដំណោះស្រាយ និងព្រមព្រៀងស្ម័គ្រ ចិត្តក្នុងការបន្តកាន់កាប់ ប្រើប្រាស់ដី និងអាស្រ័យផលជាក់ស្តែងលើដីក្នុងតំបន់សហគមន៍ព្រៃឈើរលួស ស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងមិនបន្តចូលកាន់កាប់រានទន្ទ្រានដីសហគមន៍ព្រៃឈើបន្ថែមទៀតឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលកំពុងតាមដានក្នុងបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងសង្គមនានា មេត្តាជ្រាបជាព័ត៌មាន៕



ចែករំលែកព័តមាននេះ