ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រឡង​ធ្វើ​ពេទ្យ បើ​រក​ឃើញ​ក្លែងបន្លំ​សញ្ញាបត្រ​បាក់​ឌុ​ប នឹង​ត្រូវ​ដាក់គុក​ពី​៥​ទៅ​១០​ឆ្នាំ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ សម្រាប់​ការ​បណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល បាន​ប្រកាស​មិន​លើកលែង មិន​យោគយល់ មិន​អត់អោន និង​មិន​អនុគ្រោះ​ឡើយ ចំពោះ​បុគ្គល​ជា​បេក្ខជន​ណា​បាន​ប៉ុនប៉ង ឬ​ក្លែងបន្លំ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ សម្រាប់​ការ​បណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល បាន​ប្រកាស​មិន​លើកលែង មិន​យោគយល់ មិន​អត់អោន និង​មិន​អនុគ្រោះ​ឡើយ ចំពោះ​បុគ្គល​ជា​បេក្ខជន​ណា​បាន​ប៉ុនប៉ង ឬ​ក្លែងបន្លំ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឬ​ឯកសារ​សាធារណៈ​ពាក់ព័ន្ធ​ដទៃ​ទៀត ក្នុង​ការ​ដាក់​ពាក្យ​ចូលរួម​ប្រឡង​ថ្នាក់​ជាតិ ដោយ​ដាក់ទោស​ពី​៥ ទៅ​១០​ឆ្នាំ ។

តាម​រយៈ​សេចក្ដី ប្រកាស​ព័ត៌មាន​របស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នា​ថ្ងៃ​ទី​១០ មក​រា បាន​ឲ្យ​ដឹង​ថា កន្លង​មក គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ សម្រាប់​ការ​បណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល ធ្លាប់​បាន​រក​ឃើញ​មាន​និស្សិត​ក្លែងបន្លំ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី ឈ្មោះ​និស្សិត​ប្រឡង​ជ្រើសរើស​ជាប់​ចូល​រៀន នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល​នានា ជា​បន្តបន្ទាប់ ។

ក្នុង​គោលបំណង​បញ្ចប់​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ មាន​ជា​អាទិ៍ ៖ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ លើកកម្ពស់​កិត្យានុភាព​គ្រូពេទ្យ និង​លើកកម្ពស់​តម្លៃ នៃ​សីលធម៌​សេចក្តី​ថ្លៃថ្នូរ​ក្នុង​សង្គម ចាប់ពី​ឆ្នាំ​សិក្សា ២០២៣-២០២៤ តទៅ គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ នឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​បទបញ្ជា​នានា ដោយ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ តាម​បញ្ញត្តិ​មាត្រា ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ ស្តី​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ចែង​ថា ៖ «​ការ​ក្លែងបន្លំ ប្រព្រឹត្ត​នៅ​ក្នុង​លិខិតយថាភូត ឬ​ការ​ក្លែងបន្លំ​ប្រព្រឹត្ត​នៅ​ក្នុង​ឯកសារ ដែល​ចេញ​ឱ្យ​ដោយ​រាជការ​សាធារណៈ ដើម្បី​ធ្វើការ​កត់សម្គាល់​សិទ្ធិ​អត្តសញ្ញាណ ឬ​ឋានៈ ឬ​ដើម្បី​យល់ព្រម​ផ្តល់​ការ​អនុញ្ញាត ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី​៥ ទៅ ១០​ឆ្នាំ​» ។

គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ គូសបញ្ជាក់​ថា «​ដោយ​មិន​លើកលែង មិន​យោគយល់ មិន​អត់អោន មិន​អនុគ្រោះ​ឡើយ ចំពោះ​បុគ្គល​ជា​បេក្ខជន ដែល​បាន​ប៉ុនប៉ង ឬ​ក្លែងបន្លំ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ឯកសារ​សាធារណៈ​ពាក់ព័ន្ធ​ដទៃ​ទៀត តាម​រូបភាព​ណា​ក៏​ដោយ ក្នុង​ការ​ដាក់​ពាក្យ​ចូលរួម​ប្រឡង​ថ្នាក់​ជាតិ​និស្សិត​ដែល​ធ្លាប់​ត្រូវ​បាន​គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ និស្សិត​ប្រឡង​ជ្រើសរើស​ជាប់​កន្លង​ទៅ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដាក់​ពាក្យ​ចូលរួម​ប្រឡង​ថ្នាក់​ជាតិ​ជា​ថ្មី ឡើង​វិញទៀត​ឡើយ​» ។

គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ បន្ដ​ថា អំពើ​នៃ​ការ​ក្លែង​ឯកសារ​សាធារណៈ ទោះបី​បាន​ទទួល​សញ្ញាបត្រ​ចេញ​ទៅ​ប្រកប​វិជ្ជាជីវៈ​ពេទ្យ ហើយ​ក៏​ដោយ ប្រសិនបើ រក​ឃើញ​ថា មានការ​ប្រើ​ឯកសារ​ក្លែងបន្លំ នឹង​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច ដកហូត​សញ្ញាបត្រ​នៅ​ពេល​ណា​ក៏​បាន​ដោយ​មិន​គិត​ពី​រយៈពេល​សោះឡើយ​។ អំពើ​នៃ​ការ​ប្រើប្រាស់​ឯកសារ សាធារណៈ​ក្លែងបន្លំ​នឹង​ត្រូវ​គិត​អាជ្ញា​យុ​កាល ចាប់ពី​ថ្ងៃ​ដែល​ត្រូវ​បាន​រក​ឃើញ​ឯកសារ​ជា​កម្មវត្ថុ នៃ​អំពើ​ល្មើស នោះ​តទៅ​(​មិន​គិត​ពី​ថ្ងៃ​ដែល​បាន​ប្រព្រឹត្ត​នោះ​ទេ​) ។

ជាមួយ​គ្នា​នោះ​ដែរ គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ ស្នើ​សុំ​សិស្សានុសិស្ស ដែល​មាន​ឯកសារ​ក្លែងក្លាយ និង​មាន​បំណង​ដាក់​ពាក្យ​ចូលរួម​ការ ប្រឡង​ថ្នាក់​ជាតិ សូម​កុំមក​ដាក់​ពាក្យ​ប្រឡង​ចូល​រៀន​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល​នានា ដែល​នឹង​នាំ​ឱ្យ​មាន​ផលវិបាក​កើតឡើង​ដល់​ខ្លួនឯង ហើយ​នាំ​ឱ្យ​ខាតបង់​ពេលវេលា ថវិកា​ខ្លួនឯង និង​ក្រុម​គ្រួសារ​ទាំងមូល ព្រមទាំង​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​ផ្ទាល់​ខ្លួនឯង​ទៀត​ផង​។ សិស្សានុសិស្ស ដែល​មិន​មាន​សញ្ញាបត្រ​ទុតិយភូមិ​អាច​អញ្ជើញ​ទៅ​ដាក់​ពាក្យ​ប្រឡង​នៅ​ផ្នែក ឬ​វិស័យ​ផ្សេង​ទៀត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ