រាជធានីភ្នំពេញ ៖ យន្តហោះពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដើម្បីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា ។
ក្រោមប្រធានបទ «បរិយាបន្ន និងចីរភាព កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញការកសាងសហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ការប្តេជ្ញាចិត្តរួមគ្នារបស់តំបន់អាស៊ានដែលប្រកបដោយភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្ដោតលើប្រជាជនជាចម្បង ។

កិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងផ្តល់វេទិកាសម្រាប់អាស៊ានក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏ដូចប្រាស្រ័យទាក់ទងជាមួយ GCC និងប្រទេសចិនលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅចំពោះមុខការប្រែប្រួលទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីលើបញ្ហាដែលមានផលប្រយោជន៍ និងក្នុងក្តីបារម្ភរួម ៕



ចែករំលែកព័តមាននេះ