រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារម១ ព្រៃស ជាបណ្តោះអាសន្ន ដោយរង់ចាំពេលវេលាសវនាការជំនុំជម្រះទោសទៅតាមផ្លូវច្បាប់ ។
តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកស្រីចៅក្រមស៊ើបសួរបានបញ្ជាក់ថា បានឃើញសំណុំរឿងស៊ើបសួរលេខ ៥៥៥៩ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទងនឹងឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ឆ្នាំ១៩៨៩ មុខរបរ ពាណិជ្ជករ ទីលំនៅមុនពេលឃាត់ខ្លួននៅផ្ទះលេខ៦២LM ផ្លូវលេខ២០៥ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រពន្ធ(លែងលះ) មានកូន៤នាក់ ។
ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ ។ ដីកាសម្រេច បង្គាប់ឲ្យឃុំខ្លួនឈ្មោះ ហេង សិទ្ធី ដាក់ពន្ធនាគារម១ (មណ្ឌលអប់រំកែប្រែទី១) ព្រៃស ជាបណ្តោះអាសន្ន ។
យោងតាមមាត្រា ៣៧២ និយមន័យនៃការគំរាមកំហែងហែកកេរ្តិ៍ អំពើគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើប្រព្រឹត្តិដោយំរាមកំហែងបើកកកាយឬទម្លាក់កំហុសទៅលើអំពើដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អាន ដើម្បីទទួលបាននូវ ៖
១-ហត្ថលេខា ឬស្នាមមេដៃ ។
២-ការសន្យា ឬការបោះបង់ចោលអ្វីមួយ ។
៣-ការបង្ហាញអាថកំបាំងណាមួយ ។
៤-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។
មាត្រា ៣៧៤ ស្ថានទម្ងន់ទោសដោយសារការអនុវត្តជាក់ស្តែងនូវការគំរាមកំហែង កាលបើអំពើគំរាមកំហែង ឬការទម្លាក់កំហុសដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អាន ត្រូវបានសម្តែងចេញជាអំពើជាក់ស្តែង ចារីត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ៕









ចែករំលែកព័តមាននេះ