រាជធានីភ្នំពេញ ៖ ការរស់នៅប្រកបដោយសុខភាពល្អ គឺជាបំណងប្រាថ្នាទូទៅរបស់មនុស្សគ្រប់រូប ។ ស្ទើរតែពេញមួយជីវិត យើងបានប្រឹងប្រែងរកស៊ី ខំធ្វើការរកប្រាក់ចំណូលយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ បំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ និងបង់ថ្លៃសេវាផ្សេងៗទៀត ។ ហើយជួនកាល សឹងតែលះបង់ពេលវេលាទាំងអស់ ដល់ថ្នាក់មិនបានយកចិត្តទុកដាក់នឹងខ្លួនឯង រហូតសុខៗធ្លាក់ខ្លួនឈឺក៏មានដែរ ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានចែករំលែកនូវចំណេះដឹង និងសារដាស់តឿនក្រឿនរំលឹកបងប្អូននៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គដោយសរសេរថា «ខំរកទ្រព្យផង ថែរក្សាសុខភាពផ្លូវចិត្តផង ទើបប្រសើរ ។
ជាការពិតណាស់ ការមើលថែសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាកាតព្វកិច្ចសំខាន់បំផុតដែលយើងមិនគួរមើលរំលង ។ បើស្រលាញ់ខ្លួនឯង យើងត្រូវមើលថែខ្លួនឯងឲ្យបានល្អ ដោយការគេងឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារល្អបំប៉នសុខភាព ធ្វើលំហាត់ប្រាណជាប្រចាំ និងកាត់បន្ថយទទួលទានអាហារដែលប៉ះពាល់ដល់សុខភាព ដូចជាស្រា បារី អាហារមានជាតិខ្លាញ់ជាដើម។

ជាមួយគ្នានោះដែរ អ្នកឯកទេសខាងសុខភាពផ្លូវចិត្ត បានឯកភាពគ្នាជាទូទៅថា អ្នកដែលមានសុខភាពផ្លូវចិត្តល្អ គឺជាបុគ្គលដែលមានអារម្មណ៍ជ្រះថ្លា មានអាកប្បកិរិយា និងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន មានសមត្ថភាពអាចដោះស្រាយបញ្ហា ឬវិបត្តិផ្សេងៗដោយអារម្មណ៍វិជ្ជមាន និងអាចបំពេញការងារក្នុងជីវិតរស់នៅបានយ៉ាងល្អប្រសើរ ។

បន្ថែមពីនេះទៀត សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ។ បុគ្គលដែលមានសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយមាំមួន ពុំមានជម្ងឺដម្កាត់ប្រចាំកាយ រមែងញ៉ាំងឲ្យជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយសេចក្ដីសុខ និងភាពស្រស់ថ្លាជាប្រចាំ។
លើសពីនេះទៀត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ យុវជនគ្រប់ៗរូបត្រូវតែចេះថែទាំសុខភាពរបស់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរ ។ ការបង្កើនចំណេះដឹងអំពីរបៀបថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត គឺជាវិធីមួយចាំបាច់បំផុតសម្រាប់យុវជនគ្រប់រូបក្នុងការឈានទៅផ្លាស់ប្ដូរនូវអាកប្បកិរិយា និងឥរិយាបថ ព្រមទាំងទង្វើផ្សេងៗដែលមានលក្ខណៈអវិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីឲ្យក្លាយទៅជាចំណែកមួយយ៉ាងសំខាន់នៃការថែទាំសុខភាពបឋម ៕
ចែករំលែកព័តមាននេះ