ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ទ្វារ​យន្តហោះ​ក្រោយ​ផ្ទះ​គ្រូបង្រៀន​ម្នាក់ ក្រោយ​របើក​ធ្លាក់ ខណៈ​កំពុង​ហោះហើរ

3 ខែ មុន

ទ្វារ​យន្តហោះ Boeing 737 Max 9 ដែល​បាន​ដាច់​ចេញពី​យន្តហោះ​កំឡុង​ពេល​កំពុង​តែ​ហោះហើរ​ក្នុង​រយៈកម្ពស់​៥០០០​ម៉ែត្រ កាលពី​ថ្ងៃ​ទី​៥ ខែមករា នោះ ពេល​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ហើយ គឺ​នៅ​ខាងក្រោយ​ផ្ទះ​គ្រូបង្រៀន​ម្នាក់

បរទេស ៖ ទ្វារ​យន្តហោះ Boeing 737 Max 9 ដែល​បាន​ដាច់​ចេញពី​យន្តហោះ​កំឡុង​ពេល​កំពុង​តែ​ហោះ​ហើរ​ក្នុង​រយៈកម្ពស់​៥០០០​ម៉ែត្រ កាលពី​ថ្ងៃ​ទី​៥ ខែមករា នោះ ពេល​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ហើយ គឺ​នៅ​ខាងក្រោយ​ផ្ទះ​គ្រូបង្រៀន​ម្នាក់ ស្ថិត​ក្នុង​ទីក្រុង Portland​។

បើ​តាម​អ្នកស្រី Jennifer Homendy ប្រធាន​ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​សហរដ្ឋអាមេរិក បាន​និយាយ​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ ឱ្យ​ដឹង​ថា «​បន្ទះ​ទ្វារ​នេះ ត្រូវ​បាន​រក​ឃើញ​វិញ​កាលពី​ថ្ងៃអាទិត្យ ដោយ​​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ទីធ្លា​ខាងក្រោយ​ផ្ទះ​របស់​គាត់ ស្ថិត​ក្នុង​សង្កាត់ Cedar Hills ទីក្រុង Portland រដ្ឋ​អូ​រី​ហ្គោ​ន សហរដ្ឋអាមេរិក​»​។

អ្នកស្រី Jennifer Homendy បន្ត​ថា «​ក្រោយ​ឧ​ប​ទេវ​ហេតុ​របើក​ផ្ទាំង​បង្អួច​ចេញពី​យន្តហោះ​នេះ ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​សហរដ្ឋអាមេរិក បាន​បញ្ជូន​មន្ត្រី​ទៅ​ត្រួតពិនិត្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Alaska Airlines ខណៈ​អាជ្ញាធរ​ត្រួតពិនិត្យ​របស់​សហរដ្ឋអាមេរិក បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​ហោះហើរ នៃ​យន្តហោះ​ដឹក​អ្នកដំណើរ Boeing 737 MAX 9 មួយ​ចំនួន ដើម្បី​ឆែក​មើល​សុវត្ថិភាព​»​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​សុក្រ បង្អួច​មួយ​ផ្ទាំង​នៅ​ផ្នែក​ខាងឆ្វេង​នៃ​តួខ្លួន​យន្តហោះ Boeing 737 MAX 9 មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Alaska Airlines បាន​ប៉ើង​របើក​បាត់​ពី​យន្តហោះ ក្រោយ​ពី​ហោះ​ឡើង​មិន​បាន​យូរ​ប៉ុន្មាន ចេញពី​ទីក្រុង Portland រដ្ឋ Oregon សំដៅ​ឆ្ពោះទៅ​កាន់​ទីក្រុង Ontario រដ្ឋ California ក្នុង​រយៈកម្ពស់​៥០០០​ម៉ែត្រ ជា​ហេតុ​បង្ខំ​ឱ្យ​ក្រុម​អាកាសយានិក បញ្ជា​យន្តហោះ​បក​ក្បាល​ត្រឡប់​ទៅ​ក្រោយ​វិញ​។

តាម​រយៈ​រូបភាព​ពី​អ្នកដំណើរ​នៅ​លើ​នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​ទ្វារ​យន្តហោះ​មួយ​របូត​ចេញពី​យន្ត​ហោះ ខណៈ​មាន​អ្នកដំណើរ​ចំនួន​១៧១​នាក់ និង​សមាជិក​ក្រុម​យានិក​ចំនួន​៦​នាក់​នៅ​លើ​នោះ ។ ក្រោយ​ពី​ទ្វារ​របូត ក្នុង​យន្តហោះ​មាន​ខ្យល់កួច បណ្ដាល​ឲ្យ​អ្នកដំណើរ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ប៉ុន្តែ​ជា​សំណាងល្អ ខណៈ​ពេល​ទ្វារ​របូត​នោះ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​នៅ​ជាប់មាត់​ទ្វារ​នោះ​ឡើយ ហើយ​ក្រោយមក​យន្តហោះ​នោះ​ក៏​បាន​ចុះ​ចត​បន្ទាន់​ដោយ​សុវត្ថិភាព​។

ក្រុម​អ្នកស៊ើប​អង្កេត បាន​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍ Alaska Airlines ទើបតែ​ទទួល​បាន​យន្ត​ហោះ Boeing ដែល​របូត​ទ្វារ​នេះ កាលពី​ខែតុលា​ប៉ុណ្ណោះ ហើយ​បើ​គិត​មក​ដល់​ពេល​ដែល​យន្តហោះ​កើត​មាន​បញ្ហា​ខាងលើ គឺ​យន្តហោះ​នេះ​ទើបតែ​ដំណើ​ការ​ហោះហើរ​បាន​ត្រឹមតែ​៨​ស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ​។

ក្រោយ​ការ​ស៊ើបអង្កេត​បឋម រក​ឃើញ​ថា ខ្ចៅ​យន្តហោះ Boeing 737 MAX 9 ភាគច្រើន គឺ​រលុង​។ ហើយ​​ក៏​មាន​សេចក្តីរាយការណ៍​ទៀត​ថា ក្រុមហ៊ុន​អាកាសចរណ៍ United Airlines ក៏​បាន​រក​ឃើញ​ខ្ចៅ​ទ្វារ​យន្តហោះ​រលុង​ដូច​គ្នា​ដែរ ហើយ​បញ្ហា​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​។

បញ្ហា​មួយទៀត ដែល​រង​ការ​រិះគន់ គឺ​ប្រអប់​ខ្មៅ​សម្រាប់​ថត​សំឡេង​ក្នុង​កាប៊ី​ន​យន្តហោះ​មិន​មាន​ព័ត៌មាន​អ្វី​ទាំងនោះ​ក្នុងអំឡុងពេល​កើតហេតុ ដោយសារ​តែ​ទិន្នន័យ​ទាំងអស់​នឹង​ត្រូវ​បាន​លុប​ចោល​​ដោយ​ស្វ័យប្រវត្តិ​រៀង​រាល់​២​ម៉ោង​ម្តង​។ បញ្ហា​នេះ ធ្វើ​ឲ្យ​មានការ​អំពាវនាវ​ឲ្យ​អា​មេ​រិ​ក គិតគូរ​ឡើង​វិញ​ពី​ស្តង់ដារ​នៃ​ការ​ថត​សំឡេង​របស់​ប្រអប់​ខ្មៅ ដែល​គួរតែ​រក្សា​ទុក​ទិ​ន្និ​ន័យ​ទាំងអស់​អោយ​យូរ​ដល់​២៥​ម៉ោង ស្រ​ដៀង​នឹង​ស្តង់​ការ​នៅ​អឺរ៉ុប​។

គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ ក្រុមហ៊ុន​អាកាសចរណ៍ Alaska Airlines បាន​លុប​ចោល​ជើង​ហោះហើរ​ចំនួន ១៧០ ដែល​ប៉ះពាល់​ដល់​អ្នកដំណើរ​ចំនួន ២៥,០០០​នាក់ ខណៈ​ដែល United Airlines បាន​លុប​ចោល​ជើងហោះហើរ​ចំនួន ២៣០ ឬ ៨​ភាគរយ​នៃ​ជើងហោះហើរ​ទាំងអស់​ដែល​បាន​គ្រោងទុក​។

គួរ​រំលឹក​ថា កាលពី​៥​ឆ្នាំ​មុន យន្តហោះ​ប្រភេទ MAX របស់​ក្រុមហ៊ុន Boeing ធ្លាប់​ត្រូវ​បាន​ដាក់​ឱ្យ​បញ្ឈរ​ជើង​នៅ​ទូ​ទាំង​ពិភពលោក អស់​រយៈពេល​ប្រហែល​២០​ខែ ក្រោយ​ករណី​ធ្លាក់​យន្តហោះ​ប្រភេទ​នេះ ចំនួន​២​គ្រឿង ហើយ​បាន​ផ្តាច់​ជី​វិ​.​តមនុស្ស​សរុប​ជិត​៣៥០​នាក់ នៅ​ឯ​ប្រទេស​អេ​ត្យូ​ពី និង​ឥណ្ឌូ​ណេ​ស៊ី​៕

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ