ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ស្នើ​ដល់​អភិបាល​រាជធានី​-​ខេត្ត ត្រៀម​ពង្រឹង​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​រដូវប្រាំង ចាប់ពី​ខែធ្នូ ដល់​ខែមេសា លទ្ធផល​គុណភាព​ខ្យល់ ដែល​ក្រសួងបរិស្ថាន​បាន​ធ្វើការ​តាមដាន​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​រដូវប្រាំង ចាប់ពី​ខែធ្នូ ដល់​ខែមេសា លទ្ធផល​គុណភាព​ខ្យល់ ដែល​ក្រសួងបរិស្ថាន​បាន​ធ្វើការ​តាមដាន​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស បាន​បង្ហាញ​ថា ស្ថានភាព​គុណភាព​ខ្យល់​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ ជា​ពិសេស​កំណើន​កំហាប់​ភាគល្អិត​និចល អណ្ដែត​ក្នុង​ខ្យល់ (PM10 និង​PM2.5) អាច​មាន​កម្រិត​លើស​ស្តង់ដារ​កំណត់ ដែល​ជា​ហានិភ័យ​បង្ក​ការ​ប៉ះពាល់​សុខភាព ប្រជាពលរដ្ឋ និង​បរិស្ថាន ។

តាម​ការ​អង្កេត​ប្រភព និង​សកម្មភាព​សំខាន់​ៗ​ដែល​បង្ក​ឱ្យ​មាន​កំណើន​កំហាប់ ភាគល្អិត​និចល​នេះ​រួម​មាន​៖ ការ​បញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម យានយន្ត ជា​ពិសេស​ភ្លើង​ឆេះ​ព្រៃ ការ​ដុត​វាលស្មៅ ការ​ដុត​សំណល់​កសិកម្ម​ការ​ដុត​រាន​ព្រៃ ការ​ដុត​គល់​ជញ្ជាំង ការ​ដុត​សំរាម សំណល់​រឹង នៅ​ទី​ចំហ និង​ការ​ឆេះ​នៅ​ទីលាន​ចាក់សំរាម ការ​បោះចោល និង​ដុត​សំណល់​ប្លា​ស្ទិ​ក ព្រមទាំង​ការ​ហុយធូលី​ពី​ការដ្ឋាន​សំណង់​ជាដើម​។

ក្នុង​ន័យ​នេះ ដើម្បី​ការពារ និង​ទប់ស្កាត់​បញ្ហា​ការ​បំពុល​ខ្យល់​នៅ​រាជធានី​-​ខេត្ត ក្រសួងបរិស្ថាន បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ជំរុញ​ផ្សព្វផ្សាយ​ការ​អនុវត្ត​សារាចរ​លេខ ០១ សរ របស់​រាជរដ្ឋាភិបាល ស្តី​ពី​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និង​ត្រៀម​មធ្យោបាយ ព្រមទាំង​ចាត់​វិធាន​ដូច​ខាងក្រោម ៖

ទី​១៖ អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​កុំឱ្យ​ដុត​រាន​ព្រៃ វាលស្មៅ ដុត​ប្លា​ស្ទិ​ក សំណល់​កសិកម្ម គល់​ជញ្ជាំង សំរាម សំណល់​រឹង ប្លា​ស្ទិ​ក និង​ការ​ដុត​សំណល់​ផ្សេង​ៗ​ទៀត​នៅ​ទំ​ចំហ ។
ទី​២៖ ទប់ស្កាត់​ការ​ដុត​រាន​ព្រៃ ការ​ដុត​វាលស្មៅ ការ​ដុត​គល់​ជញ្ជាំង ការ​ដុត​សំណល់​កសិកម្ម សំរាម ការ​បោះចោល​និង​ដុត​សំណល់​ប្លា​ស្ទិ​ក និង​ការ​ឆេះ​ទីលាន​ចាក់សំរាម ។
ទី​៣៖ ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយធូលី នៅ​ការដ្ឋាន​សំណង់ និង​ការ​ដឹក​ជញ្ជូន​សម្ភារ​សំណង់ ។
និង​ទី​៤៖ ធ្វើការ​សម្អាត​ធូលី និង​ធ្វើ​អនាម័យ​នៅ​តាម​ដងផ្លូវ និង​ទី​សាធារណៈ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ។

សូម​បញ្ជាក់​ថា តាម​រយៈ​ការ​តាមដាន​គុណភាព​ខ្យល់​របស់​ក្រសួងបរិស្ថាន​បាន​បង្ហាញ​ថា​កំឡុង​ពេល​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ ប្រទេស​កម្ពុជា​មិន​ទាន់​មានការ​កត់សម្គាល់ ការ​ធ្លាក់​ចុះ​គុណភាព​ខ្យល់​គួរ​ឱ្យ​ព្រួយបារម្ភ​នៅឡើយ​។ ពោល​គឺ​កំហាប់​ភាគល្អិត​និចល​ដែល​មាន​វិ​ជ្ឈ​មាឌតូច​ជាង ឬ​ស្មើ ២,៥​មីក្រូ​ម៉ែត្រ ឬ​ហៅ​ថា PM2.5 មាន​កំហាប់​ចន្លោះ​ពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែល​ទាប​ជាង​ស្តង់ដារ​ដែល​ក្រសួងបរិស្ថាន បាន​កំណត់​គឺ ៥០ µg/m3 ជា​មធ្យម​ក្នុង​រយៈពេល ២៤​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ