រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹងបានផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គម ជាពិសេសសមាជិកគ្រួសារ មិត្តភ័ក្តិរួមការងារ និងអ្នកដទៃ ផងដែរ ។
យោងតាមរយៈសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា «ជាតិអាល់កុលក្នុងផលិតគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្នុងរយៈពេលតែ២ ទៅ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត»។
គ្រឿងស្រវឹង ក៏បង្កឱ្យមានផលប៉ះពាល់រយៈពេលវែង ដូចជា ៖
- ជំងឺក្រិនថ្លើម ខូចថ្លើម
- ជំងឺមហារីក ៖ មាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់ ។ល
- ជំងឺមហារីកឈាម
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ
- បញ្ហាសុខភាពផ្លូវចិត្ត៖ ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia)
- ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង
- អសមត្ថភាពផ្លូវភេទ
- ជំងឺបេះដូង និងសរសៃឈាម
- ជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬបែកសរសៃឈាមខួរក្បាល)
- ជំងឺខ្សោយសាច់ដុំ និងឆ្អឹង
- ទារកមានការលូតលាស់មិនប្រក្រតី នៅក្នុងផ្ទៃស្ត្រប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ
- ជំងឺមិនឆ្លងផ្សេងៗទៀត៖ លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម
លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ ។ល។
ក្រសួងបន្តថា លើសពីនេះទៀត វាអាចបណ្តាលឱ្យយុវវ័យឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ដែលប្រាសចាកពីសីលធម៌សង្គម។ ទន្ទឹមនឹងនេះដែរ គ្រឿងស្រវឹងបង្កឱ្យមានផលប៉ះពាល់ ដូចជា អំពើហឹង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង ការព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការខាតបង់ផ្សេងៗ។
ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យត្រូវចៀសវាងពី ការប្រើប្រាស់គ្រឿងស្រវឹង។ ចំពោះអ្នកមិនធ្លាប់ប្រើប្រាស់គ្រឿងស្រវឹងសូមកុំសាកល្បង ដោយឡែកអ្នក កំពុងប្រើប្រាស់គ្រឿងស្រវឹង សូមកាត់បន្ថយឱ្យបានជាអតិបរមា ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទី ស្រឡាញ់របស់អ្នក។ ភស្តុតាងថ្មីៗរបស់អង្គការសុខភាពពិភពលោកបង្ហាញថា មិនមានកម្រិតសុវត្ថិភាពនៃ ការប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយគ្រប់ផលិតផលគ្រឿងស្រវឹងសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាព។ សូមកុំប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងបើកបរ ឬកំពុងបញ្ជាគ្រឿងម៉ាស៊ីនផ្សេងៗ ពេលកំពុងមានផ្ទៃពោះ និងបំបៅដោះកូន ឬអ្នកមានបញ្ហាសុខភាពផ្សេងៗ ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រួសារ សាលារៀន និងសហគមន៍ ចូលរួម បង្កើតបរិយាកាសកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដូចជាអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង លើកទឹកចិត្តគាំទ្រអ្នកប្រើប្រាស់គ្រឿងស្រវឹងឱ្យលះបង់ការប្រើប្រាស់គ្រឿងស្រវឹង។ សូមស្ថាប័នផ្សេងទៀត ចូលរួមជួយគាំទ្រ និងទប់ស្កាត់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង តាមរយៈការឆ្លើយតបពហុវិស័យ ដោយផ្តោតលើការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថបុគ្គល គ្រួសារ សហគមន៍ ឱ្យជ្រើសរើសទម្លាប់រស់នៅដោយគ្មានផលិតផលគ្រឿងស្រវឹង ។
ក្រសួងបានស្នើឱ្យសូមអាជ្ញាធរដែនដី សហការគ្រប់គ្រងការដាក់ស្លាកប៉ាន់ណូផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង ៕



ចែករំលែកព័តមាននេះ