ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ២ខ្សែប្រវែងជិត២គីឡូម៉ែត្រ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតប្រារព្ធពិធីបើកការដ្ឋាននៅព្រឹកថ្ងៃទី២៥ ឧសភា នៅភូមិបាលិលេយ្យ ក្រោមអធិបតីភាពលោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់លោកទ្រី ណារិន អភិបាលក្រុង លោកសាន ស៊ានហូ ចៅសង្កាត់ប៉ោយប៉ែត មន្ត្រីអ្នកមុខអ្នកការមកពីស្ថាប័ន មន្ទីរពាក់ព័ន្ធក្នុងខេត្ត និងក្រុង ព្រមទាំងសមត្ថកិច្ចគ្រប់អង្គភាព និងសិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ ។
ផ្លូវដែលធ្វើពិធីបើកការដ្ឋាននេះមានចំនួន២ខ្សែ ស្ថិតក្នុងភូមិបាលិលេយ្យ មួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅវត្តសូរិយារាម ហៅវត្តថ្មី មានប្រវែង១.០០០ម៉ែត្រ តភ្ជាប់ទៅផ្លូវបេតុងចាស់ជាង១.០០០ម៉ែត្រ ពីវត្តសូរិយារាម ហៅវត្តថ្មី ទៅសាលាសង្កាត់ប៉ោយប៉ែត ដែលបានកសាងរួចរាល់កាលពីពេលថ្មីៗនេះដោយប្រើប្រាស់មូលនិធិសង្កាត់ ឆ្នាំ២០០៩ និងថវិកាចូលរួមបដិភាគរបស់ប្រជាពលរដ្ឋ ។ ឯមួយខ្សែទៀតមានប្រវែង៦៥០ម៉ែត្រ ចាប់ពីកែងផ្សារអគ្គប៉ោយប៉ែត ឆ្ពោះទៅផ្លូវសុខភាព ។
ផ្លូវទាំងពីរខ្សែខាងលើនេះ មានទទឹង១០ម៉ែត្រ ដោយមានដាក់ប្រព័ន្ធលូនិងរៀបរេហ្កាទឹកសងខាងផ្លូវដែលគ្រោងចាក់បេតុង ។ លោកទ្រី ណារិន អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា ការកសាងផ្លូវនេះជាថវិការបស់ប្រជាពលរដ្ឋ១០០%តែម្តង ហើយផ្លូវទាំង២ខ្សែដែលបើកការដ្ឋាននេះគឺដាក់ឱ្យស្ថាបនាដោយក្រុមហ៊ុនហ៊ុល សេងហាប់ ។
ក្នុងពិធីបើកការដ្ឋាននោះលោកទ្រី ណារិន អភិបាលក្រុងប៉ោយប៉ែតបានថ្លែងថា ដោយអាស្រ័យលើការយកចិត្តទុកដាក់បំផុសចលនាប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរសង្កាត់និងក្រុងបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តនិងចូលរួមយ៉ាងសកម្មក្នុងចលនាស្ថាបនាផ្លូវបេតុងរហូតដល់ពេលនេះ ។ ផ្លូវដែលបានស្ថាបនារួចនិងកំពុងស្ថាបនាទាំងអស់មានចំនួន២៦ខ្សែ ប្រវែង១១.៧១៩ម៉ែត្រ ក្នុងនោះស្ថាបនារួចរាល់២២ខ្សែ ប្រវែង៦.៦៦៩ម៉ែត្រ និង៤ខ្សែទៀតកំពុងស្ថាបនាប្រវែង៥០៥ម៉ែត្រ គិតទាំងផ្លូវកំពុងបើកការដ្ឋាននេះ ។ លោកទ្រី ណារិន ថ្លែងថា ការអភិវឌ្ឍផ្លូវនៅក្នុងក្រុងនឹងធ្វើបន្តទៀតនាពេលបន្ទាប់ៗគ្នា ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះការចូលរួមថវិកាក្នុងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ ដែលជាការរួមចំណែកជួយអភិវឌ្ឍជាតិទាំងមូល ។
លោកអ៊ុង អឿន អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីបើកការដ្ឋានថា លោកមានការរំភើបជាខ្លាំងដោយបានឃើញប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតចំណាយថវិកាចូលរួមអភិវឌ្ឍផ្លូវយ៉ាងសកម្មជាបន្តបន្ទាប់ រហូតចំណាយទុន១០០% ខុសពីខេត្តផ្សេងៗ និងរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋចូលទុនត្រឹមតែ៥០%ប៉ុណ្ណោះ។ ក្នុងនោះលោកក៏បានកោតសរសើរចំពោះអាជ្ញាធរទាំងសង្កាត់ទាំងក្រុង ដែលចេះបំផុសចលនាឱ្យប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មបែបនេះ ។
ការបើកការដ្ឋាននេះថ្វីដ្បិតតែប្រារព្ធធ្វើនៅក្រុងប៉ោយប៉ែត ប៉ុន្តែក៏មានការចូលរួមពីចៅសង្កាត់ទាំងអស់ក្នុងក្រុងសិរីសោភ័ណផងដែរ ដើម្បីយកបទពិសោធន៍ពីអាជ្ញាធរសង្កាត់និងក្រុងប៉ោយប៉ែត ដែលបំផុសឱ្យប្រជាពលរដ្ឋចូលរួមរហូត១០០% ព្រោះនៅឯក្រុងសិរីសោភ័ណប្រជាពលរដ្ឋមានការចូលរួមត្រឹមតែ៥០+៥០ប៉ុណ្ណោះ ។ លោកអ៊ុង អឿន បន្តឱ្យដឹងទៀតថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តទាំងមូលធ្វើឱ្យការអភិវឌ្ឍកើតមានលើគ្រប់វិស័យ ៕
ចែករំលែកព័តមាននេះ