ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្រើ​ល្បិច​​ទូរស័ព្ទ​ប្រាប់ថា ​​​យក​ប្រេង​​ទៅ​​លក់​​​គ្រាន់​​តែ​ម្ចាស់​ផ្ទះ​បើក​ទ្វារ​សម្រុក​​​ចូលភ្ជង់​​​ចាប់ចង​​​ប្លន់​យកទ្រព្យ​សម្បត្តិ​​​​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចោរ​ប្លន់​១​ក្រុម​​​មាន​គ្នា​​៧​នាក់​ប្រដាប់​ដោយ​​កាំភ្លើង​ AK ចំនួន​៣​ដើម និង​កាំភ្លើង​​ខ្លី​ចំនួន​៤​ដើម បាន​ធ្វើ​សកម្ម​ភាព​សម្រុក​ចូល​ប្លន់​យក​ទ្រព្យ​សម្បត្តិ​​ក្នុង​លំនៅ​ឋាន​​ប្រជា​ពល​រដ្ឋ​​ម្នាក់ ដោយ​ចាប់​ម្ចាស់​ផ្ទះ​ចង​ស្លាប​សេក​ ​គំរាម​បា.ញ់​សម្លា.ប់​​​ ហើយ​​ប្រមូល​​យក​ទ្រព្យ​សម្បត្តិ​​គ្រឿង​អលង្ការ​​មាន​តម្លៃ និង​ម៉ូតូ​​រួច​គេច​ខ្លួន​ទៅ​បាត់​​ដោយ​សុវត្ថិ​ភាព

រាជធានីភ្នំពេញ ៖ ចោរ​ប្លន់​១​ក្រុម​​​មាន​គ្នា​​៧​នាក់​ប្រដាប់​ដោយ​​កាំភ្លើង​ AK ចំនួន​៣​ដើម និង​កាំភ្លើង​​ខ្លី​ចំនួន​៤​ដើម បាន​ធ្វើ​សកម្ម​ភាព​សម្រុក​ចូល​ប្លន់​យក​ទ្រព្យ​សម្បត្តិ​​ក្នុង​លំនៅ​ឋាន​​ប្រជា​ពល​រដ្ឋ​​ម្នាក់ ដោយ​ចាប់​ម្ចាស់​ផ្ទះ​ចង​ស្លាប​សេក​ ​គំរាម​បាញ់​សម្លាប់​​​ ហើយ​​ប្រមូល​​យក​ទ្រព្យ​សម្បត្តិ​​គ្រឿង​អលង្ការ​​មាន​តម្លៃ និង​ម៉ូតូ​​រួច​គេច​ខ្លួន​ទៅ​បាត់​​ដោយ​សុវត្ថិ​ភាព ។

​ហេតុ​ការណ៍​​នោះ​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ឧសភា ​ដែល​ផ្ទះ​រង​គ្រោះ​ខាង​លើ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​អូរ​ដឹម​កប់​ស្រូវ ភូមិ​ត្រពាំង​ពោធិ៍ ​សង្កាត់​គោក​​រកា ខណ្ឌ​​ដង្កោ ​។ ម្ចាស់​​លំនៅ​ឋាន​​​រង​គ្រោះ​ដែល​​ត្រូវ​​ចោរ​ចាប់​ចង​ និង​ភ្ជង់​​ប្លន់​នោះ​ឈ្មោះ​​សេង យុត្ថា ​ភេទ​ស្រី អាយុ​​៣៦​ឆ្នាំ មាន​មុខ​របរ​លក់​សាំង និង​ទិញ​សាំង​ដែល​ក្រុម​អ្នក​បើក​​រថយន្ត​​កុង​តឺ​ន័រ​​តែង​បូម​លក់​ឱ្យ​​។ ចំណែក​​ឯ​ប្តីរបស់​​គាត់​ឈ្មោះ​​យន់ ទ្រី អាយុ​៤៥​ឆ្នាំ មិន​បាន​​​នៅ​ផ្ទះ​នោះ​ទេ ព្រោះ​​រវល់​មាន​កម្ម​វិធី​នៅ​ខាង​ក្រៅ ។ ដោយ​​ឡែក​ក្រុម​ចោរ​ប្លន់​​មាន​គ្នា​៧​​នាក់ ស្លៀក​ពាក់​ស៊ី​វិល​ប្រដាប់​​ដោយ​កាំភ្លើង​ AK ៣​ដើម និង​កាំភ្លើង​​ខ្លី​៤​ដើម ហើយ​ក្នុង​ចំណោម​បក្ស​​ពួក​ទាំង​៧​នាក់​នោះ គឺ​មាន​ជន​ម្នាក់​ជា​​អ្នក​ប្រើ​ល្បិច​ទូរស័ព្ទ​ហៅ​ឱ្យ​ម្ចាស់​ផ្ទះ​បើក​ទ្វារ​​ដោយ​ប្រាប់​ថា ​ខ្លួនយក​ប្រេង​សាំង​មក​លក់​ឱ្យ​ ។ ខណៈ​​នោះ​គ្រាន់តែ​​​ម្ចាស់​ផ្ទះ​​បើក​ទ្វារ​​ចេញ​មក​ បក្ស​ពួក​​ដែល​ពួន​នៅ​ជិត​នោះ​ស្ទុះ​​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​ភ្ជង់​​ចាប់​ចង​ប្លន់​​យក​ទ្រព្យ​សម្បត្តិ​​​តែ​ម្តង ។

អ្នក​រង​គ្រោះ​និយាយ​ថា ​ទ្រព្យ​សម្បត្តិ​​ដែល​​ត្រូវ​​ពួក​ចោរ​​ប្រមូល​យក​ទៅ​​នោះ​មាន​ខ្សែ.ក​ប្លា​​ទីន​ចំនួន​៨ខ្សែ​ទម្ងន់​​២​តម្លឹង​៤​ជី កង​ដៃ​​ប្លាទីន​ចំនួន​៥​កង​ទម្ងន់​​១​តម្លឹង គ្រឿង​អលង្ការ​​ពេជ្រ​តម្លៃ​២.៥០០​ដុល្លារ ​លុយ​​១​លាន​រៀល ម៉ូតូ​ម៉ាក​ស៊ុយ​ហ៊្សុយ​គី​ស្មាស់​១​គ្រឿង ​ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AK-9434 និង​ម៉ូតូ​ម៉ាក​ហុង​ដា C125 ស៊េរី​ឆ្នាំ​​២០១១ អត់​ស្លាក​លេខ​​១​គ្រឿង ព្រម​ទាំង​ទូរស័ព្ទ​​ដៃ​ចំនួន​៤​គ្រឿង​​ផង​ដែរ ។ ​​

តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា នៅ​​មុន​ពេល​កើត​​ហេតុ​​​ម្ចាស់​ផ្ទះ​​រង​គ្រោះ​​បាន​ដេក​នៅ​ក្នុង​​ផ្ទះ​​ជា​មួយ​កូន​ ក្មួយ និង​ម្តាយ​ដែល​​មាន​គ្នា​​៥​ទៅ​៦​នាក់។ ចំណែក​​ឯ​ប្តី​មិន​បាន​នៅ​ផ្ទះ​ទេ ​។ ​ខណៈ​នោះ​គាត់​ក៏​​បាន​ទទួល​ទូរស័ព្ទ​ឮ​សំឡេង​​បុរស​ម្នាក់​​ប្រាប់​ថា ​យក​ប្រេង​មកលក់​ឱ្យ​ ម្យ៉ាង​ទៀត​បុរស​នោះ​ក៏ធ្លាប់​​យក​ប្រេងមក​លក់​ឱ្យ​គាត់​ជា​ញឹក​ញាប់​មក​ហើយ​ដែរ ​ទើប​បាន​ស្គាល់​​លេខ​ទូរស័ព្ទ​គ្នា ។ បន្ទាប់​ពី​ទទួល​ទូរស័ព្ទ​​ ម្ចាស់​ផ្ទះ​ក៏បាន​បើក​ទ្វារ​​ផ្ទះចេញ​ទៅ និង​​បាន​ឃើញ​ជន​នោះ​យក​ប្រេង​​មក​លក់​ឱ្យ​​មែន ហើយ​​គាត់​ក៏​បាន​​អូស​ប៊ីដុង​​ប្រេង​ចូល​ទៅ​ក្នុង​ផ្ទះ​រួច​បិទ​ទ្វារហើយ​ដើរ​ទៅ​​យក​លុយ​ឱ្យ​ថ្លៃ​ប្រេង ។ ​លុះ​ពេល​យក​លុយ​ពី​ក្នុង​ផ្ទះ​​បើក​បង្ហើប​ទ្វារ ដើម្បី​ហុច​​លុយ​​ឱ្យ​​ជន​នោះ ក៏​ស្រាប​់តែ​បក្ស​ពួក​ចោរ​​៦​នាក់​ទៀត​ស្ទុះ​​ទៅរុញ​ទ្វារ​ហើយ​សម្រុក​ចូល​ទៅ​ភ្ជង់​គំរាម​បាញ់សម្លាប់​ និង​ចាប់​គាត់​​ ព្រម​ទាំង​អ្នក​​នៅ​ក្នុង​ផ្ទះ​ចង​ជាប់​​ទាំង​អស់​ ។

​ប្រភព​ដដែល​​នេះ​បាន​បន្ត​ទៀតថា ​ពេល​ចាប់​ចង​ហើយ​ក្រុម​ចោរ​បាន​ស្រែ​ក​គំរាម​​ឱ្យ​ប្រគល់​ទ្រព្យ​សម្បត្តិ​ ព្រោះ​លក់​​ប្រេង​យូរ​ហើយ​កុំឆ្លើយ​ថាអត់​លុយ​ប្រយ័ត្ន​​​បាញ់​ចោល ។ ​ស្រប​ពេល​នឹង​ការ​ស្រែក​គំរាម​​ពួក​ចោរ​បាន​យក​កូន​សោ​ចាក់​ទូប្រមូល​យក​លុយ និង​គ្រឿង​អលង្ការ​​មាន​តម្លៃ ទូរស័ព្ទ​​ដៃ និង​ម៉ូតូ​២​គ្រឿងសុទ្ធតែ​​ស៊េរី​ទំនើបៗ​រួច​គេចខ្លួន​ទៅ​បាត់​​អស់​ដោយ​សុវត្ថិ​ភាព។ ស្ត្រី​ម្ចាស់​​​ផ្ទះ​​និយាយថា គាត់​មិន​ហ៊ាន​​ស្រែក​​ឱ្យ​គេ​ជួយ​ទេ  ព្រោះខ្លាច​ចោរ​បាញ់​សម្លាប់ រហូត​ដល់​ក្រុម​ចោរ​គេចខ្លួន​ទៅ​បាត់​អស់​ទើប​ស្រាយ​​ចំណង​ឱ្យ​គ្នា​ម្តង​ម្នាក់ និង​​រត់ទៅ​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ជួយ ។

​ប្រភព​ដដែល​​បន្ត​ទៀត​ថា ​លំនៅ​ឋាន​​រង​គ្រោះ​មួយ​នេះ​នៅ​ដាច់​​ឆ្ងាយ​ពីគេ​ឯង ​ពេល​មាន​ហេត​ុការណ៍​បែប​នេះកើត​ឡើង​​ទោះ​បី​ស្រែក​​ដាក់​មេក្រូ​ក៏​សឹង​តែ​គ្មាន​​នរណា​ឮ​ផង ដូច្នេះ​​ហើយ​ទើប​ចោរ​ធ្វើ​សកម្ម​ភាព​​​បាន​តាម​ចិត្ត ។ កន្លង​មក​​ជន​រង​គ្រោះ​​រក​ស៊ី​លក់​ និង​ទិញ​ប្រេង​​​ដែល​គេ​បូម​ចេញ​ពី​រថយន្តដឹក​​ទំនិញ រថយន្ត​​កុង​តឺ​ន័រ​​​មក​លក់​ឱ្យ​គឺ​យប់​ក៏​ទិញ ថ្ងៃ​ក៏​ទិញ ។ គេ​សង្ស័យ​ថា ក្រុម​ចោរ​ប្លន់​អាច​ជា​អ្នក​ធ្លាប់​​យក​ប្រេងមក​លក់​ឱ្យ​​​ និង​ដឹង​ពី​ចំណុច​ខ្សោយ​ជន​រង​គ្រោះ​ដែល​​ទិញ​ប្រេង​​ពេល​យប់​ទៀត​ផង ទើប​​ពួកគេ​ប្រើ​ល្បិច​យក​ប្រេង​មក​លក់​​ដើម្បី​ឱ្យ​ម្ចាស់​ផ្ទះ​​បើក​ទ្វារ​រួច​ចូល​ទៅ​ប្លន់​​តែ​ម្តង ។

​ប្រភព​ពី​កន្លែង​កើត​ហេតុ​​បាន​និយាយ​ថា សកម្ម​ភាព​ប្លន់​នោះ​ក្រុម​ចោរ​​មាន​គ្នា​​ច្រើន និង​ប្រដាប់​ដោយ​​អាវុធ​វែង-​​ខ្លី​គ្រប់​ដៃ​ទៀត​ផង ​ដែល​ចាត់​ទុក​ថា គឺជា​​កម្លាំង​ទ្រង់​ទ្រាយ​​ធំ​មួយ​ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ និង​ជា​ពន្លឺ​សម្រាប់​សមត្ថ​កិច្ច​​ធ្វើ​ការ​ស្រាវជ្រាវ​នោះ​ គឺ​លេខ​​ទូរស័ព្ទ​​របស់ជន​សង្ស័យ​ដែលហៅចូល​ជន​រង​គ្រោះ​​នោះ ។ ទោះ​បីជា​បែប​ណា​ពេល​នេះ ​កម្លាំង​សមត្ថ​កិច្ច​ខណ្ឌ​ដង្កោ និង​រាជ​ធានីភ្នំពេញ បាន​ចុះ​ទៅ​កាន់​កន្លែង​​កើត​ហេតុ​ និង​បាន​ធ្វើ​ការ​​ស្រាវ​ជ្រាវ​យា៉ង​ដុត​ដៃ​ដុត​ជើង​បំផុត ហើយ​គេ​សង្ឃឹម​ថា ​សមត្ថ​កិច្ច​​នឹង​អាច​វែក​មុខ​ក្រុម​ចោរ​នោះ​ឃើញ​មិន​ខាន​ឡើយ ៕