ខេត្តបន្ទាយមានជ័យ ៖ មួយរយៈនេះគេឃើញអាជ្ញាធរ បានចាត់វិធានការយ៉ាងតឹងរ៉ឹង ទៅលើពលករខ្មែរ ដែលឆ្លងទៅប្រទេសសៀម ដោយខុសច្បាប់ ហើយត្រូវបានចាប់ខ្លួនមេខ្យល់ បញ្ជូនទៅតុលាការ ក៏ប៉ុន្តែមេខ្សល់មួយចំនួនទៀតនៅតែបន្តធ្វើសកម្មភាពនៅឡើយ ។
អាជ្ញាធរមានសមត្តកិច្ចបានមានវិធានការយ៉ាងតឹងរ៉ឹងហើយបានបង្ក្រាបនិងទប់ស្កាត់ពលករខ្មែរដែលចាញ់បោកមេខ្សល់នាំឆ្លងដែនទាំងខុសច្បាប់ទៅប្រទេសថៃជាច្រើនករណី ហើយត្រូវបានធ្វើការអប់រំឱ្យត្រឡប់ទៅស្រុកកំណើតវិញ ។ ចំណែកមេខ្សល់ត្រូវបានបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះអាជ្ញាធរថៃក៏បានចាប់ពលករខ្មែរដែលចូលទៅដោយខុសច្បាប់ទាំងនោះបញ្ជូនមកតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតក្នុងមួយថ្ងៃជាច្រើនរយនាក់ ហើយមួយចំនួនទៀតក៏បានទទួលរងគ្រោះជាច្រើនរូបភាពផងដែរ ។
លោកវរសេនីយ៍ទោសិទ្ធិ ឡោះ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការរដ្ឋាននគបាលខេត្តបន្ទាយមានជ័យធ្លាប់បានប្រាប់ថា ដោយយោងតាមការណែរនាំនិងបទបញ្ជារបស់ស្នងការនគបាលខេត្តមន្រ្តីជំនាញបានសហការជាមួយអធិការស្រុក-ក្រុងបង្ក្រាបបានជាច្រើនករណី ដែលពលករខ្មែរខុសច្បាប់ចាញ់បោកមេខ្សល់ត្រូវបានធ្វើការអប់រំហើយឱ្យត្រឡប់ទៅស្រុកកំណើតវិញ ។ ចំណែកមេខ្យល់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ។
មន្ត្រីដដែលបានបន្តថា រយៈពេលកន្លងមកមុននឹងមានវិធានការបង្ក្រាប គឺមន្ត្រីជំនាញបានធ្វើលិខិតអញ្ជើញបុគ្គលដែលជាមុខសញ្ញាមេខ្យល់ទាំងចាស់ទាំងថ្មីដើមី្បធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការនាំពលករឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃតទៅទៀត ។
តាមព័ត៌មានបានឱ្យដឹងថា អ្នកខ្លាចច្បាប់ឈប់រកស៊ី អ្នកមិនខ្លាចច្បាប់នៅតែបន្តសកម្មភាពយ៉ាងគឃ្លើនដដែលដូចជា នៅស្រុកមង្គលបុរី ឃុំបន្ទាយនាង មានមេខ្យល់ស្រ្តី២នាក់ និងឃុំអូរប្រាសាទមានបុរសម្នាក់មួយសបា្តហ៍ពួកគេបានធ្វើសកម្មភាព២ទៅ៣ដង ម្តងៗមានពលករប្រមាណពី២០ទៅ៣០នាក់ ហើយត្រូវគេនាំឆ្លងតាមច្រករបៀងខុសច្បាប់ដែលប្រឈមមុខនឹងគ្រោះថ្នាក់បំផុត ៕
ចែករំលែកព័តមាននេះ