ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ត្រៀម​ខ្លួន​ដើម្បី​ជោគជ័យ​​​ពេល​ប្រឡង​កម្រិត​​មធ្យម​សិក្សា​ទុតិយភូមិ

14 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ សមាគម​ HOH (Help Our Homeland) ជួយ​ស្រុក​កំណើត​យើង​បាន​​រៀបចំ​សិក្ខា​សាលា​​ពីរ​ ក្រោម​ប្រធាន​​បទតែមួយ​ស្តីពី​ «​ការ​​ត្រៀម​ខ្លួនដើម្បីជោគជ័យ​ពេល​ប្រឡង​​​កម្រិត​ធម្យម​​​សិក្សា​ទុតិយភូមិ»​ ក្រោម​អធិបតី​ភាព​របស់​លោក​​គ្រូ ឃឹម សុខហេង ប្រធាន​​ក្រុម​ប្រឹក្សា​​​ភិបាល​​សមាគម​HOH ជួយ​ស្រុក​កំណើត​​យើង​កាលពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០១១

ខេត្ត​កំពង់​ធំ​ ៖ សមាគម​ HOH (Help Our Homeland) ជួយ​ស្រុក​កំណើត​យើង​បាន​​រៀបចំ​សិក្ខា​សាលា​​ពីរ​ ក្រោម​ប្រធាន​​បទតែមួយ​ស្តីពី​ «​ការ​​ត្រៀម​ខ្លួនដើម្បីជោគជ័យ​ពេល​ប្រឡង​​​កម្រិត​ធម្យម​​​សិក្សា​ទុតិយភូមិ»​ ក្រោម​អធិបតី​ភាព​របស់​លោក​​គ្រូ ឃឹម សុខហេង ប្រធាន​​ក្រុម​ប្រឹក្សា​​​ភិបាល​​សមាគម​HOH ជួយ​ស្រុក​កំណើត​​យើង​កាលពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០១១ នៅ​សាល​ប្រជុំ​ខេត្ត​កំពង់ធំ​​ និងនៅ​វត្ត​សំរោង​ ក្នុង​ស្រុក​​បារាយណ៍​ ខេត្ត​កំពង់ធំ ។ សិក្ខាសាលា​​​ទាំងពីរ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុម​ប្រឹក្សា​​​ភិបាល​សមាគម ​គណៈ​​គ្រប់គ្រង​សមាគម សមា​ជិក-សមាជិកា​​កាកបាទក្រហម​​សាខា​ខេត្ត​កំពង់​ធំ លោក​ស្នង​ការ​រងស្រុក លោក​មេឃុំ​ លោក​យាយ​ លោក​តា មាតាបិតា​សិស្ស នាយក​វិទ្យា​ល័យ-អនុវិទ្យាល័យ លោកគ្រូ អ្នកគ្រូ​​ សិស្សា​នុសិស្ស​សរុប​ចំនួន​៥០០​នាក់ ។​

កញ្ញា​ហួង សុខអេង ប្រធាន​​សមាគម​ HOH ជួយស្រុក​កំណើត​យើង បាន​រាយការណ៍​ពី​សកម្មភាព​សមាគម​ជូនដល់​សិក្ខា​កាម​ឱ្យ​បាន​ជ្រាប​ថា សិក្ខាសាលា​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​គោល​បំណង​ជួយ​ឱ្យ​សិស្សានុសិស្ស​ដែល​​ត្រៀម​ខ្លួន​​ដើម្បី​ជោគជ័យ​ពេល​ប្រឡង​​​កម្រិត​មធ្យម​សិក្សា យល់​ដឹង​ពីវិធីសាស្ត្រ​​ក្នុង​ការ​សិក្សា​ទប់​ស្កាត់​​ការអូសទាញ​ពី​បរិយាកាស​មិន​ល្អ​ដែល​នៅ​ជុំ​វិញ​ខ្លួន (គ្រឿង​ញៀន ស្នេហា​​ភ្លើត​ភ្លើន​ មិត្ត​មិនល្អ ល្បែង​ស៊ីសង ការបោក​ប្រាស​)​ ការ​យល់​ដឹងពីតម្លៃនៃការសិក្សា​ និង​ទទួល​​បាន​ទស្សនៈ​អប់រំ​ថ្មីៗ​ដើម្បី​ក្លាយ​ខ្លួន​ជានិស្សិត​ឆ្នើម​ និង​បុគ្គលគំរូ ព្រមទាំង​​​កត្តា​ដែល​​នាំ​ឱ្យ​មាន​​​ការ​គិត​ត្រូវ​សម្រាប់ជីវិត​របស់​ខ្លួន​​ផងដែរ ។

កញ្ញា​​ហួង សុខ​អេង បាន​បន្ត​ទៀតថា ក្នុង​​​រយៈ​កាល​កន្លងមក​នេះ ដោយ​មាន​ការ​ជ្រោម​ជ្រែង​​យ៉ាងពេញ​ទំហឹង​​ពីសំណាក់​សមាជិក​សមាគម​​ និង​ការ​ចូលរួម​ឧបត្ថម្ភ​​ពីសប្បុរសជន​​​ជា​ច្រើន សមាគម​ HOH ជួយ​ស្រុក​កំណើត​​​​យើង​សម្រេច​​បាន​នូវ​ស្នា​ដៃ​ និងសកម្មភាព​ជា​ច្រើន​​ដែល​ផ្តោត​​ទៅ​លើ​​យុវជន​​ដូចជា ការ​រៀបចំ​​​សិក្ខា​សាលា​ថ្នាក់​ជាតិ ស្តីពី​​ការ​រៀបចំ​​ជីវិត​ជោគជ័យ​​​ក្រោយ​​ពេល​​បញ្ចប់​កម្រិតមធ្យម​សិក្សា​​ទុតិយភូមិ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​​ លោក​បណ្ឌិត​ហ៊ុន ម៉ាណែត ​នៅវិទ្យា​​ស្ថាន​ជាតិ​​អប់រំ​ចំនួន​ពីរ​លើក ។​ ការ​​​រៀបចំ​សិក្ខា​សាលា​​ថ្នាក់​ជាតិ និង​តាម​​ខេត្ត​នានា​ ស្តីពី​ការ​រៀបចំ​ជីវិត​​ជោគជ័យ​ក្នុងអំឡុង​ពេល​សិក្សា​នៅសាកល​វិទ្យាល័យ​​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​​ចំនួន​ពីរ​លើក និង​បណ្តា​ខេត្ត​នានា​ជា​ច្រើន ។ កម្ម​វិធី​ចែក​​​រំលែក​​បទ​ពិសោធន៍​​​ជោគជ័យ​​ទាក់ទង​ទៅនឹង​ការពង្រឹង​​​កម្លាំង​ចិត្ត​ និង​សមត្ថ​ភាព​​ផ្ទាល់​ខ្លួន​ក្នុង​ការ​សិក្សា​ ការងារ​ និង​មុខរបរ​នៅតាម​សាកល​វិទ្យា​ល័យ​ និង​កម្ម​វិធី​វិទ្យុនានា​ ដូចជា​ វិទ្យុ​បាយ័ន​ វិទ្យុ​ចរាចរណ៍​កម្ពុជាFM 94.5 ​វិទ្យុ​FM 102 និង​វិទ្យុ​ហង្សមាស ។ ​ការ​​ផ្តល់​​ឱ្យ​និស្សិត​​​បង្កើត​បណ្តាញ និង​រៀនសូត្រ​​ពីបទ​ពិសោធន៍​​ជាក់​ស្តែង​​​ពីបុគ្គល​ដែលទទួល​បានជោគជ័យ​ក្នុង​អាជីព​និង​មុខរបរ និង​ភាព​ជា​អ្នក​​ដឹកនាំ ក្នុង​ការ​​ជំរុញ​​ឱ្យ​យុវជន​ចូលរួម​​ក្នុង​ការ​អភិវឌ្ឍ​សង្គម តាម​រយៈ​ក្លឹប​អភិវឌ្ឍ​អាជីព​​និស្សិត​តាម​ជំនាញ​​វិជ្ជា​ជីវៈ​របស់​សមាគម ។

លោកគ្រូឃឹម សុខហេង​ ប្រធាន​​ក្រុម​​ប្រឹក្សា​​សមាគម​ HOH ជួយ​ស្រុក​​​កំណើត​យើង ​​បាន​មាន​​ប្រសាសន៍​ទៅ​កាន់​សិក្ខាកាម​​ក្នុងកម្មវិធី​បើក​​ និងបទបង្ហាញ​ថា យុវជន​ជាទំពាំង​ស្នង​ឫស្សី​ រីឯយុវជន​ប្រុស-ស្រី​ជាអ្នក​ស្នង​ជាតិ ដូច​នេះ​យុវជន​ជាធនធាន​ដ៏មាន​តម្លៃ​សម្រាប់​ប្រទេស​ជាតិ​យើងទាំងមូល ។ ដោយ​ធនធាន​យុវជន​មាន​សារសំខាន់​​ក្នុងការអភិវឌ្ឍ​​សង្គម​ជាតិ លោកគ្រូ​ឃឹម សុខហេង បាន​ធ្វើ​បទ​បង្ហាញ​ពីចំណុច​គន្លឹះ​​ជា​ច្រើន​​​ដើម្បី​ឱ្យ​សិស្សានុសិស្ស​​ត្រៀម​ខ្លួន​ជា​ស្រេច​​ពេល​ប្រឡង​កម្រិត​មធ្យម​​សិក្សាទុតិយភូមិ ដោយសួរ​​សំណួរ​ឆ្លុះ​បញ្ចាំង​​ពីសមត្ថ​ភាព​ ​ចំណេះ​ដឹង​ដែលពួកគេ​មាន​ជាទុនក្នុង​ការ​ប្រឡង និង​ពញ្ញាក់​​ស្មារតី​ឱ្យ​ពួកគេ​មើល​​ឃើញ​ពីទិដ្ឋភាព​​​ជាក់​ស្តែង​ ប្រសិន​បើ​ការ​ប្រឡង​ថ្នាក់​ជាតិពួកគេ​ជួបជាមួយ​គ្រូបន្ទុក​ថ្នាក់ ឬអនុរក្ស​ដែល​មិន​អនុញ្ញាត​ឱ្យ​បើក​មើល​ប្រ៊ុយយ៉ុង​ តើពួកគេ​អាច​ប្រឡង​ជាប់ដែរឬទេ ? បន្ទាប់ពី​បាន​ឮ​សំណួរ ​នេះ សិស្សានុសិស្ស​​​ហាក់​ដូចជា​មាន​ភាព​ភ្ញាក់​ផ្អើល​​ និង​ចាប់​ផ្តើម​​ព្រួយ​បារម្ភ​​ពី​អនាគត​​​របស់​ខ្លួន​ ជាពិសេស​​ពេល​ប្រឡង​​​កម្រិត​មធ្យម​​សិក្សា​ទុតិយភូមិ​ខាង​មុខ​នេះ ។ បន្ទាប់​មក​ទៀត​លោក​គ្រូបាន​លើក​ឡើង​ពីការ​ពង្រឹង​សមត្ថ​ភាព​​ចំណេះ​ដឹង​ ដោយ​យក​ចិត្ត​ទុកដាក់​ក្នុង​ការសិក្សា ​​បង្កើត​ការ​រៀន​ជាក្រុម និង​ចេះ​ស្រឡាញ់​លោក​គ្រូ អ្នក​គ្រូ​ ព្រមទាំង​​​មាន​គោល​ដៅ​​​ច្បាស់​លាស់​​ក្នុង​ជីវិត។ លោកគ្រូឃឹម សុខហេង​ ក៏​បាន​​​ណែនាំ​ប្អូនៗ​​សិស្សានុសិស្ស​​គួរតែ​​ចៀស​វាង​ការ​ប្រព្រឹត្ត​​​អំពើ​​មិន​ល្អ​ សេពគប់​មិត្ត​ដែល​​មិន​ចូល​សាលា​ ស្នេហា​​ភ្លើត​ភ្លើន​​ និង​បញ្ហា​គ្រឿង​ញៀន​ជា​ដើម ព្រោះ​ទាំងអស់​​​នេះនាំ​ឱ្យប្អូន​ៗ​ក្លាយ​ជា​បុគ្គល​មិន​ល្អ​នៅ​ក្នុង​សង្គម ។

សមាគម​ HOH ជួយ​ស្រុក​កំណើត​យើង ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០០៤​ និង​បាន​​ចុះ​ឈ្មោះ​ស្រប​​ច្បាប់​​ជាអង្គការ​ក្រៅរដ្ឋា​ភិបាល​នៅ​ក្រសួង​មហា​ផ្ទៃ​នៃព្រះរាជា​ណាចក្រកម្ពុជា ។ បុព្វ​ហេតុ​នៃ​ការ​បង្កើត​សមាគម​នេះ​ឡើង គឺស្តែង​​ចេញពី​ការយល់​ឃើញ​​រួម​មួយ​ពីសំណាក់​​បុគ្គល​ទាំង​ឡាយ​​ដែល​បាន​ចាក​ឆ្ងាយ​ពីស្រុក​កំណើត​របស់​ខ្លួន​​ទៅ​លើ​ឱកាស​ដ៏​ទូលំទូលាយ​ក្នុង​ការ​ជ្រោម​ជ្រែង​ និង​ចូលរួម​​ចំណែក​​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅកម្ពុជា​ ខណៈ​​​ដែល​បាន​សង្កេតឃើញ​​យ៉ាង​ច្បាស់​​ពីបញ្ហា​​ទាំង​ឡាយ​​ដែល​បាន​កើត​ឡើង ពីបរិយាកាស​​សង្គម​​ជាលទ្ធផល​បន្សល់​​ទុកពី​សង្គ្រាម​​​ជា​ច្រើន​ឆ្នាំ​នៅ​កម្ពុជា ​​កាលពី​ប៉ុន្មាន​​ទសវត្ស​​កន្លង​ទៅ ៕