រាជធានីភ្នំពេញ ៖ ជនសង្ស័យបោកម៉ូតូម្នាក់ត្រូវម្ចាស់ម៉ូតូសហការជាមួយប៉ូលិសខណ្ឌដង្កោចាប់ខ្លួនបាន ។ ជននេះបោកយកម៉ូតូរបស់គេ១គ្រឿងកាលពី៤ខែមុន ហើយគេចខ្លួនទៅសម្ងំធ្វើជាសន្តិសុខឯកជនក៏បោកម៉ូតូគេ១គ្រឿងទៀត ។ ការចាប់ខ្លួនជននេះកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១១ នៅតាមផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះមាស ពេជ្រហៅ ញ៉ូវ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ជននេះបោកម៉ូតូគេ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ អត់ស្លាកលេខ ជាកម្មសិទ្ធិរបស់យុវជនឈ្មោះហ៊ុន ហេង អាយុ២១ឆ្នាំ ជាជាងជួសជុលម៉ូតូ មានទីលំនៅក្នុងភូមិត្រពាំងរំដួល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ កាលពីអំឡុងពេលបុណ្យចូលឆ្នាំចិនរយៈពេល៤ខែមុនម្ចាស់ម៉ូតូបានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិរបស់ខ្លួននៅក្នុងភូមិជាមួយគ្នា ហើយបានជួបមាស ពេជ្រ កំពុងផឹកនៅទីនោះដែរ ព្រោះជាមិត្តភក្តិរបស់មិត្តភក្តិជនរងគ្រោះដែរ។
ប្រភពដដែលបន្តទៀតថា ក្រោយពេលផឹកស៊ីនៅទីនោះបានមួយសន្ទុះពួកគេក៏បាននាំគ្នាទៅផឹកស៊ីនៅផ្ទះមិត្តភក្តិម្នាក់ផ្សេងទៀត ។ បន្ទាប់ពីផឹកបានបន្តិចជនសង្ស័យខ្ចីម៉ូតូជនរងគ្រោះជិះ ទៅខ្ចីលុយមីងរបស់គេ។ ម្ចាស់ម៉ូតូមិនទាន់ថាឱ្យផង ដោយសារកូនសោនៅជាប់ម៉ូតូស្រាប់តែមាស ពេជ្រ យកជិះគេចបាត់រហូត។ ប្រភពព័ត៌មានឱ្យដឹងថា មាស ពេជ្រ បានជិះម៉ូតូនោះទៅលក់នៅភ្នំពេញ រួចសម្ងំលាក់ខ្លួននៅផ្ទះជួលមួយក្នុងភូមិល្វា និងចូលធ្វើជាសន្តិសុខឯកជន។ មិនតែប៉ុណ្ណោះគេបានបោកម៉ូតូគេ១គ្រឿងទៀតម៉ាកអាយខនពីម្តុំផ្សារសូរិយា។ ក្រោយបោកម៉ូតូម៉ាកអាយខននោះបានហើយមាស ពេជ្រ បានយកទៅដូរជាមួយម៉ូតូគុបជ្រុងរបស់មិត្តភក្តិ ដោយគេថែមលុយឱ្យចំនួន៧០ដុល្លារ។ ក្រោយពីដោះដូររួចជននោះជិះម៉ូតូគុបជ្រុងសេ៧០នោះទៅធ្វើការរាល់ថ្ងៃ ។
ប្រភពព័ត៌មានបញ្ជាក់ថា នៅពេលមាស ពេជ្រ ជិះម៉ូតូគុបជ្រុងតាមផ្លូវលេខ២០០៤ មាស ពេជ្រ ត្រូវឈ្មោះហ៊ុន ហេង ជាម្ចាស់ម៉ូតូសេ១២៥ប្រទះឃើញក៏សហការជាមួយប៉ូលិសខណ្ឌដង្កោដេញតាមចាប់ខ្លួនបាន ៕
ចែករំលែកព័តមាននេះ