មនុស្សយ៉ាងហោចណាស់១០នាក់ ក្នុងនោះ៧នាក់នៅលើយន្តហោះ និង៣នាក់ទៀតនៅលើដីបានស្លាប់បាត់បង់ជីវិតនៅពេលយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅក្នុងតំបន់លំនៅឋាននៃតំបន់ជាយក្រុង Faridabad នៃទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃទី២៦ ឧសភា ។
តាមសេចក្តីរាយការណ៍ថា យន្តហោះ Paliatus Pc-12 ដែលមានម៉ាស៊ីនតែមួយនោះ ហោះហើរទៅកាន់ទីក្រុងញូវដែលី ពីទីក្រុង Patna ដោយហោះហើរយ៉ាងប្រញាប់ ព្រោះដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យពិសេសមួយ ប៉ុន្តែបានជួបឧប្បត្តិហេតុធ្លាក់រយៈពេល៥នាទីក្រោយពីបាត់ការទាក់ទងជាមួយប៉មត្រួតពិនិត្យនៃព្រលានយន្តហោះក្រុងញូដែលី ។ យន្តហោះនេះធ្លាក់លើផ្ទះ២ខ្នង ផ្ទុះឆេះហើយអ្នកពន្លត់អគ្គិភ័យ២០នាក់បានទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះអ្នកនៅរស់ ។ គេមិនដឹងពីមូលហេតុដែលបណ្តាលឱ្យយន្តហោះនេះធ្លាក់នៅឡើយទេ ៕
ចែករំលែកព័តមាននេះ