ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​លំ​​បែក​ភក់​​ក្រោយ​​ភ្លៀង​​ដោយ​​សារ​​រថ​យន្ត​​ដឹក​ដី​ ​និង​​ដឹក​ហ្គាស​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ផ្លូវ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ភូមិ​បា​លិ​លេយ្យ​ឆ្ពោះ​ទៅ​បន្ទាត់​ព្រំ​ដែន​ដោយ​ឆ្លង​កាត់​ជា​ច្រើន​ភូមិ​ និង​ជា​ដង​ផ្លូវ​ដ៏​សំខាន់​សំរាប់​សិស្ស​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ស្ថិត​ក្នុង​ភូមិ​ទួល​ប្រាសាទ​ សង្កាត់​ប៉ោយ​ប៉ែត​ រង​ការ​បំផ្លាញ​ដោយ​រថ​យន្ត​ធំៗ​ដឹក​ដី និង​ដឹក​ហ្គាសធ្វើ​ឱ្យ​សិស្ស​គ្រប់​គ្នា​ក៏​ដូច​ជា​អ្នក​ស្រុក​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​​រអ៊ូ​រទាំ​ថា

ក្រុង​ប៉ោយ​ប៉ែត​ ៖ ផ្លូវ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ភូមិ​បា​លិ​លេយ្យ​ឆ្ពោះ​ទៅ​បន្ទាត់​ព្រំ​ដែន​ដោយ​ឆ្លង​កាត់​ជា​ច្រើន​ភូមិ​ និង​ជា​ដង​ផ្លូវ​ដ៏​សំខាន់​សំរាប់​សិស្ស​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ស្ថិត​ក្នុង​ភូមិ​ទួល​ប្រាសាទ​ សង្កាត់​ប៉ោយ​ប៉ែត​ រង​ការ​បំផ្លាញ​ដោយ​រថ​យន្ត​ធំៗ​ដឹក​ដី និង​ដឹក​ហ្គាសធ្វើ​ឱ្យ​សិស្ស​គ្រប់​គ្នា​ក៏​ដូច​ជា​អ្នក​ស្រុក​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​​រអ៊ូ​រទាំ​ថា ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ក្នុង​រដូវ​វស្សា​ភ្លៀង​ធ្លាក់​នេះ​។ ផ្លូវ​លំ​មួយ​ខ្សែ​នេះ​ក្រោយ​ពី​ភ្លៀង​ម្តងៗ​គេ​ឃើញ​សិស្ស​សាលា​ជិះ​កង់ ឬ​ម៉ូតូ​ស្ទើរ​​តែ​លែង​ចង់​កើត​ដោយ​មាន​កន្លែង​ខ្លះ​ផ្លូវ​បែក​ភក់ និងជង្ហុក​ធំៗ ហើយ​រអិល​ទៀត​ផង ដោយ​សារ​គ្មាន​ក្រួស ដូច្នេះ​សិស្ស​ខ្លះ​ចុះ​ដើរ ខ្លះ​បណ្តើរ​កង់​។

បញ្ហា​ផ្លូវ​ដ៏​លំបាក​នេះ​មិន​មែន​ទើប​តែ​ឆ្នាំ​នេះ​ទេ គឺ​គេ​ឃើញ​កើត​មាន​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ។ រដូវ​វស្សា​ឆ្នាំ​មុនៗ សិស្ស​ខ្លះ​ជិះ​កង់​លែង​កើត​ត្រូវ​បង្ខំ ចិត្ត​ទុក​ផ្ញើ​គេ​តាម​ផ្លូវ ឬ​ក៏​ផ្ញើ​​នៅ​ទី​បញ្ជា​ការ​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​គោក​វរ​សេនា​តូច​លេខ​៩១១ ដែល​ស្ថិត​នៅ​តាម​ដង​ផ្លូវ​​នោះ​។ ផ្លូវ​នេះ​មិន​មែន​អាជ្ញា​ធរ​មិន​អើ​ពើ​ធ្វើ​ទេ គឺ​​ជួស​ជុល​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​ទប់​ទល់​នឹង​រថ​យន្ត​ដឹក​ដី ឬ​ធុង​ហ្គាស​​ធំៗ​មិន​បាន​។ រថ​យន្ត​ដឹក​ដី​តែង​ធ្វើ​ចរា​ចរខួប​ប្រាំង​ ខួប​វស្សា​ ចំណែក​រថ​យន្ត​ដឹក​ធុង​ហ្គាស​ក៏​ដូច្នោះ​ដែរ​ ប៉ុន្តែ​ដឹក​តែ​ពេល​យប់​ចេញ​ពី​ច្រក​របៀង​មួយ​ចំនួន​ក្នុង​ស្រុក​អូរ​ជ្រៅ​។

សិស្ស​រាប់​រយ​នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​រៀន​នៅ​វិទ្យា​ល័យ​ហ្វ្រា​ស្ថិត​ក្នុង​ភូមិ​ទួល​ប្រាសាទ​ ភាគ​ច្រើន​មក​ពី​ភូមិ​សិលា​ខ្មែរ​ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។ ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ទួល​ប្រាសាទ​បាន​និយាយ​ថា ផ្លូវ​ដែល​​រង​ការ​បំផ្លាញ​នេះ​គឺ​មក​ពី រថ​យន្ត​ធំៗ​ដឹក​ហ្គាស​នៅ​ពេល​យប់​ និង​រថ​យន្ត​ដឹក​ដី​នៅ​ពេល​ថ្ងៃ​។​ ទាំង​ប្រជា​ពល​រដ្ឋ​​ ទាំង​សិស្ស​សាលា​បាន​សំណូម​ពរ​សុំ​ឱ្យ​អាជ្ញា​ធរ​សង្កាត់ និង​ក្រុង​ជួយ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ផង បើ​ពុំ​ដូច្នេះ​ទេ ការ​ធ្វើ​ដំណើរ​របស់​ពួ​ក​គាត់​កាន់​តែ​លំបាក​ក្នុង​រដូវ​វស្សា​នេះ ប្រសិន​បើ​រថ​យន្ត​ដឹក​ដី​ និង​ដឹក​ធុង​ហ្គាសនៅ​តែ​បន្ត​សកម្ម​ភាព​។ ជុំ​វិញ​បញ្ហា​នេះ​ លោកសាន ស៊ានហូ ចៅ​សង្កាត់​ប៉ោយ​ប៉ែត​បាន​ប្រាប់​កោះ​សនិ្ត​ភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ថា បញ្ហា​នេះ​លោក​​កំពុង​ចាត់​វិធាន​ការ​ហើយ​ គឺ​កំពុង​ឱ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​តាម​ភូមិ​ដាក់​បារ៉ាស់​ ហើយ​ណែ​នាំ​ដល់​រថ​យន្ត​ធំៗ​ដែល​ធ្វើ​អាជីវ​កម្ម​លើ​​ដង​ផ្លូវ​ឱ្យ​ជួយ​ជា​ថវិកា​ ឬ​ជា​ក្រួស​ចាក់​ លុប​បំពេញ​ចំណុច​ដែល​ខូច​ខាត​។ លោក​មិន​បណ្តោយ​ឱ្យ​ប្រជា​ពល​រដ្ឋ​ក៏​ដូចជា​សិស្ស​សាលា​មានការលំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​រហូត​ទេ គឺ​នឹងមាន​ការ​អភិវឌ្ឍ​បណ្តើរ​ៗ​នា​ពេល​ខាងមុខ​ ៕