ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ការ​ពារ​អ្នក​ធ្វើ​ការ​ងារ​តាម​ផ្ទះ​ដូច​អ្នកធ្វើ​ការ​ដទៃ​ទៀត​ដែរ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្រោម​ការ​​ជួយ​ឧបត្ថម្ភ​ពី​ជំនួយ​វិហា​រដា​ណឺ​​ម៉ាក​ អង្គ​ការ​​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ​ និង​ស្ត្រី​​បាន​រៀប​ចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​ពិនិត្យ និង​ការ​ផ្តល់​អនុ​សាសន៍​ទៅ​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​អនុ​សញ្ញា​អន្តរ​ជាតិ​ស្តី​ពីអ្នក​​ធ្វើការ​តាម​ផ្ទះ​កាល​ពី​ថ្ងៃ​ទី២៥ ឧសភា នៅ​សណ្ឋា​គារ​​កាំ​បូ​ឌី​យ៉ា​ណា​

រាជ​ធានី​ភ្នំពេញ ៖ ក្រោម​ការ​​ជួយ​ឧបត្ថម្ភ​ពី​ជំនួយ​វិហា​រដា​ណឺ​​ម៉ាក​ អង្គ​ការ​​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ​ និង​ស្ត្រី​​បាន​រៀប​ចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​ពិនិត្យ និង​ការ​ផ្តល់​អនុ​សាសន៍​ទៅ​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​អនុ​សញ្ញា​អន្តរ​ជាតិ​ស្តី​ពីអ្នក​​ធ្វើការ​តាម​ផ្ទះ​កាល​ពី​ថ្ងៃ​ទី២៥ ឧសភា នៅ​សណ្ឋា​គារ​​កាំ​បូ​ឌី​យ៉ា​ណា​។

លោក​ស្រី​ពឹង ធីតា នាយិកា​ស្តី​ទី​នៃ​អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ​ និង​ស្ត្រី បាន​ថ្លែង​ថា អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់កុមារ និង​ស្ត្រី​បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០០២ ដោយ​មាន​គោល​បំណង​ជា​ចំបង​ក្នុង​ការ​លើក​កំពស់​សិទ្ធិ​ស្ត្រី​ និង​កុមារ​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​នូវ​សេវា​កម្ម​ផ្នែក​ច្បាប់​ ការ​តស៊ូ​មតិ​ និង​ការ​លើក​កំពស់​ចំណេះ​ដឹង​ជា​សាធារណៈ​ដល់​ប្រជា​ពល​រដ្ឋ​ដើម្បី​ឱ្យ​ពួក​គេ​មាន​លទ្ធ​ភាព​ក្នុង​ការ​ទាម​ទារ​បាន​នូវសិទ្ធិ​ និង​សេរី​ភាព​របស់​ពួក​គេ​ដែល​តែង​តែ​ត្រូវ​បាន​គេ​រំលោភ​បំពាន​។​ ជា​មួយ​គ្នា​នេះ​ផង​ដែរ​ អង្គ​ការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ​ និង​ស្ត្រី​ក៏​បាន​ធ្វើ​ការ​​ងារ​ជាមួយ​នឹង​អាជ្ញា​ធរមូល​ដ្ឋាន​ក្នុង​គោល​ដៅ​ដើម្បី​បង្កើន​នូវ​ចំណេះ​ដឹង​ និង​ជំនាញ​ផ្នែក​ច្បាប់​ដល់​ពួក​គេ​ដើម្បី​ឱ្យ​ពួក​គេ​អាច​មាន​លទ្ធ​ភាព និង​សមត្ថ​ភាព​ពេញ​លេញ​ក្នុង​ការ​ផ្តល់​សេវា​កម្ម​មាន​ប្រសិទ្ធ​ភាព​និង​ទាន់​ពេល​វេលា​ដល់​ស្ត្រី​ និង​កុមារ​ ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​។

ការ​រៀប​ចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​ពិនិត្យ​ និង​ការ​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​អនុ​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​អ្នក​ធ្វើ​ការ​ងារ​តាម​ផ្ទះ​នា​ថ្ងៃ​នេះ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ​ និង​ស្ត្រី​ដើម្បី​លើក​កំពស់​សិទ្ធិ​សេរី​ភាព និង​កិច្ច​ការ​ពារ​ដល់​អ្នក​ធ្វើ​ការ​ងារ​តាម​ផ្ទះ ដែល​ភាគ​ច្រើន​ជា​ស្ត្រី និង​កុមារ​។ សិក្ខា​សាលា​ពិគ្រោះ​យោបល់​នេះ​ជា​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើក​ទី​២​បន្ទាប់​ពី​ការ​រៀប​ចំ​កិច្ច​ពិគ្រោះ​យោបល់​លើក​ទី​១​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពិនិត្យ​ និង​ផ្តល់​អនុសាសន៍​រួម​គ្នា​ទៅ​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​អនុ​សញ្ញា​របស់​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​ស្តី​ពី​អ្នក​ធ្វើ​ការ​ងារ​តាម​ផ្ទះ ដែល​សេចក្តី​ព្រាង​ចុង​ក្រោយ​នេះ​នឹង​ត្រូវ​បាន​គេ​លើក​យក​ទៅ​ពិភាក្សា​ និង​​អនុ​ម័ត​ដោយ​រដ្ឋ​ជា​ភាគី​របស់​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​ នា​សន្និ​សីទ​ពេញ​អង្គ​លើក​ទី​១០០​របស់​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​នៅ​ខែ​មិថុនា ឆ្នាំ​២០១១ ខាង​មុខ​នេះ​។ អនុសាសន៍ ឬ​ក្តី​កង្វល់​នានា​ដែល​បាន​មក​ពី​សិក្ខា​សាលា​ពិគ្រោះ​យោបល់​នេះ​នឹង​ដាក់​ជូន​ទៅ​តំណាង​រាជ​រដ្ឋា​ភិ​បាល​ និង​សហ​ជីព​ដើម្បី​ពិចារណា​មុន​ពេល​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​របស់​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​នា​ពេល​ខាង​មុខ​នេះ​។

លោក​ស្រី ពឹង ធីតា បញ្ជាក់​ថា ការ​លើក​យក​របៀប​វារៈ​ស្តី​ពី​ការ​ងារ​សម​រម្យ​សំរាប់​អ្នក​ធ្វើ​ការ​ងារ​តាម​ផ្ទះ​ជានិន្នា​ការ​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ និង​ការ​ការ​ពារ​អ្នក​ធ្វើ​ការ​ងារ​តាម​ផ្ទះ​ដូច​ជា​អ្នក​ធ្វើ​ការ​ងារ​ផ្សេងៗ​ទៀត​ដែរ​ ហើយ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ដែល​ប្រភេទ​ការ​ងារ​តាម​ផ្ទះ​នេះ​មិន​ត្រូវ​គេ​ទទួល​ស្គាល់​ និង​ទទួល​បាន​ការ​ការ​ពារ​ដោយ​ច្បាប់​នៅ​ឡើយ​។ ទើប​តែ​ពេល​នេះ​​ការ​ផ្តួច​ផ្តើម​គំនិត​ដើម្បី​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​លើ​របៀប​វារៈ​ការ​ងារ​សម​រម្យ​សំរាប់​អ្នក​ធ្វើ​ការ​ងារ​តាម​ផ្ទះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​នា​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​នា​ឆ្នាំ​២០០៨ កន្លង​ទៅ​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ​សេចក្តី​ព្រាង​អនុសញ្ញា​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​បាន​លេច​ចេញ​ជា​រូប​រាង​ ហើយ​សេចក្តី​​ព្រាង​នេះ​នឹង​ក្លាយ​ជា​ច្បាប់​អន្តរ​ជាតិ​​មួយ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ការ​ការពារ​សិទ្ធិ​សេរី​ភាព​ និង​ឈាន​ទៅ​លុប​បំបាត់​នូវ​រាល់​ទម្រង់​នៃ​ពល​កម្ម​បែប​ទាស​ភាព និង​ពល​កម្ម​កុមារ​ក្នុង​វិស័យ​ការ​ងារ​តាម​ផ្ទះ​នៅ​ពេល​ដែល​រដ្ឋ​ជា​ភាគី​ទាំង​អស់​របស់​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​ដែល​រួម​មាន​រដ្ឋា​ភិ​បាល​ សហជីព និង​សមា​គម​និយោ​ជក​គាំទ្រ​អនុម័ត​លើ​សេចក្តី​ព្រាង​នេះ​នា​ខែ​មិថុនា​ ឆ្នាំ​២០១១ ៕