ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រធាន​មន្ទីរ​បាន​សុំ​ទោស​មែន​… ព្រោះ​លោក​ច្រឡំ​… (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • រតនគិរី

លោក អៀម អឿ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៣ បាន​កើតទុក្ខ​មិន​សុខចិត្ត ហើយ​ចេញ​សេចក្ដី​ស្រាយ​បំភ្លឺ រឿង​ភូ​.​ត​កុហក​ថ្នាក់លើ ដោយ​បាន​ច្រាន​ចោល​នៅ​ទឹកប្រាក់​ជាង​៧​លាន​រៀល ដែល​​បងប្អូន​អ្នក​ភូមិ

ខេត្តរតនគិរី ៖ លោក អៀម អឿ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៣ បាន​កើតទុក្ខ​មិន​សុខចិត្ត ហើយ​ចេញ​សេចក្ដី​ស្រាយ​បំភ្លឺ រឿង​ភូ​.​ត​កុហក​ថ្នាក់លើ ដោយ​បាន​ច្រានចោល​នៅ​ទឹកប្រាក់​ជាង​៧​លាន​រៀល ដែល​បងប្អូន​អ្នក​ភូមិ​រៃ​អង្គាស​បាន​នោះ ថា ជា​ប្រាក់​របស់​គណ​:​ក​ម្មា​ធិ​ការ​អភិវឌ្ឍន៍​ភូមិ​បាន​ផ្ដល់​ឲ្យ ដើម្បី​យក​ទៅ​ធ្វើ​ផ្លូវ សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ទៅ​វិញ​។

រីឯ​ការ​ច្រានចោល​របស់​លោក អៀន អឿ​ន រូប​នោះ ក៏​បាន​ធ្វើ​ឲ្យ​កម្លាំង​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ រួម​នឹង​មេ​ភូមិ​ចា​អ៊ុ​ង​កៅ និង​ចា​អ៊ុ​ង​ចាន់​ផង​ដែរ បាន​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បា​យ៉ាង​ខ្លាំង ហើយ​ក៏​ចង់​ឲ្យ​លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រូប​នោះ បង្ហាញ​ឯកសារ​ចំណាយ​សាច់ប្រាក់​របស់​គណៈ​កម្មា​ធិការ​អភិវឌ្ឍន៍​ភូមិ យក​មក​ដាក់​នៅ​លើ​តុ ដើម្បី​បង្ហាញ​មហាជន​ឲ្យ​បាន​ដឹងផង​។ តែបើ​ពុំ​មាន​ឯកសារ​ទេ​នោះ តម្រូវ​ឲ្យ​លោក អៀម អឿ​ន ត្រូវ​តែ​ធ្វើការ​សុំ​ទោស ដោយ​លាយលក្ខណ៍​ជា​អក្សរ និង​សុំ​ទោស​ជា​សាធារណៈ ទើប​ពួក​គាត់​ស្ងប់ចិត្ត​វិញ​។

ពេល​នេះ តំណាង​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ គឺ​លោក ភួយ វ​ណ្ណា បាន​បញ្ជាក់​ថា «​នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៤​នេះ លោក អៀម អឿ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី ក៏​បាន​មក​សុំ​អភ័យទោស​នៅ​ចំពោះ​មុខ​តំណាង​ប្រជាពលរដ្ឋ​ហើយ​។ តែ​ការ​សុំ​ទោស​នោះ នៅ​ពុំ​ទាន់​បាន​ធ្វើការ​សុំ​ទោស ដោយ​លាយលក្ខណ៍​ជា​អក្សរ និង​សុំ​ទោស​ជា​សាធារណៈ​នៅឡើយ​ទេ​»​។

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក៏​បាន​ផ្ដាំផ្ញើ​តាម​រយៈ​លោក​អភិបាលខេត្ត​រតនគិរី ឲ្យ​ជួយ​សួរសុខទុក្ខ និង​ថ្លែង​អំណ​គុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នោះ​ផង​ដែរ ដែល​បាន​រៃ​អង្គាសប្រាក់​ផ្ទាល់ខ្លួន​យក​ទៅ​ធ្វើ​ជា​ផ្លូវ​បេតុង បាន​ប្រវែង​៧០​ម៉ែត្រ នៅ​ស្រុក​អូរ​ជុំនោះ​។

ហើយ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៤​នេះ លោក​អភិបាលខេត្ត​រតនគិរី រួម​នឹង​មន្ត្រី បាន​នាំ​យក​ថវិកា​មួយ​​ចំនួន និង​ផ្ដាំផ្ញើ​របស់​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ទៅ​សួរសុខទុក្ខ និង​ជូន​ដល់​តំណាង​ប្រជាពលរដ្ឋ​ដល់ទី​តាំង​តែ​ម្ដង គឺ​នៅ​លើ​កំណាត់​ផ្លូវ​បេតុង ប្រវែង​៧០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ឃុំ​ចា​អ៊ុ​ង ស្រុក​អូ​ជុំ ខេត្តរតនគិរី​។

លោក ញ៉ែ​ម សំ​អឿ​ន អភិបាលខេត្ត​រតនគិរី បាន​ថ្លែង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សមិទ្ធផល​ដែល​កើត​ចេញពី​កម្លាំង​សាមគ្គី​របស់​បងប្អូន​នៅ​ទីនោះ បើ​ទោះបី​ការ​ធ្វើ​ផ្លូវ​នោះ ពុំ​មាន​អ្នកបច្ចេក​ទេស​ចូលរួម​ក៏​ដោយ​។ តែ​ក៏​អាច​ប្រើប្រាស់​បាន​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​យើង​នៅ​ក្នុង​មូលដ្ឋាន​នេះ និង​មាន​អត្ថន័យ​សម្រាប់​ខេត្តរតនគិរី ព្រមទាំង​ទូ​ទាំង​ប្រទេស​ផង​ដែរ​។

ក្នុង​នាម​ជា​អាជ្ញាធរ​ខេត្ត សុំ​ឲ្យ​មានការ​យោគយល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ព្រោះថា កាល​ពី​ពេល​កន្លង​មក មានការ​ភាន់ច្រឡំ​បន្ដិចបន្តួច ពី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី ហើយ​លោក អៀម អឿ​ន វិញ ក៏​បាន​ធ្វើការ​សុំ​ទោស​ផង​ដែរ​។ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក​ក៏​បាន​ថ្លែង​អំណរ​អរគុណ​ពី​ចម្ងាយ​ដល់​បងប្អូន​ជាង​៣០០​គ្រួសារ​នោះ តាម​រយៈ​លោក​ដែរ​។

នៅ​ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ផ្ដល់​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល និង​ស្រា​បៀរ​ចំនួន​២០​កេស ជូន​បងប្អូន ដើម្បី​ជា​ការ​ចូលរួម​លើកទឹកចិត្ត និង​ធ្វើ​កិច្ច​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ផ្លូវ​បេតុង​ប្រវែង​៧០​ម៉ែត្រ​នោះ​។

លោក​អភិបាលខេត្ត​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អភិ​វឌ្ឍន៍ជនបទ ខណៈនោះ​លោក​បាន​លើក​ឡើង​ពី​ទុក្ខ​លំបាក​របស់​បងប្អូន​យើង គឺ​រឿង​ផ្លូវលំ​ជាង​៣៨​គីឡូម៉ែត្រ ដែល​ត​.​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧៨ កាត់​ស្រុក​អូរ​ជុំ ឆ្ពោះទៅ​ឃុំ​ហាត់​ប៉ក់ ស្រុក​វ៉ឺ​ន​សៃ ដែល​បច្ចុ​ប្បន្ន​ពុំ​ទាន់​បាន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ជូន​បងប្អូន​បាន​ធ្វើ​ដំណើរ និង​ប្រើប្រាស់​ទៅ​តាម​តម្រូវកា​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ចំនួន​៣១០​គ្រួសារ បាន​នាំ​គ្នា​រៃ​ប្រាក់ ដោយ​ក្នុង​មួយ​គ្រួសារ​ចំនួន​២​ម៉ឺន​រៀល​យក​ទៅ​ធ្វើ​ផ្លូវ​បេតុង​បាន​ប្រវែង​៧០​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់ ដោយសារ​តែ​ផ្លូវ​នោះ បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ទៅ​ហើយ ពិ​បាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ភូមិ​ណាស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ