រាជធានីភ្នំពេញ ៖ សពបុរស-ស្ត្រី២នាក់ប្តី-ប្រពន្ធមួយគូត្រូវបានគេប្រទះឃើញដេកស្លាប់គងលើគ្នាគួរឱ្យភ្ញាក់ផ្អើលដោយសារតែមានជះក្លិនអសោចិ៍ចេញមកក្រៅធ្វើឱ្យមនុស្សម្នាដែលទៅចោមរោមមើលពិបាកដកដង្ហើមពន់ពេកណាស់ ។ សពបុរស-ស្ត្រីដែលត្រូវបានគេអះអាងជាជំហានដំបូងថា ជាប្តី-ប្រពន្ធនេះគឺដេកស្លាប់នៅក្នុងផ្ទះជួលបន្ទប់លេខ៨ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយត្រូវបានគេប្រទះឃើញកាលពី វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ឧសភា ២០១១។
សពបុរសរងគ្រោះឈ្មោះផុន ថាត់ អាយុ២៩ឆ្នាំ សពស្ត្រីឈ្មោះពេជ្រ ស្រីនាង អាយុ១៩ឆ្នាំ អ្នកទាំង២ត្រូវបានគេស្គាល់ថា ជាកម្មកររោងចក្របានដេកស្លាប់យ៉ាងអាថ៌កំបាំងគងលើគ្នា ដោយមានឈាមកកជាប់ខ្លួន និងហូរទៅកកលើកម្រាលឥដ្ឋ ហើយនៅក្នុងបន្ទប់ដែលពួកគេដេកស្លាប់នេះមានសភាពរាយប៉ាយ ហាក់បង្ហាញថា ពេលកើតហេតុ មានការប្រតាយប្រតប់គ្នាយ៉ាងដូច្នោះដែរ ។
សមត្ថកិច្ចកំពុងត្រួតពិនិត្យនៅឡើយ មិនទាន់ត្រូវបានគេអះអាងថា ជារឿងឃាតកម្ម ឬយ៉ាងណានោះទេ សពបានជះក្លិនស្អុយចេញមកក្រៅធ្វើឱ្យគេគិតថា យ៉ាងហោចណាស់ក៏ស្លាប់២ទៅ៣ថ្ងៃដែរ ។ ដំបូងឡើយគេគិតថា ជារឿងឃាតកម្ម? ប៉ុន្តែអ្នកជិតខាងបាននិយាយថា អាចជារឿងធ្វើអត្តឃាតទៅវិញ…ព្រោះមុនពេលប្រទះឃើញសពទាំង២នាក់ប្តី-ប្រពន្ធនេះគឺពួកគេបានឈ្លោះគ្នាឡូឡាឮដល់អ្នករស់នៅក្បែរនោះផងដែរ ។ អ្វីដែលធ្វើឱ្យគេសង្ស័យថា ជាអំពើអត្តឃាតនោះ គឺបន្ទប់របស់ពួកគេមានខ្ទាស់គន្លឹះពីខាងក្នុង មិនមានអ្នកក្រៅណាអាចចូលទៅបាននោះទេ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
ចែករំលែកព័តមាននេះ