ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ឃួង​ ស្រេង​ បិទព្រឹត្តិការណ៍ប្រកួត បាល់ទាត់ពានរង្វាន់ «៧មករា ឈ្នះ!ឈ្នះ! តេជោសន្តិភាព» រដូវកាលទី៨ ដេីម្បី​អបអរ​សាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាច​ថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤…

រាជធានី​ភ្នំពេញ​៖​ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាច​ថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​បិទព្រឹត្តិការណ៍ប្រកួត​បាល់ទាត់ «ពានរង្វាន់ ៧មករា ឈ្នះ!ឈ្នះ! តេជោសន្តិភាព» រដូវកាលទី៨ ឆ្នាំ២០២៤ អបអរសាទរខួប លើកទី៤៥ ទិវាជ័យជម្នះ៖ ៧មករា” រៀបចំឡើង ដោយសម្ព័ន្ធយុវជន​ស្រឡាញ់​សន្តិភាព នៅទីលានបាលទាត់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា សង្កាត់ឃួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

លោក​ ឃួង​ ស្រេង​ បានលើកឡើងថា​ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពតែងតែបានរៀបចំកម្មវិធី​ប្រកួតកីឡា ដើម្បីអបអរសាទរ “ទិវា​ជ័យជម្នះ៧មករា” នេះ ជារៀងរាល់ឆ្នាំ ដោយគិតមកដល់​ឆ្នាំនេះ មាន រយៈពេល ៨ឆ្នាំហើយ​។ នេះ​សបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពី​ស្មារតីដឹងគុណ តប​ស្នង​សងគុណ និងការពារសច្ចធម៌ប្រវត្តិសាស្ត្រជាតិ របស់យុវជនជំនាន់ក្រោយ គោរពជូនចំពោះ វីរយុទ្ធជន-យុទ្ធនារី អ្នក​ស្នេហាជាតិ និងវីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ត ដែលបានប្រយុទ្ធ និងធ្វើ ពលិកម្មយ៉ាងអង់អាចក្លាហានបំផុត រំដោះជាតិមាតុភូមិ ឱ្យរួចផុតពីរបប​ប្រល័យពូជសាសន៍ ប៉ុលពត និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។

លោក​បន្ត​ថា​ ប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបាននូវ អតីតកាលដ៏ខ្មៅងងឹត ពោរពេញ​ដោយការឈឺចាប់ខ្លោចផ្សារកទី បំផុតគ្មាន ដែលបង្កឡើងដោយសង្គ្រាម និងអំពើប្រល័យ​ពូជសាសន៍ ហើយគា្មនសោកនាដកម្មណា គ្មានភាព អយុត្តិធម៌ណា និងគ្មានការបាត់បង់ណា ដែលមានទំហំធំធេងជាងរបបវាលពិឃាតនេះឡើយ។

ក្នុងរយៈពេល ៤៥​ឆ្នាំកន្លងមកនេះ ផ្តើមចេញពីថ្ងៃ ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ និងការដាក់​ចេញ​នូវគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្ដេចតជោ ហ៊ុន សែន មកដល់ពេលបច្ចុប្បន្ននេះ ប្រទេស​ជាតិយើង ដែលធ្លាប់តែគ្របដណ្ដប់ដោយភាពអសន្តិសុខ អស្ថិរភាព ស្លាកស្នាមនៃ​សង្គ្រាម ភាពក្រីក្រ ឧក្រិដ្ឋកម្ម ការរំលោភសិទ្ធិ មនុស្ស និងអំពើ ប្រល័យពូជសាសន៍ ឥឡូវបានប្រែ​ក្លាយ​ជាប្រទេស ប្រកបដោយសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការ​អភិវឌ្ឍយ៉ាងឆាប់រហ័ស។

ផ្អែកតាមរបាយការណ៍ស្តីពីការរៀបចំការប្រកួតរយៈពេល ប៉ុន្មានថ្ងៃមកនេះ គឺពិតជាបានបង្ហាញ​យ៉ាងច្បាស់ថា កម្មវិធីរបស់យើង បានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ ដោយ​ភាតរភាព ក្នុងនាមជាពលរដ្ឋកំពុងរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ រីកចម្រើន ជឿនលឿន លើគ្រប់វិស័យ ស្របតាមពាក្យស្លោក “កីឡារស់ក្នុង សន្តិភាព”​។

ការរៀបចំព្រឹត្តិការណ៍កីឡាក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការលើកទឹកចិត្ត និងការចូលរួមគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ជូនចំពោះសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបានឆ្លុះបញ្ចាំងឱ្យ​ឃើញនូវភាពរីកចម្រើននៃវិស័យកីឡានៅ​កម្ពុជា និងជាជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោល​នយោបាយស្តីពី វិស័យអប់រំកាយ និងកីឡា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ​របស់​សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រកបដោយក្តី មោទនភាពបំផុត។

លោក​ ឃួង​ ស្រេង​ បានបញ្ជាក់​ថា​ ទិវាជ័យជម្នះ ៧មករា គឺជាថ្ងៃកំណើតទី២របស់យើង​ទាំងអស់គ្នា សូមឱ្យស្មារតី ៧មករា នៅតែជាមេរៀន បទពិសោធន៍ និងជាកញ្ចក់ឆ្លុះបញ្ចាំងពី​ប្រវត្តិសាស្ត្រ សម្រាប់យុវជន និង​ប្រជាជនកម្ពុជា ដើម្បីយើងទាំងអស់គា្ន រួមគ្នាការពារមិនឱ្យ​មាន​ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ដែល​យើងទាំងអស់គ្នាត្រូវចងចាំថា “កីឡា​រស់​ក្នុងសន្តិភាព! កីឡាគឺជា ស្ពានការទូត ជាមិត្តភាពគ្មានព្រំដែន” កីឡាគឺជាមិត្តភាព ចាញ់ ឬ ឈ្នះ៖ គឺជារឿងធម្មតា និងជាបទពិសោធន៍សម្រាប់ការប្រកួតលើកក្រោយៗ ទៀត” និងសូមនាំគ្នា​អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ថ្នាក់ ដឹកនាំយើងគឺ «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ»។ ​

លោក​ ប៉ាន់ ខែម ប៊ុនថន ប្រធាន​ប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បាន​លើក​ឡើង​ថា​ កម្មវិធី​ប្រកួតកីឡា ដើម្បីអបអរសាទរ “ទិវា ជ័យជម្នះ៧មករា” នេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៦មក ដែលមានរយៈពេល ៨ឆ្នាំហើយ ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតជោ ហ៊ុន សែន ហើយកីឡាករសុទ្ធតែជាយុវចាស់ដែលអាយុរហូត៧០ឆ្នាំក៏មាន ជាកីឡាករថ្នាក់ជាតិ នៅក្នុង​​ទស្សវត្ស ទី៨០ ,៩០, ២០០០ ។ លោក​បន្តថា​ កីឡាករទាំងអស់ មាន​ចំនួន ៤ក្រុម​៖ ទី១ ក្រុម​បាល់ទាត់ បក្សីអង្គរ (ខេត្តសៀមរាប) ទី​២ ក្រុមបាល់ទាត់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព (ភ្នំពេញ)​ទី​៣ ក្រុមបាល់ទាត់ សម្ព័ន្ធវ័យចាស់ខ្មែរឥស្លាម មកពីខេត្តត្បូងឃ្មុំ និងក្រុមទី៤ ក្រុមបាល់​ទាត់ វ័យចាស់កំពង់ស្វាយ តំណាងខេត្តកណ្តាល​។ ចំពោះចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម​បាល់ទាត់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព (ភ្នំពេញ)​។ ចំណាត់ថ្នាក់ លេខ២ បានទៅលើ​ក្រុម​បាល់​ទាត់ បក្សីអង្គរ (ខេត្តសៀមរាប)​។ លេខ៣ បានទៅលើក្រុមបាល់ទាត់ សម្ព័ន្ធ វ័យចាស់​ខ្មែរឥស្លាម មកពីខេត្តត្បូងឃ្មុំ និងលេខ៤ បានទៅលើក្រុមបាល់ទាត់ សម្ព័ន្ធវ័យចាស់កំពង់ស្វាយ ខេត្តកណ្តាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ