បណ្តាអ្នកទទួលខុសត្រូវប៉ាគីស្ថានគូសបញ្ជាក់ថា អង្គការការពារកំពូលរបស់ប៉ាគីស្ថានបានរួមប្រជុំកាលពីថ្ងៃទី២៥ ឧសភា ដើម្បីពិភាក្សាពីវិធានការសន្តិសុខវិសាមញ្ញទាំងឡាយ៣ថ្ងៃ ក្រោយការវាយប្រហាររបស់ពួកតាលីបង់ ប្រឆាំងនឹងមូលដ្ឋានអាកាសចរណ៍សំខាន់មួយរបស់កងម៉ារីននៅក្រុងការ៉ាជី។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកស៊ីយេដ យូស៊ូហ្វ រីហ្សាហ្ស៊ីឡានី បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលខាងកិច្ចការពារ ក្រោយការវាយប្រហារកាលពីថ្ងៃទី២២ ឧសភា កន្លងមកនេះ ដែលបណ្តាលឱ្យស្លាប់ទាហានម៉ារីន១០នាក់ និងបំផ្លាញយន្តហោះស៊ើបការណ៍តាមសមុទ្រ២គ្រឿង ។
ពួកតាលីបង់ប៉ាគីស្ថានបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះដែលញ៉ាំងឱ្យមានការភ័យខ្លាចចំពោះសមត្ថភាពរបស់ពួកសកម្មប្រយុទ្ធវាយប្រហារលើទីតាំងសំខាន់ៗទាំងឡាយនៅទូទាំងប្រទេស ។ កិច្ចប្រជុំនេះក៏ប្រព្រឹត្តទៅដែរប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារមួយទៀតរបស់ពួកតាលីបង់ប្រឆាំងនឹងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ប៉ូលិសក្នុងទីក្រុងប៉េសាវ៉ា ភាគពាយ័ព្យប្រទេស ដែលបណ្តាលឱ្យស្លាប់ប៉ូលិសយ៉ាងតិច៥នាក់ និងធ្វើឱ្យរបួសជាង២០នាក់ទៀត។
ពួកតាលីបង់បានពង្រីកការវាយប្រហាររបស់ពួកគេចាប់តាំងពីការវាយឆ្មក់របស់កងកុំម៉ង់ដូអាមេរិកប្រឆាំងកន្លែងលាក់ខ្លួននៅប៉ាគីស្ថានរបស់អូសាម៉ា ប៊ីឡាដេន កាលពីថ្ងៃទី២ ឧសភា កន្លងមកនេះ ។ ប្រមុខបណ្តាភ្នាក់ងារយោធា រដ្ឋមន្ត្រីការពារប្រទេសរដ្ឋមន្ត្រីមហាផ្ទៃ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ប៉ាគីស្ថានដទៃៗទៀតនឹងបង្ហាញពីភាពលម្អិតនៃការវាយប្រហារភេរវកម្មប្រឆាំងមូលដ្ឋានអាកាសចរណ៍របស់កងម៉ារីន ។ កងទ័ពប៉ាគីស្ថានបានបើកការស៊ើបអង្កេតមួយក្រោយការវាយប្រហារនេះ ៕
ចែករំលែកព័តមាននេះ