ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបញ្ឈប់​ជា​បន្ទាន់ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ចំពោះ​បុគ្គល​ដែល​ជិះ​ម៉ូតូ​នាំមុខ​រថយន្ត​គិលានសង្គ្រោះ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៤ មន្ទីរ​សុខាភិបាល​ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹងជម្រាប​ជូន​ដល់​សាធារណជន​ទាំងអស់ ​មេត្តា​ជ្រាប​ថា​ សព្វ​ថ្ងៃនេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៤ មន្ទីរ​សុខាភិបាល​ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹងជម្រាប​ជូន​ដល់​សាធារណជន​ទាំងអស់ ​មេត្តា​ជ្រាប​ថា​ សព្វ​ថ្ងៃនេះ មាន​មនុស្ស​មួយ​ចំនួន​តូច ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​នាំមុខ​រថយន្ត​គិលានសង្គ្រោះ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​ជា​សកម្មភាព​បង្ក​ឲ្យ​មាន​រូបភាព​អវិជ្ជមាន នូវ​ភាព​អនាធិបតេយ្យ​ នៅ​លើ​ដងផ្លូវ​សាធារណៈ ភាព​ប៉ះពាល់ ដល់​ការ​សង្គ្រោះ និង​ភាព​ភ័ន្ត​ច្រឡំ​មក​លើ​មន្ទីរ​សុខាភិបាល ​។

ចំពោះ​សកម្មភាព​ខុសច្បាប់​ ដែល​មនុស្ស​មួយ​ចំនួន​តូច​នេះ ​បាន​បង្ក​នោះ គឺ​ពួក​គេ​បាន​ប្រើប្រាស់​ម៉ូតូ​ផ្ទាល់ខ្លួន ដោយ​មានការ​តុបតែង​ភ្លើង​សញ្ញា ការ​បិត​ស្លាក​សម្គាល់​តាំងខ្លួន​ជា​ភ្នាក់ងារ​សង្គ្រោះ និង​ធ្វើ​សកម្មភាព​សង្គ្រោះ​បឋមផ្សេង​ៗ នៅ​ពេល​ដែល​ខ្លួន​គ្មាន​វិជ្ជាជីវៈ​ពិតប្រាកដ និង​គ្មាន​ការ​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​មូលដ្ឋាន ឬ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ។

មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ជូន​ដល់​សាធារណជន​ទាំងអស់ ​អំពី​ផលវិបាក នៃ​សកម្មភាព​ខុសច្បាប់​ខាងលើ​នេះ បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ និង​អាច​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​កាន់តែ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ដោយសារ​សកម្មភាព​សង្គ្រោះ​របស់​បុគ្គល​មួយ​ចំនួន​តូច​នេះ​គ្មាន​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​ត្រឹមត្រូវ​ ។

ដើម្បី​លុប​បំបាត់​នូវ​សកម្មភាព​អវិជ្ជមាន​ដូច​បាន​ជម្រាប​ជូន​ខាងលើ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ស្នើ​បុគ្គល​ដែល​ប្រព្រឹត្ត​សកម្មភាព​ល្មើស ត្រូវ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ទាំងនេះ​ជា​បន្ទាន់​។ ទន្ទឹម​នឹង​នេះ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​សូម​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ សូម​ធ្វើការ​ឃាត់ខ្លួន​បុគ្គល​ខាងលើ​នេះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​
​ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​យ៉ាង​មុតមាំ​ថា មនុស្ស មួយ​ចំនួន​តូច​នេះ​នឹង​ចូលរួម​សហការ​បញ្ឈប់​សកម្មភាព​ល្មើស ហើយ​សូម​អំពាវនាវ​ដល់​អាណាព្យាបាល និង​អ្នក​ពាក់ព័ន្ធ បន្ត​អប់រំ​កុំឱ្យ​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​នេះ​បន្ត​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ