ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រផ្នូលមិនល្អ! ក្រោយប្រទះ​ឃើញ​ត្រី​នាគ ជប៉ុន​ជួប​គ្រោះ​រញ្ជួយ​ដី ​ខណៈថៃកំពុងភ័.យពីរលកយក្ស​ស៊ូណាមិ

2 ឆ្នាំ មុន

​ថៃ ៖ ការ​ប្រទះ​ឃើញ​វត្តមាន​ត្រី oarfish មិនមែន​ជា​ប្រផ្នូល​ធម្មតា​នោះ​ទេ​សម្រាប់​សកលលោក ជា​

​ថៃ ៖ ការ​ប្រទះ​ឃើញ​វត្តមាន​ត្រី oarfish មិនមែន​ជា​ប្រផ្នូល​ធម្មតា​នោះ​ទេ​សម្រាប់​សកលលោក ជា​ពិសេស​ក្នុង​ជំនឿ តាំងពី​យូ​លង់​របស់​ប្រជាជន​ជប៉ុន​ដែល​ចាត់​ទុក​ថា oarfish គឺជា​អ្នក​នាំសារ​ពី​ព្រះ​សមុទ្រ ដើម្បី​ព្រមាន​ពួក​គេ​ថា គ្រោះ​មហន្តរាយ​នឹង​មក​ដល់​។ រឿងព្រេង​ជប៉ុន​មួយ​បាន​កត់ត្រា​ឈ្មោះ​ត្រី​នេះ​ថា «Earthquake Fish» ឬ «​ត្រី​រញ្ជួយ​ដី​» ព្រោះ​វា​រមែង​បង្ហាញខ្លួន​ឱ្យ​ឃើញ នៅ​មុន ឬ​ក្រោយ​ពេល នៃ​គ្រោះ​រញ្ជួយ​ដី​ក្នុង​មហាសមុទ្រ ដែល​យើង​គ្រប់​គ្នា​ហៅ​តាម​ភាសា​ជប៉ុន​ថា «​រលក​យក្ស​ស៊ូ​ណា​មិ​»​។

ជាក់ស្តែង​យោង​តាម​សារព័ត៌មាន PBS World និង The Nation បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៥ ខែមករា​នេះ ដោយ​បាន​អំពាវនាវ សូមកុំ​អោយ​ប្រជាពលរដ្ឋ​ថៃ មានការ​ខ្លាចរអារ ចំពោះ​ព័ត៌មាន​នៃ​ការ​ប្រទះ​ឃើញ​ត្រី​នាគ នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​កាលពី​ថ្ងៃ​ពុធ​នោះ​។ ដើមហេតុ​ដំបូង អ្នកជំនាញ​បរិស្ថាន​សមុទ្រ​ល្បីឈ្មោះ​ម្នាក់ គឺ​លោក​បណ្ឌិត Thon Thamrongnawasawat បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ត្រី oarfish ដែល​ពលរដ្ឋ​ថៃ​ហៅ​ថា ត្រី​នាគ ត្រូវ​បាន​គេ​ចាប់​បាន​នៅ​ក្នុង​សមុទ្រ​នៃ​ខេត្ត Satun ភាគ​ខាងត្បូង​ប្រទេស​ថៃ​។ ក្រោយ​ការ​បង្ហោះ​នោះ ទោះបីជា​អនុប្រធាន​មហាវិទ្យាល័យ​ជលផល​នៃ​សាកលវិទ្យាល័យ Kasetsart បាន​បញ្ជាក់​ថា ត្រី​នាគ​នេះ ត្រូវ​បាន​រក​ឃើញ​ជា​ទូទៅ​ទូ​ទាំង​ពិភពលោក​ក៏​ដោយ ក៏​ប្រជាជន​ថៃ​មួយ​ចំនួន​នៅ​តែ​ភ្ញាក់ផ្អើល​ខ្លាំង​ជាមួយនឹង​ការ​រក​ឃើញ​នេះ​។

ដើមហេតុ​ចម្បង​ដែល​ពលរដ្ឋ​ថៃ​ភិតភ័យ​នោះ ដោយសារ​តែ ប្រទេស​ជប៉ុន​ទើបតែ​ជួប​នូវ​គ្រោះ​រញ្ជួយ​ដី រួម​ទាំង​ការ​ព្រមាន ពីរ​លក​យក្ស​ស៊ូ​ណា​មិ ហើយ​មុន​ពេល​គ្រោះ​ធម្មជាតិ​ទាំងនេះ​កើតឡើង ត្រី​នាគ​ដ៏​កម្រ​ពីរ​ក្បាល ត្រូវ​បាន​ចាប់​បាន​ពី​កោះ​អូ​គី​ណា​វ៉ា កាលពី​ខែមករា ក្រោយមក​នៅ​ខែ​ក​ក្ត​ដា ត្រី​ដដែល​នេះ ត្រូវ​បាន​ក្រុម​អ្នក​មុជទឹក​ប្រទះ​ឃើញ​ហែល​ក្នុង​សមុទ្រ​តៃវ៉ាន់ ដែល​បាន​បង្ក​ឱ្យ​មានការ​ជជែក​វែកញែក​ជា​ថ្មី​នៅ​លើ​បណ្តាញ​សង្គម​អំពី​សេចក្តី​វិនាស​ដែល​ជិត​មក​ដល់​។ វត្តមាន​ត្រី​នាគ បាន​ធ្វើ​អោយ​ក្រុម​អ្នកមាន​ជំនឿ នឹក​ដល់​ហេតុការណ៍​ស៊ូ​ណា​មិ​ឆ្នាំ​២០១១ ដែល​កាលនោះ​ក្រោយ​ត្រី​នាគ​២០​ក្បាល​ប្រទះ​ឃើញ​ងាប់ នៅ​លើ​ឆ្នេរសមុទ្រ​ជប៉ុន​មិន​បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​រលក​យក្ស​ស៊ូ​ណា​មិ​ពិតជា​បាន​កើតឡើង​ពិតប្រាកដ​មែន​។ ទោះជា​យ៉ាងណា​ការ​អះអាង​បែប​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ជំទាស់ ហើយ​ថា ជា​រឿង​ចៃដន្យ​។

អ្នកជំនាញ​បាន​ច្រាន​ចោលការ​លើក​ឡើង​មួយ​ចំនួន​ដែល​ថា ការ​រក​ឃើញ​ត្រី​នាគ អាច​ជា​សញ្ញា​នៃ​ការ​រញ្ជួយ​ដី​ក្រោម​សមុទ្រ​នា​ពេល​ខាង​មុខ ដោយ​ពន្យល់​ថា ត្រី​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ជម្រៅ​ទូ​ទាំង​ពិភពលោក លើកលែងតែ​នៅ​តំបន់​ប៉ូ​ល ប៉ុន្តែ​ឱកាស​ដែល​បានឃើញ​ត្រី​ប្រភេទ​នោះ​មាន​តិច​បំផុត ព្រោះ​ពួក​វា​រស់នៅ​ក្នុង​តំបន់​ទឹក​ជ្រៅ​ចន្លោះ​ពី 200 ទៅ 1,000 ម៉ែត្រ នៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក និង​មហាសមុទ្រ​ឥណ្ឌា​។

ងាក​មក​រឿង​ដែល​កំពុង​ផ្ទះ​នៅ​ប្រទេស​ថៃ​វិញ ដោយសារ​តែ​ប្រទេស​នេះ ធ្លាប់​រង​គ្រោះ​ដោយ​រលក​យក្ស​ស៊ូ​ណា​មិ​កាលពី​ឆ្នាំ​២០០៤ បូក​រួម​ជាមួយ​ជំនឿ ក៏​ដូច​ជា​រឿង​ចៃដន្យ​ផ្ទួន​ៗ​បែប​នេះនោះ ការ​បង្ហោះ​ពី​ប្រទះ​ឃើញ ត្រី​នាគ មិនមែន​ជា​រឿង​លេងសើច សម្រាប់​ពួក​គេ ឡើយ ដោយហេតុ​នេះ​ហើយ ឈាន​មក​ដល់​ថ្ងៃ​ទី​០៥ ខែមករា នេះ មនុស្ស​តែ​មួយ​ដែល​ធ្វើ​អោយ​រឿង​ត្រី​នាគ​និងរ​លក្ស​យក្ស​ស៊ូ​ណា​មិ ផ្ទុះ​ឡើង​នៅ​ប្រទេស​ថៃ បាន​ចេញ​មុន​មក​បកស្រាយ​ពន្យល់​ដោយ​លើកយក​អំណះអំណាង​និង​ភុ​ស្ត​តាង​វិទ្យាសាស្ត្រ​មក​បង្ហាញ ដើម្បី​បន្សាប​ការ​ភិតភ័យ​ក្នុង​ស្រទាប់​ប្រជាន​ជន​ថៃ​។

លោក​បណ្ឌិត Thon Thamrongnawasawat បាន​ដកស្រង់​ឯកសារ​ស្តី​រលក​យក្ស​ស៊ូ​ណា​មិ មក​អះអាង​ថា វដ្ត​នៃ​ការ​រញ្ជួយ​ដី​ដ៏​ធំ​នៅ​មហាសមុទ្រ​ឥណ្ឌា​ខាងកើត​គឺ​វែង​ណាស់ ស៊ូ​ណា​មិត​ទើបតែ​កើតឡើង​ក្នុង​ឆ្នាំ ២០០៤ ដូចនេះ​ឱកាស​នៃ​ការ​កើត​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៤​នេះ​មាន​តិចតួច​ណាស់​។ ប៉ុន្តែ​បើ​ទោះបី ជា​មាន​រលក​យក្ស​ស៊ូ​ណា​មិ កើតឡើង​មែន ប្រទេស​ថៃ នៅ​តែ​មានសំណាង​ជាង​ប្រទេស​ដទៃ ដូច​ជា​ឥណ្ឌូ​នេ​ស៊ី​ជាដើម​។ លោក​ពន្យល់​ថា ប្រសិនបើ​ស៊ូ​ណា​មិនកើត​ឡើង ថៃ​នៅ​តែ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ជម្លៀស​ខ្លួន​ដើម្បី​សង្គ្រោះ​ជីវិត​។

ជាក់ស្តែង នាយកដ្ឋាន​ឧតុនិយម​ថៃ គឺជា​ទីភ្នាក់ងារ​ចម្បង​ដែល​ទទួល​ព័ត៌មាន​នេះ​ជា​ផ្លូវការ ដោយ​មជ្ឈមណ្ឌល​ជាតិ​ព្រមាន​ពី​គ្រោះ​មហន្តរាយ ដែល​ជាទី​ភ្នាក់ងារ​ប្រកាស​អាសន្ន​ក្នុងស្រុក ទទួល​បាន​ព័ត៌មាន​នេះ​ក្នុង​ពេល​ជាក់ស្តែង​ផង​ដែរ​។​អង្គភាព​ទាំង​ពីរ​នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ហើយ​មាន​បុគ្គលិក ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ប្រា​កាស​សញ្ញា​អាសន្ន​តាម​វិទ្យុ ទូរទស្សន៍ សារ​SMS ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បណ្តាញ​ទំនាក់ទំនង​ផ្សេង​ទៀត​។ យ៉ាងណា​ក៏​ដោយ ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ចំនួន ៤ របស់​ថៃ មាន​ហានិភ័យ​នៃ​រលក​យក្ស​ស៊ូ​ណា​មិ​ប្រសិនបើ​មានការ​រញ្ជួយ​ដី​ដ៏​ធំ (​កម្រិត 5 រ៉ិ​ច​ទ័​រ​) នៅ​មហាសមុទ្រ​ឥណ្ឌា​។ ខេត្ត Phang Nga និង Phuket នៅ​ភាគ​ខាងលិច​ទំនងជា​រង​គ្រោះ​ខ្លាំង​ជាង​ខេត្ត​ដទៃ​ទៀត​។ ប៉ុន្តែ​មាន​តែ​នៅ​ក្នុង​តំបន់​ដែល​មិន​លើស​ពី 10​ម៉ែត្រ​ពីលើ​នីវ៉ូទឹក​សមុទ្រ​។

ដើម្បី​ឆ្លើយ​តប​នឹង​រលក​យក្ស នាយកដ្ឋាន​ជំនាញ និង​អាជ្ញាធរ មូលដ្ឋាន​បាន​បំពាក់​ស្លាក​សញ្ញា​សម្គាល់​តំបន់​គ្រោះថ្នាក់ និង​តំបន់​សុវត្ថិភាព​រួច​ហើយ​។ ប្រធានបទ​ជុំវិញ​រលក​យក្ស​ស៊ូ​ណា​មិ ដែល​កំពុង​កក្រើក​ក្នុង​ប្រទេស​ថៃ​នា​ថ្ងៃនេះ ត្រូវ​បាន​អ្នកជំនាញ​ចាត់​ទុក​ថា ជា​រឿង​ល្អ សម្រាប់​ទាំង​ភាគី​ពាក់ព័ន្ធ ដើម្បី​ជា​សារ​ដាស់តឿន​ពី​ការ​ត្រៀមខ្លួន សម្រាប់​មន្ត្រី ក៏​ដូច​ជា​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​តំបន់ឆ្នេរ​សមុទ្រ ព្រោះថា រលក​យក្ស​ស៊ូ​ណា​មិ គឺជា​គ្រោះ​ធម្មជាតិ​ដែល​មិន​អាច​ទាយ​ទុកជា​មុន​បាន​ទេ​៕ (ដោយ ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ