ជប៉ុន ៖ គ្រោះធម្មជាតិរញ្ជួយដីក្នុងកម្រិត 7.5 តាមវង្វាស់រិចទ័រ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ត្រូវបានចាត់ទុកថា ការរញ្ជួយដ៏ខ្លាំងក្លាមួយក្នុងចំណោមការរញ្ជួយដ៏ខ្លាំងក្លានៅជុំវិញពិភពលោក។
គ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជាង៨០នាក់ និងបំផ្លាញហេដ្ឋារចនាសម្ពន្ធ័ រួមទាំងផ្ទះរាប់ពាន់ខ្នង។ ប៉ុន្តែនេះមិនមែនជាលើកទីមួយទេ ដែលប្រទេសនៅអាស៊ីបូព៌ាជួបគ្រោះមហន្តរាយបែបនេះ យើងចាំបានថា កាលពីឆ្នាំ២០១១ ជប៉ុនបានទទួលរងការវាយប្រហារពីការរញ្ជួយដីដ៏ខ្លាំងសម្បើមជាច្រើនលើកច្រើនសារ ហើយការរញ្ជួយដែលឈានកម្រិត ៩រិចទ័រ នាំឱ្យមានរលកយក្សស៊ូណាមិដ៏មានកម្លាំងមហាបំផ្លាញ។

ស្របគ្នាដែលមនុស្សជុំវិញពិភពលោកសម្តែងក្តីសោកស្តាយអាណិតអាសូរ និងចូលរួមរំលែកជាមួយប្រជាជននិងប្រទេសជប៉ុន សាស្ត្រាចារ្យ អាមេរិកល្បីឈ្មោះមួយរូបមកសាកលវិទ្យាល័យ Northeastern ដែលបានសិក្សាស្រាវជ្រាវស្តីពីគ្រោះមហន្តរាយ និងការស្តារឡើងវិញនៅប្រទេសជប៉ុនអស់ជាច្រើនឆ្នាំមកហើយនោះ បានចែករំលែកនូវរឿងរ៉ាវពិតមួយចំនួន ហើយថា ប្រជាជាតិដ៏ទៃ គួររៀនសូត្រនូវរឿងប៉ុន្មានចំណុចពីជប៉ុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។

សាស្ត្រាចារ្យ Daniel Aldrich សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងគោលនយោបាយសាធារណៈ មកពីសាកលវិទ្យាល័យ Northeastern ដែលសាកលវិទ្យាល័យធំបំផុតមួយនៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក ដោយអះអាងថា ផលប៉ះពាល់ជារួមដែលកើតមានពីការរញ្ជួយដីនៅប្រទេសជប៉ុនហាក់មានទំហំតិចតួចស្តួចស្តើង ជាពិសេស អត្រាស្លាប់ដែលកម្រិតទាបបំផុត បើធៀបទៅនឹងបណ្តាប្រទេសដទៃដែលបានជួបប្រទះ។

សាស្ត្រាចារ្យ Daniel Aldrich បានលើកយកឧទាហរណ៍ជាក់ស្តែងមកប្រៀបធៀប ជាមួយកម្រិតរញ្ជួយដីនិងអត្រាអ្នកស្លាប់៖
-២០២៣ រញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ នៅទួកគីនិងស៊ីរី មានអត្រាស្លាប់រហូតដល់ 41,000 នាក់។
-២០០៥ ការរញ្ជួយដីកម្រិត 7.6 រិចទ័រនៅប្រទេសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោចណាស់ 86,000នាក់។

-ការរញ្ជួយដីឆ្នាំ២០១១ ការរញ្ជួយដីកម្រិត 9 រិចទ័រ នៅជប៉ុនបានសម្លាប់មនុស្ស 20.000នាក់ ដែលចំនួនអ្នកស្លាប់ទាបជាងជិត ៥ដងបើធៀបនឹងបាគីស្ថានទោះបីកម្លាំងរញ្ជួយខ្លាំងក្លាជាងយ៉ាងណាក៏ដោយ។ ប៉ុន្តែឈានមកដល់ឆ្នាំ២០២៤ ការរញ្ជួយដីក្នុងកម្រិត 7.5 រិចទ័រ នៅក្នុងប្រទេសជប៉ុន មានអ្នកស្លាប់ត្រឹមតែ 86នាក់តែប៉ុណ្ណោះ ដែលចំនួននេះ ខុសគ្នាដល់ទៅ ១០០០ដងឯណោះ។
ចំពោះហេតុផលដែលបង្រួញផលប៉ះពាល់សម្រាប់ជប៉ុននោះ ត្រូវបានលោកសាស្ត្រាចារ្យ Daniel អះអាងថា កើតឡើងដោយសារការរៀបចំយ៉ាងប្រុងប្រយ័ត្ន និងវិធានការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ ជាពិសេសគឺវិធានការរៀបចំ បទប្បញ្ញត្តិ និងច្បាប់សាងសង់ក្នុងប្រទេសមួយនេះ រួមទាំងកត្តាប្រជាជន។

សាស្ត្រាចារ្យ Daniel បាននិយាយថា ការសិក្សាដែលខ្ញុំចូលចិត្តបំផុតមួយ គឺការតាមដានអត្រាស្លាប់ដោយសារការរញ្ជួយដី ហើយប្រៀបធៀបវាទៅនឹងទំហំថវិកាដែលរដ្ឋាភិបាលចំណាយលើវិធានការពង្រឹងសំណាញ់សុវត្ថិភាព។ ចំណុចពិសេសរបស់ជប៉ុន ត្រង់ថា រដ្ឋាភិបាលរបស់ប្រទេសនេះ បានវិនិយោគលុយបន្ថែមជាបន្តបន្ទាប់ដើម្បីធានាថា ពលរដ្ឋទាំងអស់ត្រូវការពារនិងមានសុវត្ថិភាព ហើយរដ្ឋាភិបាលតែងធ្វើរឿងនេះជាទៀងទាត់បានយ៉ាងល្អប្រសើរ។

សាស្ត្រាចារ្យ Daniel បានមើលឃើញថា ប្រទេសនេះមានប្រវត្តិគ្រោះមហន្តរាយធម្មជាតិយូរមកហើយ មានភស្តុតាងដែលបញ្ជាក់ថា ប្រទេសជប៉ុនបានជួបប្រទះនឹងការរញ្ជួយដី និងរលកយក្សស៊ូណាមិ អស់រយៈពេលជាង 1,000 ឆ្នាំមកហើយ។ អ្នកជំនាញរូបនេះបាននិយាយថា «នេះគឺជាប្រទេសដែលតស៊ូជាមួយគ្រោះមហន្តរាយ ហើយបានធ្វើបានយ៉ាងល្អក្នុងការកាត់បន្ថយគ្រោះមហន្តរាយ»
ការរញ្ជួយដីទ្រង់ទ្រាយធំនាំឱ្យអត្រាអ្នកស្លាប់កាន់តែខ្ពស់ បើសិនជារដ្ឋាភិបាលមិនចាត់វិធានការឆ្លើយតបអោយបានច្រើន។

យោងលើហេតុផលនេះ ប្រទេសជប៉ុនបានចាត់ទុកការត្រៀមប្រឈមជាមួយរញ្ជួយដីទៅក្នុងជីវិតប្រចាំថ្ងៃ។ សិស្សនៅប្រទេសជប៉ុនមានការហ្វឹកហាត់សមរញ្ជួយដី ស្រដៀងនឹងសាលាអាមេរិកដែលហាត់សមពីករណីភេរវកម្ម ឬការបាញ់ប្រហារ។ ពេលរស់នៅក្នុងទីក្រុងតូក្យូ សាស្ត្រាចារ្យ Daniel ខ្លួនគាត់ផ្ទាល់ បានចូលរួមក្នុងការបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យ និងការអនុវត្តជំនួយ សង្គ្រោះបឋម ដែលជាសកម្មភាពពីរដែលអាចជួយក្នុងករណីមានការរញ្ជួយដី។
សាស្ត្រាចារ្យ Daniel បាននិយាយថា នោះជាអ្វីដែលរដ្ឋាភិបាលជប៉ុនចង់ឱ្យអ្នកពលរដ្ឋអនុវត្ត។ ប្រទេសជប៉ុនគឺជាប្រទេសមួយស្ថិតនៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ដែលល្បីល្បាញដោយសារភ្នំភ្លើងជាច្រើន និងសកម្មភាពរញ្ជួយញឹកញាប់។

សាស្ត្រាចារ្យ Daniel ពិពណ៌នាអំពីវិធីសាស្ត្ររបស់ប្រទេសជប៉ុនចំពោះការត្រៀមខ្លួនគ្រោះមហន្តរាយថា មានតួអង្គពីរសំខាន់។
តួអង្គទី១ គឺរដ្ឋាភិបាល៖ មានគំនិតផ្តួចផ្តើមជាច្រើនពីរដ្ឋាភិបាល មុន កំឡុងពេល និងក្រោយគ្រោះមហន្តរាយ រួមទាំងការហ្វឹកហាត់ និងការបណ្តុះបណ្តាលក្នុងការដោះស្រាយបញ្ហា ការសាងសង់អគារដែលកំណត់ឱ្យមានបំពាក់ច្រកជម្លៀស និងដំឡើងប្រព័ន្ធព្រមាន អាចជូនដំណឹងដល់មនុស្ស 30 វិនាទីមុនពេលការរញ្ជួយដីកើតឡើង និងហ្វឹកហាត់កម្លាំងឆ្លើយតបរហ័ស។
-តួអង្គទី២ គឺប្រជាពលរដ្ឋជប៉ុន៖ មនុស្សជាច្រើនដែលរស់នៅក្នុងប្រទេសជប៉ុនដឹងពីរបៀបរៀបចំខ្លួនសម្រាប់គ្រោះរញ្ជួយដី និងឆ្លើយតបបែបណាប្រសិនបើមានគ្រោះអាសន្នកើតឡើង។ ជាក់ស្តែងការប្រើពេល ៩០វិនាទី គេចចេញពីហេតុការណ៍គ្រោះថ្នាក់យន្តហោះបុកគ្នាឆេះនោះ បង្ហាញឱ្យពិភពលោកស្គាល់ច្បាស់ពីជនជាតិជប៉ុន។

ហេតុផលសំខាន់មួយ គឺរបៀបដែលអគារត្រូវបានសាងសង់ក៏ជាកត្តាសំខាន់ផងដែរ។ ក្នុងរយៈពេល 60 ឆ្នាំកន្លងមកនេះ ប្រទេសជប៉ុនបានសាងសង់អគារជាមួយនឹងគ្រឹះដែលត្រូវបានរចនាឡើងដើម្បីផ្លាស់ប្តូរជាមួយនឹងរំញ័រជំនួសឱ្យការជួសជុល។ សាស្ត្រាចារ្យ Daniel បានជួបប្រទះរឿងនេះ នៅពេលដែលគាត់នៅជាន់ទី 17 នៃអគារមួយក្នុងប្រទេសជប៉ុន អំឡុងពេលមានការរញ្ជួយដីដ៏ខ្លាំងកាលពីប៉ុន្មានឆ្នាំមុន។ សាស្ត្រាចារ្យ Daniel បាននិយាយថា អគារទាំងមូលមានការរង្គោះរង្គើ ប៉ុន្តែមិនមានកញ្ចក់ ឬបន្ទះម្នាងសិលាបាក់ឡើយ ។ វាជាបច្ចេកវិទ្យាទំនើបបំផុត។ សាកស្រមៃមើល បើលោកកំពុងស្ថិតក្នុងអគារកម្ពស់ដូចគ្នា ប៉ុន្តែមិនមែនអគារជប៉ុន ប្រហែលជាលោកមិនសល់ជីវិតមកដល់ពេលនេះទេ ៕ (ដោយ ៖ អោម ចែតច័ន្ទណារ៉ា)















ចែករំលែកព័តមាននេះ