ខេត្តសៀមរាប ៖ តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរក្នុងខេត្តសៀមរាប បានសំណូមពរទៅកាន់រដ្ឋបាលខេត្តសៀមរាប សុំបញ្ឈប់ការជួលម៉ូតូ-កង់ឲ្យភ្ញៀវទេសចរ ជិះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូនរត់រ៉ឺម៉កម៉ូតូ និងកង់បីឥណ្ឌា(ផាសអាប់) ។
ការសំណូមពររបស់បងប្អូនដឹកអ្នកដំណើរខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ពិភាក្សាជុំវិញបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពសង់ខ្ពស់លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមនឹងនាយករងរដ្ឋបាល អភិបាលស្រុកសូទ្រនិគម និងនាយក នាយករងទីចាត់ការចំណុះសាលាខេត្ត បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ រថយន្តតាក់ស៊ី, រ៉ឺម៉កម៉ូតូ និងកង់បីឥណ្ឌា(ផាសអាប់) ប្រមាណ៦០នាក់ ដើម្បីធ្វើការលើកឡើងពីបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ។
ក្នុងឱកាសនោះ លោក លី សំរិទ្ធ ក៏បានទទួលស្វាគមន៍ដល់បងប្អូនក្នុងលក្ខណៈមហាគ្រួសារខ្មែរតែមួយ ដោយបានគូសបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរខេត្ត និងជាអាណាព្យាបាលរបស់បងប្អូន នៅពេលជួបទុក្ខលំបាក គឺត្រូវតែធ្វើការដោះស្រាយជូនបងប្អូនជានិច្ច ។
លោកអភិបាលរងខេត្ត ក៏សូមឱ្យបងប្អូន ដែលជាតំណាងអ្នកដឹកភ្ញៀវទេសចរណ៍ ដើម្បីលើកជាសំណើសំណូមពរមក ដែលបងប្អូនចង់បានចំពោះមុខនេះ ដើម្បីឱ្យរដ្ឋបាលខេត្ត លើកយក នូវសំណើសំណូមពរទាំងនោះ ដាក់ជូនទៅរាជរដ្ឋាភិបាល ធ្វើការដោះស្រាយជូនបងប្អូន ដោយអាជ្ញាធរខេត្តមិនមានសិទ្ធិសម្រេចនោះឡើយ គឺមានតែរាជរដ្ឋាភិបាល និងក្រុមហ៊ុន នោះទេ ។
លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា ជាលទ្ធផល នៃកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) គឺរួមគ្នាបន្តពិនិត្យ និងពិភាក្សាលើតម្លៃសេវារថយន្តដឹកភ្ញៀវចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីរកដំណោះស្រាយសមស្រប និងកាត់បន្ថយលើការចំណាយ នៃសេវាប្រើប្រាស់ផ្លូវ និងចំណត ។ រដ្ឋបាលខេត្តស្នើឱ្យក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) ពិចារណាលើការយកថ្លៃសេវាចំពោះការចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេល១៥នាទី គួរពុំគិតថ្លៃ ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត ស្នើឱ្យមានការពិចារណាលើការបន្ធូរបន្ថយក្នុងកម្រិតណាមួយ សមស្រប ដែលអាចដោះស្រាយបញ្ហានេះរួមគ្នាបាន ។
បន្ទាប់មក តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរ បានលើកឡើង នូវសំណើ និងសំណូមពរមួយចំនួន ដោយផ្តោតទៅលើកម្រៃសេវាផ្លូវ និងចំណតនៅព្រលានតម្លៃខ្ពស់ និងសុំឲ្យធ្វើចំណតរថយន្តនៅក្រៅព្រលាន សម្រាប់រងចាំដឹកភ្ញៀវចេញពីព្រលាន និងពេលចេញពីចំណតរងចាំ ចូលទៅដឹកភ្ញៀវ កុំឲ្យគិតថ្លៃម្តងទៀត។ ហើយក៏បានសំណូមពរ សុំបញ្ឈប់ការជួលម៉ូតូ កង់ឲ្យភ្ញៀវទេសចរ ជិះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូនរត់រ៉ឺម៉កម៉ូតូ និងកង់បីឥណ្ឌា(ផាសអាប់) និងករណីទីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយ នៅឡើយ ។
តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរក៏បានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួនដោយផ្តោតទៅលើកម្រៃសេវាផ្លូវ និងចំណតនៅព្រលានតម្លៃខ្ពស់,សុំឱ្យធ្វើចំណតរថយន្តនៅក្រៅព្រលាន សម្រាប់រងចាំដឹកភ្ញៀវចេញពីព្រលាន និងពេលចេញពីចំណតរងចាំចូលទៅដឹកភ្ញៀវកុំឱ្យគិតថ្លៃម្តងទៀត, សំណូមពរសុំបញ្ឈប់ការជួលម៉ូតូ កង់ឱ្យភ្ញៀវបរទេសចរជឹះ ដែលធ្វើឱ្យបាត់ចំណូលរបស់បងប្អូនរ៉ឺម៉កកង់បី និងម៉ូតូឥណ្ឌា និងករណីទីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយនៅឡើយ ។
ការលើកជាសំណើ និងសំណូមពរនេះ លោកអភិបាលរងខេត្ត មានប្រសាសន៍ថា រាល់សំណើនិងសំណូមពរដែលបងប្អូនបានលើកឡើងនាពេលនេះ លោកនឹងរាយការណ៍ជូនទៅថ្នាក់ជាតិ ដើម្បីដាក់ប្រជុំនៅថ្ងៃទី៤ មករា ឆ្នាំ២០២៤ នេះ ដើម្បីជួយរកដំណោះស្រាយ និងធ្វើការសម្រេច ។
គួរបញ្ជាក់ថា ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ ។
ព្រលាននេះចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រលានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗ អាចចុះចតបានផងដែរ។ យោងតាមការជូន ដំណឹងរបស់ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះរបស់ចិន ការយកសេវារថយន្ត បើកកាត់ផ្លូវកៅស៊ូទៅព្រលានយន្តហោះសៀមរាបអង្គរ (SIA) នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤តទៅ ។
សេវាទាំងនោះបែង ចែកជា៤ផ្នែក តាមប្រភេទរថយន្ត ដែលតម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្ត ដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ, រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី និងរថយន្តដឹកទំនិញក្រោម៩តោន តម្លៃ៦ ដុល្លារ, រថយន្តដឹកអ្នកដំណើរចាប់ពី២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី ៩ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ទៅ២០តោន តម្លៃ១២ដុល្លារ។ តម្លៃនេះមិនរាប់បញ្ចូលពីថេរវេលាដែលចូលចតក្នុងចំណោតរបស់ព្រលានយន្តហោះឡើយ ។
ទោះជាយ៉ាងនេះក្តីពលរដ្ឋក៏ដូចជាអ្នកដឹកភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាបកំពុងរង់ចាំស្ដាប់នូវដំណោះស្រាយរបស់អាជ្ញាធរខេត្តសៀមរាប ដែលបានយកសំណើរបស់ពួកគាត់ទៅក្រុមហ៊ុនចិនក៏ដូចជាថ្នាក់ដឹកនាំផងដែរ ៕









ចែករំលែកព័តមាននេះ