ខេត្តតាកែវ ៖ រូបព្រះពុទ្ធបដិមា២អង្គ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅពេលពលរដ្ឋជួលគ្រឿងចក្រមកកាយយកអាចម៌ដីស្រែ ដើម្បីយកមកចាក់នៅផ្ទះ ។ ខណៈពេលកំពុងតែកាយយកអាចម៌ដីទើបតែបាន៣ឡាននោះ ស្រាប់តែគ្រឿងចក្រកាយប៉ះចំរូបព្រះពុទ្ធ២អង្គ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើល។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិត្នោង ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ។ ហើយហេតុការណ៍នេះ ក៏បានដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចុះទៅកន្លែងកើតហេតុផងដែរ។

លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញវត្ថុបុរាណចំនួន២ កាលពីថ្ងៃទី៣ ខែមករា ស្ថិតនៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវនោះ ក៏ត្រូវបានក្រុមការងារមន្ត្រីជំនាញមន្ទីរ សហការជាមួយក្រសួងវប្បធម៌ និងប្រធានសារៈមន្ទីររាជធានីភ្នំពេញ ចុះទៅពិនិត្យផ្ទាល់នៅនឹងកន្លែង។

ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានប្រាប់បន្តថា លុះដល់ចុះដល់កន្លែង ក៏រកឃើញវត្ថុបុរាណព្រះពុទ្ធបដិមា២ព្រះអង្គ ក្នុងនោះមួយអង្គទ្រង់ឈរ និងមួយព្រះអង្គទៀតទ្រង់សមាធិ។
តាមការពិនិត្យជាក់ស្តែងរបស់ប្រធានសារមន្ទីរជាតិ ហើយនឹងមន្ត្រីជំនាញ ក៏បានសន្និដ្ឋានថា «រូបព្រះពុទ្ធទាំង២ព្រះអង្គខាងលើនេះ គឺជាវត្ថុបុរាណពិតប្រាកដមែន ហើយកសាងឡើងតាំងពីសតវត្សទី៧មកម្ល៉េះ»។

ក្រោយពីពិនិត្យរួចរាល់ ក្រុមការងារជំនាញ ហើយនឹងអាជ្ញាធរដែនដី ក៏បានអនុញ្ញាតជូនព្រះពុទ្ធទាំង២ព្រះអង្គខាងលើ ទៅឱ្យខាងសារៈមន្ទីរជាតិរាជធានីភ្នំពេញ ដើម្បីយកទៅធ្វើការជួសជុល ហើយថែរក្សានៅរាជធានីភ្នំពេញ។ ហើយនៅថ្ងៃដដែលនេះផងដែរ ថ្នាក់ដឹកនាំក្រសួង កំពុងតែដឹកជញ្ជូនវត្ថុបុរាណទាំង២ព្រះអង្គ យកទៅថែរក្សានៅរាជធានីភ្នំពេញហើយ៕




ចែករំលែកព័តមាននេះ