ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ធ្វើ​​ការ​​កែ​​ទម្រង់​​ស៊ី​​ជម្រៅ​លើ​ផ្នែក​​រដ្ឋបាល​សាធារណៈ ​សេដ្ឋកិច្ច​​និង​ច្បាប់​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកងួន ញ៉ិល អនុ​ប្រធានទី១នៃរដ្ឋសភាជាតិកាលពីថ្ងៃទី២៣ ឧសភា ២០១១បានមានប្រសាសន៍ប្រាប់សមា​ជិក​សភានិយាយភាសាបារាំងថា ការកែ​ទម្រង់​សំខាន់ៗ និងស៊ីជម្រៅជាច្រើនរបស់រាជរដ្ឋាភិ​បាលកម្ពុជាដូចជា ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់សេដ្ឋកិច្ច ​និងច្បាប់ត្រូវបាន​អនុវត្ត ដើម្បីឱ្យ​មាន​

រាជធានីភ្នំពេញ ៖ ​លោកងួន ញ៉ិល អនុ​ប្រធានទី១នៃរដ្ឋសភាជាតិកាលពីថ្ងៃទី២៣ ឧសភា ២០១១បានមានប្រសាសន៍ប្រាប់សមា​ជិក​សភានិយាយភាសាបារាំងថា ការកែ​ទម្រង់​សំខាន់ៗ និងស៊ីជម្រៅជាច្រើនរបស់រាជរដ្ឋាភិ​បាលកម្ពុជាដូចជា ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់សេដ្ឋកិច្ច ​និងច្បាប់ត្រូវបាន​អនុវត្ត ដើម្បីឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ សេរី​ភាព និងយុត្តិធម៌សង្គមកាន់តែច្រើនឡើងថែម​ទៀត ។ ការបោះឆ្នោះនៅកម្រិតផ្សេងៗត្រូវ​បានរៀបចំឡើងស្របទៅតាមកាល​បរិច្ឆេទកំណត់​ដោយច្បាប់ជាធរមាន ។

សរុបសេចក្តី​មក សង្គម​កម្ពុជាកាន់តែមានលទ្ធិប្រជាធិបតេយ្យពី​មួយឆ្នាំទៅមួយឆ្នាំ ដោយបានឆ្លើយតបទៅនឹងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន។ លោកងួន ញ៉ិលបន្តថា បើនិយាយពីសេដ្ឋ​កិច្ច​វិញ នៅចំពោះមុខសន្ទុះនៃការអភិវឌ្ឍសង្គម​កម្ពុជាក៏ដូចជាប្រទេសដទៃទៀតក្នុងពិភពលោក​ដែរសុទ្ធតែមិនអាចចៀសផុតពីវិបត្តិសេដ្ឋកិច្ច​ពិភព​លោកនាឆ្នាំ២០០៨ បានឡើយ ដោយ​ហេតុថា វិស័យគន្លឹះនៃសេដ្ឋកិច្ចរបស់យើង​បាន​ទទួលរងនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាអាទិ៍​វិស័យវាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យ​អចលនទ្រព្យ ។ ប៉ុន្តែប្រទេសយើងក៏បានទទួល​ជោគជ័យ​ច្រើនណាស់ដែរ ក្នុងការសម្រប​សម្រួល​ទៅ​នឹង​លក្ខខណ្ឌថ្មីៗនៃវិបត្តិ ដោយ​សារ​យើងមាននយោបាយកែទម្រង់ នយោបាយ​បើក​ចំហ សមាហរ​ណកម្មវិនិយោគ អន្តរាគមន៍​លើវិស័យដែល​បាន​រងផលប៉ះពាល់ និងក្រុម​សង្គមដែលទន់ខ្សោយ និងដោយសារនយោ​បាយ​ត្បិតត្បៀត ។ នាពេល​បច្ចុប្បន្ននេះ លោក​អាចអះអាងបានថា ទំព័រខ្មៅ​នៃ​វិបត្តិពិភព​លោកនេះត្រូវបានផ្លាស់ប្តូរទាំងស្រុង​ហើយ ។

នៅកម្ពុជាបន្ទាប់ពីការធ្លាក់ចុះនៃ​កំណើន​ដែល​បាន​រំពឹងទុកក្នុងកម្រិត០,១% ក្នុង​ឆ្នាំ២០០៩ ឥឡូវនេះបានកើនឡើងវិញ​ក្នុងកម្រិតរហូត​៥,៩% ក្នុងឆ្នាំ២០១០ ហើយអាចនឹង​ឈាន​ដល់កម្រិតលើសពី៦% ក្នុងឆ្នាំ២០១១ ដែល​អាចកាត់បន្ថយអត្រានៃភាពក្រីក្រ​លើសពី​​១%​ក្នុងមួយឆ្នាំ។ លោកងួន ញ៉ិល បានបន្តទៀតថា បញ្ហា​បរិ​ស្ថាន កម្ពុជាក៏បានទទួលរងឥទ្ធិពលជាអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុនេះដែរ ។ កម្ពុជា​សូមគាំទ្រដល់ការបង្កើតឱ្យមានមូលនិធិអន្តរជាតិលើការយកពន្ធកាបូន និងសូមគាំទ្រគំនិតផ្តួច​ផ្តើមរបស់អាស៊ានក្នុងការបង្កើតមូលនិធិប្រយុទ្ធ​នឹងគ្រោះមហន្តរាយធម្មជាតិ ។ លោក​សូម​អនុញ្ញាតឆ្លៀតយកឱកាសនេះក្នុងនាមប្រទេស
និយាយភាសាបារាំង ដើម្បីចែករំលែកនូវទុក្ខ​សោកដ៏ធំធេងរបស់ប្រជាជនជប៉ុនដែលបាន​ទទួលរង​វិនាសកម្មធ្ងន់ធ្ងរដោយរលកស៊ូណាមី និងគ្រោះថ្នាក់ផ្ទុះ​រោង​ចក្រ​​អគ្គិសនី​ដើរ​ដោយ​ថាម​ពលនុយក្លេអ៊ែរដែលមិនធ្លាប់កើតមានពី​មុនមក។ ពាក់ព័ន្ធនឹងនយោបាយថាមពល​ យើង​បានវិនិយោគយ៉ាងច្រើនសម្រាប់ថាមពល​ដែល​អាច​ផ្លាស់ប្តូរថ្មីបាន ពិសេសគឺការសាងសង់​វារីអគ្គិស​នី និងការធ្វើអាជីវកម្មលើធន​ធាន​ធម្ម​ជាតិដោយ​ត្រូវថែរក្សាបរិស្ថាន ។

ចំពោះការប្រយុទ្ធនឹង​មេរោគអេដស៍ និង​ជំងឺអេដស៍ លោកងួន ញ៉ិល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកេណ្ឌគ្រប់កម្លាំងជាតិ ដើម្បី​ប្រយុទ្ធនឹងជំងឺឆ្លងនេះ។ លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហម​កម្ពុជា ជ័យ​លាភី​ជាតិនៃវេទិកា​ភាព​ជា​អ្នកដឹកនាំនៅអាស៊ីអាគ្នេយ៍​ ក្នុងការប្រយុទ្ធមេរោគអេដស៍​ និងជំងឺ​អេដស៍ និងជាជ័យលាភី​ជាតិនៃផែនការសកម្ម​ភាព ដើម្បីសុខភាពស្រ្តី និងកុមារដាក់ចេញ​ដោយ​អគ្គលេខាធិការអង្គ​ការសហប្រជាជាតិ បានយកអស់កម្លាំងកាយ​ចិត្ត និងថាមពលរបស់​ខ្លួន ​ដើម្បីធ្វើឱ្យជំងឺអេដស៍​មានការថយចុះ។

ជាលទ្ធផលតាមការអះអាងបានបញ្ជាក់ថា ចំនួនអ្នកជំងឺអេដស៍ចុះមកនៅត្រឹមកម្រិត ០,៧% នៅឆ្នាំ២០០៩ បើប្រៀបធៀបទៅនឹង ឆ្នាំ១៩៩៨ ដែលមានកម្រិត២% ហើយនៅឆ្នាំ ២០១០ អ្នកផ្ទុកមេរោគអេដស៍ចំនួន៩០% បាន ទទួលថ្នាំពន្យារជីវិត ។ លោក​បានជម្រាបថា យើង​នឹងធ្វើបទបង្ហាញមួយស្តីពីបញ្ហានេះ នៅថ្ងៃ​ទី២៦ ឧសភា ឆ្នាំ២០១១ ដោយផ្តោតលើគំនិត​ផ្តួចផ្តើមក្នុងការងារប្រយុទ្ធនឹងជំងឺនេះ ដែល​បង្កើតបានជាយុទ្ធសាស្រ្តជាតិសំដៅពង្រីកសេវា​កម្មឱសថពិសេស ទាក់ទងទៅនឹងមេរោគអេដស៍ និង​ជំងឺអេដស៍ ការលំហែមាតុភាព ការរួមភេទ ការ​ពន្យារកំណើត ការប្រឆាំងនឹងជំងឺរបេង និង​ការថែទាំសុខភាពមាតា ។

លោកងួន ញ៉ិល បន្តទៀតថា ទាំងអស់នេះ ជា​គំនិតមួយចំនួនដែល​លោកចង់ចូលរួមចំណែក​ជាការផ្តួចផ្តើមសម្រាប់កិច្ចប្រជុំទាំងពីររបស់សភានិយាយភាសា​បារាំង ។ លោកសង្ឃឹមយ៉ាង​មុតមាំ​ថា​ តាមរយៈកិច្ចប្រជុំដ៏មានសារសំខាន់​នេះ យើង​នឹងអាចទាញយកបាននូវគំនិតសំខាន់ៗ និងអនុ​សាសន៍ដ៏មានអត្ថប្រយោជន៍ ដើម្បី​ប្រឈម​នឹងបញ្ហាទាំងអស់នេះឱ្យ​កាន់តែ​​មាន​ប្រសិទ្ធភាព និងគុណភាពខ្ពស់ ។ យើងចែក​រំលែក​បទ​ពិសោធន៍គ្នាទៅវិញទៅ មក និងរួមធ្វើ​សកម្មភាព​ឱ្យបានកាន់តែល្អប្រសើរ ដើម្បីអនា​គត​ដ៏​រុងរឿង​នៃប្រទេសនិយាយភាសា បារាំង ៕