ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិនិត្យ រៀបចំផែនការស្តារ និងពង្រីកវិសាល​ភាព​ប្រព័ន្ធធារាសាស្ត្រ និងទឹកស្អាត ខេត្តស្វាយរៀង

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ អមដោយអាជ្ញាធរខេត្ត…

ខេត្តស្វាយរៀង៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ អមដោយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ បាន​ពិនិត្យវឌ្ឍនភាពនូវគម្រោង​សាងសង់ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

លោករដ្ឋមន្ត្រី រួមជាមួយលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តស្វាយរៀង បាន​ពិនិត្យផ្ទាល់លើគម្រោង​សាងសង់​ប្រព័ន្ធធារាសាស្រ្ត ដូនទយ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សូមជម្រាបថា ប្រព័ន្ធធារាសាស្រ្តដូនទយ ត្រូវបានជួសជុល និងស្ដារឡើងវិញ នៅឆ្នាំ២០១១ ដោយក្រសួងធនធានទឹក និងឧតុនិយម មានបរិមាណទឹក ១៧លានម៉ែត្រត្រីគុណ មានផ្ទៃដីស្រោចស្រពសរុប ៧២៣៩ហិកតា ក្នុងនោះ ស្រូវវស្សាចំនួន ៦០៤៩ហិកតា និងស្រូវប្រាំងចំនួន ១១៩០ហិកតា។

លោករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង ក៏បាន​ពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពការងារ​គម្រោងអភិវឌ្ឍប្រព័ន្ធ​ស្រោចស្រពវ៉ៃគោ ជំហាន២ (អាងទឹកកំពង់ជ្រៃ) ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ការងារសាងសង់ ដែលត្រូវអនុវត្ត នៅក្នុងជំហានទី២នេះ រួមមាន៖ ទី១)ជីកព្រែក ២ខ្សែ សរុបប្រវែង១៤.៦គីឡូម៉ែត្រ ទី២)សាងសង់ប្រឡាយមេ៤ខ្សែ សរុបប្រវែង ៥៩.៥គីឡូម៉ែត្រ ទី៣)សាងសង់ទំនប់សណ្តប្រវែង៤១.៥គីឡូម៉ែត្រ ទី៤)សាងសង់សំណង់បង្ហៀរចំនួន១កន្លែង សំណង់ស្ទាក់ទឹក ៦កន្លែង និងសំណង់សម្រួលចរន្តទឹក ៨កន្លែង និងទី៥)សាងសង់ស្ថានីយបូមទឹក ចំនួន ៤កន្លែង និងសំណង់លូទឹក ៣២កន្លែង។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ គឺក្នុងគោលបំណង ដើម្បីនាំទឹកទន្លេមេគង្គ តាមរយៈផ្នែកខាងលើទន្លេតូច តាមព្រែកកំពង់ត្របែក និងព្រែកជីកថ្មី និងដើម្បីពង្រីកផ្ទៃដីស្រោចស្រព ឱ្យមានសក្តានុពលអាចបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរីកចម្រើន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍន​ភាពការងារ ដែលសម្រេចបាន ព្រមទាំងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេស ឱ្យបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគី​ពាក់ព័ន្ធ ដោយធ្វើយ៉ាងណា ឱ្យការងារគម្រោងនេះ សម្រេចបានជោគជ័យប្រកបដោយគុណភាព​ខ្ពស់ និងប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ឆ្លៀតក្នុងឱកាស​ពិនិត្យការងារ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង លោក គឹម សាវុធ បានស្នើសុំលោករដ្ឋមន្ត្រីស្តារប្រឡាយដោះទឹកដូនទយ ប្រវែង ១៣,៧០០ម៉ែត្រ និងសំណង់ដោះទឹកចំនួន ៩កន្លែង ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង និង ២)សាងសង់ប្រឡាយដោះទឹក ប្រវែង ៥,២៩១ម៉ែត្រ សាងសង់សំណង់ដោះ​ទឹក លូជ្រុងឆ្លងប្រឡាយ ចំនួន ៤កន្លែង សាងសង់សំណង់លូទ្វារទឹកឆ្លងភ្លឺប្រឡាយ ចំនួន ២កន្លែង សាងសង់សំណង់លូទ្វារទឹក ឆ្លងកាត់ទំនប់ចំនួន ១កន្លែង សាងសង់សំណង់លូជ្រុងទ្វារទឹកឆ្លងកាត់ទំនប់ចំនួន១កន្លែង និងសាងសង់សំណង់ដោះទឹកលូជ្រុង ដោះទឹកប្រវែង ២១៥ម៉ែត្រ ចំនួន១កន្លែង ដើម្បីបំពាក់នៅលើប្រព័ន្ធស្រោចស្រព វ៉ៃគោ សម្រាប់ដោះទឹកជំនន់នៅរដូវវស្សា (ជំនន់ទឹកភ្លៀង) បានទាន់ពេលវេលាក្នុងភូមិសាស្ត្រឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលមានប្រភពទឹកមកពីទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន៣ គឺខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលទទួលបានហិរញ្ញប្បទានពីធនាគាររបស់ចិន CHINA EXIMBANK ត្រូវបានអភិវឌ្ឍសាងសង់ជា ២ជំហានគឺ៖ ជំហានទី១ ចាប់ផ្តើមក្នុងឆ្នាំ២០១៣ និងបញ្ចប់ក្នុង​ឆ្នាំ២០១៦ ស្ថិតនៅតំបន់ប្រសព្វគ្នារវាងខាងត្បូង ខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានផ្ទៃរងទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រព បានទំហំ ១០៨,៣០០ហិកតានៅរដូវវស្សា និង ២៧០,១០០ហិកតា នៅរដូវប្រាំង។

ជំហានទី២ ចាប់ផ្តើម ក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងកើត ខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរងទឹក ៧៩៥,០០០ គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ៩៣,១០០ហិកតា នៅរដូវវស្សា និង ២៣,៣០០ហិកតា នៅរដូវប្រាំង៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ