ខេត្តព្រះសីហនុ ៖ ដីមួយកន្លែងក្នុងបរិវេណសាលាបឋមសិក្សាហ៊ុន សែនក្រុង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កំពុងត្រូវបានគេធ្វើអាជីវកម្មឱ្យឈ្មួញកាយដីនៅខាងក្រោយសាលាដើរលក់ពេញទាំងក្រុង ។ ជុំវិញការកាយដីយកទៅលក់នេះ មានមតិប្រជាពលរដ្ឋជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើលោកកែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តថា លោកកំពុងបើកដៃឱ្យលោកស្រីនាយិកាសាលាកាយដីលក់ដោយពុំបានគិតអំពីផលលំបាកទៅថ្ងៃក្រោយ ដូចជាការដក់ទឹកជារណ្តៅធំអាចមានគ្រោះថ្នាក់ដល់សិស្សជាដើ ។
ប្រភពដដែលបន្តថា ការកាយដីនេះមិនមែនតិចតួចទេ គឺកាយស្ទើររលំអគារសាលាទៅហើយ បើគេសង្កេតមើលមួយថ្ងៃៗមិនខ្វះពី១០០រថយន្តឡើងទៅទេ ហើយការកាយដីនេះមានរយៈពេលជាង១០ថ្ងៃមកហើយ។ ម្យ៉ាងវិញទៀត តើថវិកាដែលបានពីការលក់អាចម៍នេះដីគេយកទៅធ្វើអ្វីខ្លះ ? ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោកកែវ ឡាយ បានធ្វើការបំភ្លឺថា ការកាយដីនៅខាងក្រោយសាលានេះគឺដើម្បីពង្រាបដីធ្វើតារាងបាល់ទាត់ ព្រោះសាលាក៏ដូចជាខាងមន្ទីរយល់ថា សាលាមួយនេះនៅខ្វះតារាងបាល់ទាត់សម្រាប់កុមារហាត់រៀន ។ ចំពោះការយកអាចម៍ដីលក់គឺខាងសាលាបានលក់មែន ប៉ុន្តែសម្រាប់យកមកចំណាយក្នុងការរៀបចំធ្វើតារាងបាល់ទាត់វិញទេ។ លោកប្រធានមន្ទីរបន្តថា បើមិនលក់អាចម៍ដីខាងសាលាពុំមានថវិកាឬក៏ខ្ទង់ណាមួយអាចយកមកកសាងតារាងបាល់ទាត់បានឡើយ ។
បើទោះបីមានការអះអាងពីលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបែបនេះក៏ដោយ ក៏អាណាព្យាបាលរបស់កុមារមួយចំនួនបានអំពាវនាវដល់ក្រសួងអប់រំ មេត្តាចុះមកត្រួតពិនិត្យនិងវាយតម្លៃផលប៉ះពាល់ពីការកាយដីនេះផង ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិតកុមារទៅថ្ងៃក្រោយ ប្រសិនបើមានការរលំបាក់អគារដោយប្រការណាមួយព្រោះតែការកាយដីលក់នេះ ៕
ចែករំលែកព័តមាននេះ