ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

កសិករ​កម្ពុជា គឺ​ត្រូវ​តែ​បន្ត​ប្រុង​ប្រយ័ត្ន​រឿង​រក្សា​ស្រូវ​ទុក​ខ្លះ ដើម្បី​បម្រើ​ការ​ហូប​ចុក​ប្រចាំឆ្នាំ កុំ​ដោយសារ​តែ​តម្លៃ​អង្ករ​ត្រូវប៉ាន់​ស្រូវ​ឡើងថ្លៃ ឈ្មួញ​មក​ល្បួង​ចុះ​ទិញ​ដល់​កន្លែង គិតតែ​លក់​ចេញ​ដោយ​ភ្លេច​ទុក​ខ្លះ​ជា​ស្បៀង​សម្រាប់​ខ្លួនឯង ។ នៅ​ពេល​នេះ តាម​សារព័ត៌មាន​ធំ​ៗ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ…

កសិករ​កម្ពុជា គឺ​ត្រូវ​តែ​បន្ត​ប្រុង​ប្រយ័ត្ន​រឿង​រក្សា​ស្រូវ​ទុក​ខ្លះ ដើម្បី​បម្រើ​ការ​ហូប​ចុក​ប្រចាំឆ្នាំ កុំ​ដោយសារ​តែ​តម្លៃ​អង្ករ​ត្រូវប៉ាន់​ស្រូវ​ឡើងថ្លៃ ឈ្មួញ​មក​ល្បួង​ចុះ​ទិញ​ដល់​កន្លែង គិតតែ​លក់​ចេញ​ដោយ​ភ្លេច​ទុក​ខ្លះ​ជា​ស្បៀង​សម្រាប់​ខ្លួនឯង ។ នៅ​ពេល​នេះ តាម​សារព័ត៌មាន​ធំ​ៗ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ គឺ​សុទ្ធតែ​បាន​ចេញ​នូវ​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​ថា តម្លៃ​អង្ករ​នឹង​នៅ​តែ​ឡើង​ខ្ពស់​ហើយ​ក៏​ជា​កត្តា​បន្ត​ធ្វើ​ឲ្យ​អតិផរណា​នៅ​អាស៊ី​កើនឡើង​បន្ត​ទៀត​ដែរ​នៅ​ក្នុង​ឆ្នាំ​២០២៤ ។

តាម​តួរ​លេខ​ដែល​បាន​ផ្សព្វផ្សាយ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ជិត​៦០​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​មាន តម្លៃ​ដល់​ទៅ​៤២០​លាន​ដុល្លារ ។ ដោយឡែក​ការ​នាំ​ចេញ​ស្រូវ គឺ​មាន​បរិមាណ​ដល់​ទៅ​ប្រមាណ​ជា​៤​លាន​តោន គិត​ជា​ទឹកប្រាក់​ជាង​១.១៥៦​លាន​ដុល្លារ ។

គេ​បានដឹង​ទៀត​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា គឺ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន​៦០ ក្រុមហ៊ុន​ទៅ​កាន់​គោលដៅ​ចំនួន​៦០ ដែល​ក្នុង​នោះ​ប្រទេស​ចិន និង​កោះ​ហុងកុង​បាន​ចំនួន ១៩៨.៧៦១ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន ១២៨ លាន​ដុល្លារ ។ ទៅ​កាន់​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ចំនួន ២៦​ប្រទេស​បាន​ចំនួន ២៤០.៧៥១ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន​១៧២ លាន​ដុល្លារ ។ រីឯ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន ចំនួន​៦​ប្រទេស បាន​បរិមាណ​ចំនួន ៧៦.៥១៤ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៥០,៣៦ លាន​ដុល្លារ និង​ទៅ​កាន់​គោលដៅ​ផ្សេង​ទៀត​ចំនួន​២៦​ប្រទេស ។

មក​ដល់​ពេល​នេះ​ការ​នាំ​ចេញ​អង្ករ​អាច​មិនសូវ​ជា​អី​នោះ​ទេ ដោយសារ​តែ​ឆ្លងកាត់​ក្រុមហ៊ុន​ត្រឹមត្រូវ​តាម​ច្បាប់ ដែល​ក្រសួងពាណិជ្ជកម្ម​ក៏​ដូច​ជា ក្រសួង​ស្ថាប័ន​អាច​ដឹង និង​គ្រប់គ្រង​អំពី​សន្និធិ (​ការ​សន្សំទុក​) ច្បាស់លាស់ ប៉ុន្តែ​ស្រូវ​អាច​ពិបាក​នៅ​ក្នុង​ការ​គ្រប់គ្រង​ដោយសារ​តែ​នៅ​ពេល​នេះ​នៅ​តាម​វាលស្រែ គឺ​ឈ្មួញកណ្តាល​បាន​ចុះ​មក​កើបស្រូវ​ដល់​វាលស្រែ​តែ​ម្តង ។ ដូច្នេះ​ហើយ កសិករ​ខ្លះ គាត់​អាច​នឹង​ត្រេកត្រអាល​ហើយ​សប្បាយ​នឹង​ស្រូវ​ឡើងថ្លៃ​គេ​មក​ដឹក​ដល់​កន្លែង​ភ្លេច​ដឹក​យក​ទៅ​ទុក​នៅផ្ទះ​រក្សា​ទុក​ទទួលទាន​ខ្លួនឯង និង​គ្រួសារ ។​ នេះ គឺជា​សេចក្តី​ពិត​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ខណៈ​ដែល​សារព័ត៌មាន​បរទេស​ធំ​ៗ​វិញ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​តម្លៃ​អង្ករ​ក្តី និង​ស្បៀងអាហារ​ផ្សេង​ទៀត​ក្តី គឺ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១៥ ឆ្នាំ ដោយសារ​បញ្ហា​អាកាសធាតុ​ផង និង​បញ្ហា​ពិភពលោក​ផង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សារព័ត៌មាន Nikkei ជាដើម​បាន​ឲ្យ​ដឹង​ថា អតិផរណា​បន្ត​ហក់​ឡើង​ខ្ពស់​ក្នុង​បណ្តា​ប្រទេស​អាស៊ី​ជា​ច្រើន​ដោយសារ​តែ​តម្លៃ​អង្ករ និង​អាហារ​ផ្សេង​ទៀត​ឡើងថ្លៃ ។ នៅ​ហ្វី​លី​ពី​ន​ជាដើម តម្លៃ​ម្ហូបអាហារ​កើនឡើង​៥០% រីឯ​នៅ​ឥណ្ឌា គឺ​កើនឡើង​ដល់​ទៅ ៧០% ។

ប្រភព​ដដែល​បាន​បន្ត​ថា តម្លៃ​ស្រូវ​ដែល​ជា​កត្តា​សំខាន់​ក្នុង​តំបន់​បាន​ឡើងថ្លៃ​ដោយសារ​ការ​ប្រមូល​ផល​មិនល្អ​បង្ក​ឡើង​ដោយ​បាតុភូត​ធម្មជាតិ ហើយ​តម្លៃ​ស្បៀងអាហារ​ទំនងជា​មិន​ធ្លាក់​ចុះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ ដោយសារ​អ្នក​នាំ​ចេញ​អង្ករ​ជា​ច្រើន​បាន​បង្កើន​ការ​ស្ទាក់ស្ទើរ ក្នុង​ការ​លក់​វា​ទៅ​ក្រៅប្រទេស ដោយ​ផ្តល់​អាទិភាព​ដល់​តម្រូវការ​ក្នុងស្រុក​។

តម្លៃ​ស្រូវ​សាលី និង​ពោត​បាន​កើនឡើង​ពាសពេញ​ពិភពលោក ចាប់តាំងពី​ឆ្នាំ​២០២២ បន្ទាប់​ពី​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ។ នៅ​ពេល​នោះ​អតិផរណា​ស្បៀង​បាន​ចាប់ផ្តើម វាយប្រហារ សហរដ្ឋអាមេរិក និង​អឺរ៉ុប​យ៉ាងធ្ងន់ធ្ងរ​ក៏​ដោយ ឥទ្ធិពល​នៃ​សង្គ្រាម​ហើយ​ឥទ្ធិពល​របស់​វា​នៅ​តែ​មាននៅ​ពេល​បច្ចុប្បន្ន​។

លោក ហ្វ្រី​ឌឺ​រិច ណឺ​មែន ( Frederic Neumann) ប្រធាន​ក្រុម​សេដ្ឋកិច្ចវិទូ ប្រចាំ តំបន់​អាស៊ី​របស់​ធនាគារ HSBC បាន​លើក​ឡើង​ថា តម្លៃ​អាហារ​នៅ​អាស៊ី​ឆ្នាំ ២០០៨ គឺ​កើន​ខ្ពស់​ខ្លាំង ហើយ ឥឡូវនេះ​សញ្ញា​ដ៏​អាក្រក់​កំពុង​បង្ហាញ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​នេះ​អតិផរណា​នៃ​តម្លៃ​ស្បៀង​កំពុង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ