ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​បាន​កំណត់​ចក្ខុវិស័យ​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​អ្នកមាន គឺ​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ ។ ចក្ខុវិស័យ​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ញញឹម និង​លួច​ត្រេកអរ​នៅ​ក្នុង​ចិត្ត ។…

រដ្ឋាភិបាល​បាន​កំណត់​ចក្ខុវិស័យ​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​អ្នកមាន គឺ​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ ។

ចក្ខុវិស័យ​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ញញឹម និង​លួច​ត្រេកអរ​នៅ​ក្នុង​ចិត្ត ។ មាន​មនុស្ស​មិន​តិច​ទេ ដែល​បាន​គិតគូរ​ពី​អាយុ​របស់​ខ្លួន​នៅ​ពេល​នេះ​ទៅ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ។ មាន​អ្នកខ្លះ​ថា ឆ្នាំ​២០៣០ ខ្ញុំ​ទើប​អាយុ​៦០​ឆ្នាំ គឺ​អាច​នៅ​ឃើញ​ប្រទេស​រីក​ចម្រើន​បាន ។ អ្នកខ្លះ​ទៀត​ថា ឆ្នាំ​២០៥០ ឆ្នាំ​អាយុ​៩០​ឆ្នាំ​ហើយ​ចាស់​ហើយ តែ​មិន​អី​ទេ​ទុក​ឱ្យ​កូន​ៗ និង​ចៅ​ៗ​គេ​សប្បាយ​ចុះ ។

បើ​ជាតិ​រីក​ចម្រើន​កូនចៅ​សុខ​សប្បាយ ស្លា​.​ប់​ទៅ​ក៏​បិទ​ភ្នែក​ជិត​ដែរ ។ នេះ​ជា​ពាក្យ​សាមញ្ញ​ៗ របស់​អ្នកស្រុក​បាន​លើក​ឡើង ។ ពលរដ្ឋ​មិន​តិច​ទេ ដែល​បាន​លួច​ស្រមៃ​ឃើញ​ដល់​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ។ ត្បិត​អី វា​ល្មម​ដល់​ពេល​កម្ពុជា​រីក​ចម្រើន និង​សុខសាន្ត​នោះ​ហើយ ។ ពលរដ្ឋ​ខ្លះ​ដែល​មាន​អាយុ​លើស​ពី​៧០​ឆ្នាំ មិន​ភ្លេច​ទេ​ថា កាលពី​សម័យ​កម្ពុជា​រីក​ចម្រើន​នៅ​ក្នុង​របប​សង្គមរាស្ត្រនិយម​នោះ ប្រទេស​សិង្ហ​បុរី​ដែល​បច្ចុប្បន្ន​នេះ​ជា​ខ្លា​នៅ​អាស៊ី​អាគ្នេយ៍​នោះ គឺ​នៅ​ឆ្ងាយ​ពី​កម្ពុជា​កាលសម័យ​នោះ​ណាស់​។ ប៉ុន្តែ​សិង្ហ​បុរី​នា​ពេល​បច្ចុប្បន្ន គឺជា​ឋានសួគ៌​លោ​កី ដែល​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ទៅ​រស់នៅ​ទៅ​សិក្សា ។

ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ មិនយូរ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​នោះ​ដែរ​។ នេះ​ជា​ទស្សន​លើកទឹកចិត្ត ដើម្បី​ឱ្យ​មនុស្ស​មាន​ក្តី​សង្ឃឹម និង​ឆ្ពោះទៅ​ការ​សម្រេច​គោលដៅអ្វីមួយ ។ និយាយ​ពី​ការ​មានបាន​គ្រប់​គ្នា​ចង់​មាន​ចង់បាន​ទាំងអស់​គ្នា ។ ការ​មានបាន​សម្រាប់​បុគ្គល​ម្នាក់ សម្រាប់​គ្រួសារ​មួយ គឺជា​ការ​មានបាន​របស់​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ ប្រសិនជា​ប្រទេស ជាតិ​រីក​ចម្រើន ជា​មុខមាត់ និង​កិត្តិយស​របស់​សង្គម​ទាំងមូល ។ កម្ពុជា​រីក​ចម្រើន​ពលរដ្ឋ​នឹង​ពោល​ពេញ​ដោយ​ស្នាមញញឹម ហើយ​កម្ពុជា​ជាទី​មោទកភាព សម្រាប់​ខ្មែរ​ទាំងមូល ។ ខ្មែរ​ដែល​ធ្លាប់តែ​រុងរឿង ខ្មែរ​ធ្លាប់​ជា​មហានគរ​ហើយ​ពលរដ្ឋ​កម្ពុជា​មាន​មោ​ទ​នក​ភាព​ដែល​កើតមក​ជា​ខ្មែរ ។

ប្រទេស​រីក​ចម្រើន សំដៅ​ដល់​កំណើនសេដ្ឋកិច្ច​ល្អ ចំណូល​ពលរដ្ឋ​ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ មាន​គ្រប់គ្រាន់​ហើយ​ទំនើប​ទៀត​ផង​មិន​ថា ជា​ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវគោក​នោះ​ទេ ។ និយាយ​ពី​អគារ​មាន​អគារ​ខ្ពស់​ៗ មាន​តំបន់​លំហែកាយ មាន​កន្លែង​ការពារ​បរិស្ថាន ។ ចំពោះ​សេវា​សាធារណ​ក៏​ពិសេស ។ សាលា​សិក្សា​របស់​ក្មេង​ៗ​ទំនើប​មានគុណ​ភាព ។ មន្ទីរពេទ្យ​ល្អ សេវា​ល្អ មានគុណ​ភាព​ខ្ពស់ ពលរដ្ឋ​មិន​ខ្វល់ខ្វាយ​ពេល​ឈឺ មិន​លំបាក​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស ។ ពលរដ្ឋ​មិន​ខ្វល់​ពី​សេដ្ឋកិច្ច​គ្រួសារ ។ គ្រប់​គ្នា​មានការ​ងារ​ធ្វើ មានការ​ចំណូល​សមរម្យ ។ ឱ្យ​តែ​មានការ​ងារ​ធ្វើ ម្នាក់​ៗ​មាន​លំនៅ​ដ្ឋា​ន មាន​រថយន្ត​ធ្វើ​ដំណើរ ។ មាន​ន័យ​ថា នៅ​ពេល​ប្រទេស​ក្លាយជា​អ្នកមាន​គុណភាព​រស់នៅ​របស់​ពលរដ្ឋ គឺ​ល្អ ។

គេ​ពិបាក​នឹង​រៀបរាប់ ប៉ុន្តែ​គេ​អាច​ស្រមៃ​បាន​ថា ឆ្នាំ​២០៣០ ឬ​ឆ្នាំ​២០៥០ កម្ពុជា​អាច​នឹង​ដូច ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី​នា​ពេល​បច្ចុប្បន្ន ។ ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី ដែល ពលរដ្ឋ​ខ្មែរ បាន​ចេញ​ទៅ​ធ្វើ​ទេសចរណ៍​ម្តង​ៗ​លួច​សរសើរ ពី​គុណភាព​ជីវិត​របស់​ប្រជាជន គេ​ថា​ល្អ ដែល​យ៉ាង​ហោច​ណាស់​គេ​អាច​ដឹង​ថា នៅ​ទីនោះ គុណភាព​សិក្សា​ល្អ សេវា​សុខាភិបាល​ប្រពៃ ។

រដ្ឋាភិបាល​មាន​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស ដើម្បី​ក្លាយជា​ទៅ​ប្រទេស​អភិវឌ្ឍន៍​ចាក​ចេញពី​ប្រទេស​ក្រីក្រ ។ ដើម្បី​សម្រេច​ចក្ខុវិស័យ​វែង​ឆ្ងាយ​នេះ រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​ប្រសិទ្ធភាព​ការងារ ហើយ​ហ៊ាន​វះកាត់​លុប​បំបាត់​រាល់​បញ្ហា​ដែល​អាច​ពាំង​ផ្លូវ​ដូច​ជា មាន​អភិបាលកិច្ច​ល្អ មាន​យុ​ត្តិ​ធ​ម​សង្គម លុប​បំបាត់​អំពើ​ពុក​រលួយ និង​ហ៊ាន​ដាក់ទោស​ដល់​មន្ត្រី​ខូច​ធ្វើ​អោយ​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន​ជា​និច្ច ហើយ​ប្រព័ន្ធ​សុខាភិបាល និង​សង្គម​ប្រកបដោយ​គុណភាព ។ ប៉ុន្តែ​ដើម្បី​សម្រេច​គោលដៅ​នេះ​ក៏​មិន​អាច​គ្មាន​ការ​ចូលរួម​របស់​ពលរដ្ឋ​ដែរ ។ ពលរដ្ឋ​គួរ​មាន​ទម្លាប់ ដើម្បី​ក្លាយជា​ពលរដ្ឋ​ស៊ី​វី​ល័យ ។ ពលរដ្ឋ​ស៊ី​វិ​ល័យ​នៅ​ក្នុង​ប្រទេស​ជឿនលឿន គឺ​មានចំណេះ​ដឹង​ខ្ពស់ មាន​ជំនាញ​ច្បាស់លាស់ ។ នៅ​ពេល​មានចំណេះ​ដឹង និង​សីលធម៌​ខ្ពស់ កា​រស់នៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ ។

ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទំនង​មិន​ខុស​ពី​ការ​អភិវឌ្ឍ​សង្គម​គ្រូ​សារ​នោះ​ឡើយ ។ ឪពុក​ម្តាយ និង​ចាស់ទុំ​តែងតែ​អប់រំ​ណែនាំ​ថា បើ​កូន​ចង់​មាន​ត្រូវ​រៀន​ឱ្យ​មានចំណេះ​ខ្ពង់ខ្ពស់ ។ គ្មាន​ការ​មានបាន​ណា​ដែល​បាន​មក​ដោយ​គ្មាន​ចំណេះ​នោះ​ឡើយ ។ ដូច្នេះ​គន្លឹះ​សំខាន់​មួយ​របស់​ពលរដ្ឋ​ឆ្ពោះទៅ​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ គឺ​ការ​សិក្សា​រៀនសូត្រ និង​នាំ​គ្នា​គិតគូរ​ចូលរួម​ចំណែក ធ្វើ​កិច្ចការ​នានា ដើម្បី​ផលប្រយោជន៍​រួម​របស់​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ