រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានដាក់បម្រាមដល់សំណង់ផ្ទះចាស់ៗដែលស្ថាបនានាសម័យបារាំងនៅតំបន់ជុំវិញផ្សារធំថ្មីមិនឱ្យវាយចោលដាច់ខាត និងតម្រូវឱ្យលាបពណ៌លឿងដូចពណ៌ផ្សារធំថ្មី ដើម្បីជាការទាក់ទាញទេសចរ។ លោកកែប ជុតិមា បានដាក់បម្រាមបែបនេះ ខណៈពេលលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្សារធំថ្មីឡើងវិញ នាព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១១ បន្ទាប់ពីធ្វើការជួសជុលកែលំអអស់រយៈពេល២៥ខែកន្លងមកនេះ ។
លោកកែប ជុតិមា បានលើកឡើងថា ផ្សារធំថ្មីគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេស ហើយក៏ជានិមិត្តសញ្ញារបស់រាជធានីភ្នំពេញ ដូចដែលគេតែងនិយាយថា បើមិនស្គាល់ផ្សារធំថ្មីដូចមិនស្គាល់ភ្នំពេញដែរ ។ ដោយសារសំណង់ផ្សារធំថ្មីនេះមានសភាពចាស់ទ្រុឌទ្រោម អគារប្រេះស្រាំជ្រាបទឹក ទើបចាំបាច់យើងធ្វើការជួសជុលកែលំអឡើងវិញ និងធ្វើពិធីសម្ពោធជាផ្លូវការក្នុងពេលនេះ ។
លោកកែប ជុតិមា បានថ្លែងថា ផ្សារធំថ្មីត្រូវបានកែលំអដោយលាបពណ៌យ៉ាងប្រណីត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចនេះសំណង់ផ្ទះចាស់ហាមវាយចោល និងត្រូវលាបពណ៌ឱ្យដូចផ្សារធំថ្មី ដើម្បីប្រែក្លាយជាទីតាំងមួយឱ្យគេចាប់អារម្មណ៍ ធ្វើយ៉ាងណាឱ្យមានលក្ខណៈបុរាណ ។ លោកបន្តថា នៅពេលខាងមុខ សាលារាជធានីត្រៀមរៀបចំជួសជុលកែលំអផ្សារចំនួនពីរកន្លែងទៀត ដែលមានវ័យចំណាស់ដែរ គឺផ្សារកណ្តាល និងផ្សារចាស់ដើម្បីឱ្យមានសោភ័ណភាពនិងទាក់ទាញ ជាពិសេសលើកកម្ពស់សោភ័ណភាពរបស់រាជធានីភ្នំពេញផងដែរ ។
លោក Erie BEUGNOT ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលជាម្ចាស់ជំនួយបានលើកឡើងថា គម្រោងការរៀបចំជួសជុលកែលំអផ្សារធំថ្មីឡើងវិញ មានរយៈពេល១០ឆ្នាំមកហើយ ដោយគិតពីឆ្នាំ២០០១ មក ដោយអនុវត្តតាមបែបបទ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ។ ប្រវត្តិផ្សារធំថ្មីចាប់ផ្តើមសាងសង់ដោយចាក់ដីបំពេញបឹងតេជោ ស្ថាបនាអំពីថ្ម ឥដ្ឋ និងដែកស្មិតកាលពីអំឡុងខែសីហា ឆ្នាំ១៩៣៥ និងបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៣៧ តាមប្លង់ស្ថាបត្យកម្មរបស់លោក JEAN DUBOIR ជនជាតិបារាំង ដោយមានក្រុមហ៊ុនឥណ្ឌូចិនសាយហ្កន ជាអ្នកសិក្សាបច្ចេកទេសនិងសាងសង់ស្ថិតក្នុងរជ្ជកាលរបស់ព្រះករុណាព្រះបាទស៊ីសុវត្ថិ មុនីវង្ស ។
លោកសុខ គឹមហេង អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានឱ្យដឹងថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ផ្សារធំថ្មីត្រូវផ្អាកសកម្មភាពទាំងស្រុង ហើយក្លាយជារោងដាក់ដី ជុំវិញជាចំការចេក ដូង មើលទៅមានសភាពស្ងាត់ជ្រងំនៅកណ្តាលទីក្រុង ។ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ផ្សារធំថ្មីត្រូវបានរៀបចំកែលំអ និងបានដំណើរការអាជីវកម្មជាបណ្តើរៗ រហូតមកដល់ពេលនេះយើងមានការជួសជុលកែលំអ ដើម្បីឱ្យមានសោភ័ណភាពឡើងវិញ ។ គម្រោងកែលំអនេះត្រូវចំណាយថវិកាសរុបចំនួន៥.០៤៤.៥១២ដុល្លារសហរដ្ឋអាមេរិក ហើយជាលទ្ធផលតូប និងស្តង់ដែលបានសាងសង់រួចមានចំនួន១.៥១០តូប ដោយមិនគិតពីទូ និងគ្រែបន្លែឡើយ ។
ការងារជួសជុលផ្សារធំថ្មីឧបត្ថម្ភថវិកាដោយសាលារាជធានីភ្នំពេញ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ ជំនួយថវិកាដែលទីភ្នាក់ងារ AFD បានផ្តល់ឱ្យនៅឆ្នាំ២០០៤ មានចំនួន៤,៥លានអឺរ៉ូ (ជាង៦លានដុល្លារ) ។ ការងារជួសជុលទាំងមូលត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនស្ថាបត្យកម្មបារាំង Arte-Charpentier និងក្រុមហ៊ុន Villaparc ដែលត្រូវបានជ្រើសរើសតាមរយៈការដេញថ្លៃ ។ រីឯការិយាល័យវិស្វកម្ម Kosan Ingénierie ជាអ្នកត្រួតពិនិត្យដំណើរការសាងសង់ ។ នេះបើយោងតាមការប្រកាសរបស់ស្ថានទូតបារាំង ។
ផ្សារធំថ្មីត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩៣៧ ។ ទោះបីជាអគារនៅរឹងមាំល្អក្រោយពីបានឆ្លងកាត់ពេលវេលាដ៏វែងឆ្ងាយ ប៉ុន្តែចាំបាច់ត្រូវធ្វើការជួសជុលឡើងវិញដែរ ។ ក្រោយពីការជួសជុលនេះ រាជធានីភ្នំពេញនឹងមានផ្សារមួយប្រកបដោយអនាម័យ ដែលធ្វើឱ្យសាធារណជន និងអាជីវករប្រមាណ៣.០០០នាក់ ទទួលបាននូវសេវាកម្មទីក្រុងប្រកបដោយគុណភាព ដោយធានាឱ្យប្រតិបត្តិករទាំងអស់ ជាពិសេសសាលារាជធានីភ្នំពេញ ទទួលបានចំណូលត្រឹមត្រូវ ។ ការងារជួសជុលនេះរួមចំណែកផងដែរក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាកត្តាមួយដ៏សំខាន់នៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ការជួសជុលផ្សារធំថ្មីបានប្រព្រឹត្តទៅក្នុង៣ដំណាក់កាល ៖ ដំណាក់កាលដំបូងគឺជាផ្នែកខាងកើតនៃផ្សារ បន្ទាប់មកផ្នែកកណ្តាលផ្សារ និងខាងក្រៅប៉ែកខាងជើង និងខាងត្បូង ហើយចុងបញ្ចប់គឺស្លាបខាងលិច ។ តាមលក្ខណៈបច្ចេកទេស គម្រោងជួសជុលនេះធ្វើឱ្យមានការធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ កែលំអស្ថានភាពអនាម័យ និងរក្សានូវតម្លៃបេតិកភណ្ឌនៃសំណង់អគារ ព្រមទាំងផ្សារទាំងមូល ។ ដំណាក់កាលផ្នែកបច្ចេកទេសនេះបានចាប់ផ្តើមអនុវត្តបន្ទាប់ពីមានការអនុម័តបង្កើតលក្ខន្តិកៈរដ្ឋាករស្វយ័តផ្សារធំថ្មីនៅឆ្នាំ២០០៧ ។ ដើម្បីធានាដល់ការថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្សារ អង្គភាពថ្មីនេះ ត្រូវទទួលបន្ទុកប្រមូលប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព និងធានាដល់ការផ្តល់សេវាកម្មផ្សេងៗ តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋ-ឯកជន ។ រដ្ឋាករនេះត្រូវធ្វើជាគំរូសម្រាប់សមិទ្ធផលផ្សេងទៀតនៅកម្ពុជា៕
ចែករំលែកព័តមាននេះ