ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​​ខេត្ត​​​កែប​​អំពា​វនាវ​​ដល់ម្ចាស់​ដីឡូត៍​​ដែលទុក​ទំនេរ​រួស​រាន់​​អភិវឌ្ឍន៍

14 ឆ្នាំ មុន

ខេត្ត​កែប ៖ ​ថ្វីដ្បិត​កែបជា​ខេត្ត​តូច​មួយ​ក្នុង​ចំណោម​​​ខេត្ត​​ទូទាំង​ព្រះ​រា​ជាណាចក្រ​កម្ពុជា ប៉ុន្តែ ​​បើ​គេ​ពិនិត្យ​មើល​ឱ្យ​ច្បាស់​មែនទែន​ទៅ​ខេត្ត​ដ៏​តូច​នេះ មានសក្តា​នុពល​អាចផ្តល់​​នូវជីវ​ភាព​​​រស់នៅ​ដល់​ប្រជា​ពលរដ្ឋ​​ទូទាំង​ខេត្ត​បាន​យ៉ាង​​​សមរម្យ​

ខេត្ត​កែប ៖ ​ថ្វីដ្បិត​កែបជា​ខេត្ត​តូច​មួយ​ក្នុង​ចំណោម​​​ខេត្ត​​ទូទាំង​ព្រះ​រា​ជាណាចក្រ​កម្ពុជា ប៉ុន្តែ ​​បើ​គេ​ពិនិត្យ​មើល​ឱ្យ​ច្បាស់​មែនទែន​ទៅ​ខេត្ត​ដ៏​តូច​នេះ មានសក្តា​នុពល​អាចផ្តល់​​នូវជីវ​ភាព​​​រស់នៅ​ដល់​ប្រជា​ពលរដ្ឋ​​ទូទាំង​ខេត្ត​បាន​យ៉ាង​​​សមរម្យ​ ។

​លោកហាស់ ​សារ៉េត ​​អភិបាល​ខេត្ត​បាន​​មាន​​ប្រសាសន៍​ក្នុង​អង្គ​ប្រជុំ​​ជាមួយ​ថ្នាក់​ដឹក​នាំ​​គ្រប់ស្ថាប័ន​​នៅក្នុង​ខេត្ត​នា​ពេលកន្លង​មកថ្មីៗនេះ ​ថា ​ខេត្ត​កែបតូច​មែន ​តែ​បើ​ផ្លាស់​​​ចៅ​ហ្វាយ​ខេត្ត ​​ដប់​អាណត្តិ​ទៀត​ក៏​មិនចេះ​អស់​ការ​ងារ​ធ្វើ​ដែរ ឱ្យ​តែ​​ថ្នាក់​ដឹកនាំ​ទាំងនោះថាហើយ​ធ្វើ​កុំថា​ចោល ពីព្រោះ​​ជា​ខេត្ត​ដែល​មាន​រមណីយដ្ឋាន​​ទេស​ចរណ៍ ។ ដូច្នេះ​មន្ត្រី​ថ្នាក់​ដឹកនាំ​គ្រប់ស្ថាប័ន​ទាំង​អស់ក្នុង​​ខេត្ត​ សុទ្ធ​តែ​​មាន​​តួនាទី​ទទួលខុសត្រូវ​​ការ​ងារ​រៀងៗខ្លួន ដោយ​​ភាព​ម្ចាស់ការ ។ លោក​ហាស់ ​សារ៉េត ​បន្ត​ថា ពាក់ព័ន្ធ​លើវិស័យ​ទេស​ចរណ៍​នេះ យើង​ត្រូវ​ជំរុញកិច្ច​ការ​សំខាន់ៗ​ជា​ច្រើន​ដើម្បី​កែប្រែ​សោភ័ណ​ភាព​នៅក្នុង​ខេត្ត​ទោះបី​កន្លង​មក ​ខេត្ត​កសាង​បាននូវ​សមិទ​្ធ​ផល​មួយចំនួន​ហើយ​ក្តី ក៏ពុំទាន់បំពេញ​​សេចក្តី​ត្រូវការ​របស់​ភ្ញៀវ​បាន​ទាំងស្រុងនៅឡើយដែរ ។

ជា​ចក្ខុ​វិស័យ​សម្រាប់​​​អនាគត​​ គឺនឹង​មានការ​រៀបចំ​តំបន់​រមណីយដ្ឋាន​​កោះ​ទន្សាយ​​ឱ្យ​បានល្អ​ទ្វេឡើង​ថែមទៀត រីឯ​​ទូក​ដឹកភ្ញៀវ​​ត្រូវ​រៀប​ចំ​ឱ្យបាន​ស្អាត​ ត្រូវធានា​​សុវត្ថិភាព​ជូនភ្ញៀវ​​​ឱ្យ​បាន​ល្អ ។ ទន្ទឹម​នឹងនោះ​ ផ្លូវគមនាគមន៍​​យើង​ស្តារ​ឡើង​វិញបន្ថែមទៀត នូវផ្លូវ​មួយខ្សែ​ដែលចេញ​ពី​មុខ​សាលា​ក្រុង​​​រហូតមក​ដល់​មន្ទីរ​គណបក្ស​ ត្រូវ​ព​ង្រីក​​ឱ្យធំ រៀបចំប្រព័ន្ធ​លូ​ឱ្យ​បានល្អ​កុំ​ឱ្យ​ស្ទះ​ទឹក ហើយ​ផ្លូវខ្លះ​ធ្វើសួនច្បារ ​ចំកណ្តាល​ផ្លូវ​ ខ្លះដាំ​កូនឈើសងខាងផ្លូវ​ដែល​មាន​ខណ្ឌ​​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ជា​អ្នកជួយ​ឧបត្ថម្ភ ។

លោកហាស់ ​សារ៉េត ​បន្ត​ទៀតថា ប៉ុន្តែ​​ទោះ​បី​ជា​មាន​ការកសាង​ និងខិត​ខំ​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ ​នៅក្នុងខេត្ត​បានមួយចំនួន​ហើយក្តី ក៏​អាជ្ញា​ធរ​​ខេត្តនៅ​ជួបការ​លំបាក​ និងរាំង​ស្ទះ​លើការ​កែ​លំអ​​​​សោភ័ណ​ភាព​ក្រុងដែរ ដោយ​សារមាន​ដីឡូ​ត៍​មួយចំនួន​ទុកចោល ម្ចាស់​ពុំព្រម​មក​កសាង​អ្វី​ទាំង​អស់​ ទុកព្រៃ​ឱ្យនៅដុះស៊ុបទ្រុប​​​ដែល​ប្រការ​នេះធ្វើ​ឱ្យ​ការ​រៀបចំ​សោភ័ណ​ភាព​ក្នុង​ក្រុង​ទាំ​ងមូល​​មានការរាំង​ស្ទះជាអន្លើៗ ។ លោក​​​អភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ផង​ដែរ ដល់អស់​លោក​ លោក​ជំទាវ​ឬបងប្អូនប្រជាពល​រដ្ឋ​​ដែល​មានដី​ឡូត៍​នៅក្នុង​ក្រុងកែប ​សូមមេត្តា​​រួស​រាន់​មក​អភិវឌ្ឍ​ដី​កុំទុកចោល​ទំនេរ ជាហេតុ​នាំឱ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​នៅក្នុង​​ក្រុង​ទេស​ចរណ៍​មួយនេះ ៕