ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈពេលកំពុងដើរទៅឡើងត្នោតនាវេលាល្ងាចអំឡុងពេលមេឃកំពុងតែធ្លាក់ភ្លៀងរលឹមតិចៗ ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៤ ឧសភា នៅចំណុចក្រោយផ្ទះជនរង គ្រោះចម្ងាយប្រមាណ៧០០ម៉ែត្រ ក្នុងភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកឧត្តុង្គ ។
តាមប្រភពពីមន្ត្រីប៉ូលិសប៉ុសិ៍្តឃុំភ្នំតូចបានឱ្យដឹងថា បុរសដែលរងគ្រោះដោយរន្ទះបាញ់នោះឈ្មោះយន់ ម៉ៅ អាយុ៤៦ឆ្នាំ ។ ប្រពន្ធជនរងគ្រោះបានរៀបរាប់ថា ក្រោយពីឮស្នូររន្ទះបាញ់ ស្របពេលប្តីរបស់គាត់ ទើបតែចេញពីផ្ទះមុននេះ ធ្វើឱ្យគាត់មានការសង្ស័យក៏រត់ទៅហៅប្តីឱ្យត្រឡប់មកផ្ទះវិញ តែពេលទៅដល់ក៏ឃើញប្តីគាត់ដេកស្លាប់ក្រោមដើមត្នោតទាំងអម្រែកបំពង់ទឹកត្នោតយ៉ាងអាណោចអាធ័ម ។
ទោះបីជាដឹងថា ប្តីស្លាប់ហើយក៏ដោយ គាត់បានហៅអ្នកភូមិឱ្យជួយសែងទៅផ្ទះ ដើម្បីសង្គ្រោះដែរ ព្រោះមានអារម្មណ៍ថា ប្តីនៅរស់ ។ មន្ត្រីប៉ូលិសស្រុកប៉ុសិ៍្តបានទៅត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន ហើយបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ