រដ្ឋាភិបាលទុយនីស៊ីនៅថ្ងៃទី២៥ ឧសភា ថ្លែងអះអាងបញ្ជាក់ថា ការបោះឆ្នោតនឹងរៀបចំឡើងនៅថ្ងៃទី២៤ កក្កដា ខាងមុខនេះ ជាការបោះឆ្នោតលើកដំបូងចាប់តាំងពីរបបរបស់អតីតប្រធានាធិបតីលោកហ្ស៊ីនបេន អាលី ត្រូវបានផ្តួលរំលំកាលពីខែមករា កន្លងមក ។ ការប្រកាសនេះ ដោយអ្នកនាំពាក្យរដ្ឋាភិបាលធ្វើឡើងរយៈពេល២ថ្ងៃ ក្រោយពីប្រធានគណៈកម្មាធិការរៀបចំបោះឆ្នោតឯករាជ្យ ស្នើលើកពេលបោះឆ្នោតទៅថ្ងៃទី១៦ តុលាខាងមុខ។
ការបោះឆ្នោតនេះគឺសម្រាប់ជ្រើសរើសសភាធម្មនុញ្ញ ក្រោយពីការធ្វើបដិវត្តន៍នៅប្រទេសនេះកាលពីដើមឆ្នាំ ។ ដោយឡែកការសម្រេចចិត្តលើកាលបរិច្ឆេទនៃការបោះឆ្នោតនេះធ្វើឡើងក្រោយពីការពិភាក្សាគ្នាយ៉ាងតឹងតែងដែលក្នុងការពិភាក្សានោះគណបក្សនយោបាយធំៗជាច្រើនដែលពាក់ព័ន្ធនឹងការបោះឆ្នោតបដិសេធការលើកពេលបោះឆ្នោត ។
អ្នកនាំពាក្យរដ្ឋាភិបាលទុយនីស៊ី លោក Tayeb Baccouche និយាយថា គណៈរដ្ឋមន្ត្រីបានពិភាក្សាគ្នាអស់រយៈពេលយ៉ាងយូរអំពីសំណើរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ ហើយបានសម្រេចចិត្តគោរពតាមកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនេះ ដែលកំណត់ដោយរដ្ឋាភិបាលធ្វើនៅថ្ងៃទី២៤ កក្កដា ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ