ខេត្តកោះកុង ៖ កាលពីព្រឹកថ្ងៃទី២៥ ឧសភា ២០១១ មានប្រជាពលរដ្ឋចំនួន៨នាក់ ក្នុងនោះស្រី៣នាក់ ដែលមានទីលំនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ត្រូវបានចៅក្រមសាលាដំបូងខេត្តកោះកុងកោះហៅឱ្យចូលខ្លួនដើម្បីធ្វើការសាកសួរ (ត្រៀមទាញហេតុផល) អំពីបញ្ហាទំនាស់ដីធ្លីមួយកន្លែងពាក់ព័ន្ធជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គ័រ ប៉ុន្តែខណៈពេលដែលពួកគាត់ត្រូវបានតុលាការកោះហៅក៏បានប្រមូលគ្នាប្រមាណ១៣០នាក់ មករង់ចាំស្តាប់ដំណោះស្រាយនៅមុខសាលាដំបូងយ៉ាងកកកុញ ។
តំណាងប្រជាពលរដ្ឋទាំង៨រូបដែលត្រូវបានតុលាការកោះហៅ ១-ឈ្មោះអាន ហៃយ៉ាង ២-ឈ្មោះព្រំ ឃីម ៣-ឈ្មោះតែង កៅ ៤-ឈ្មោះជាវ អាន ៥-ឈ្មោះគង់ សុង ៦-ឈ្មោះរិទ្ធ យឿង ៧-ឈ្មោះក្វាន់ នាង ៨-ឈ្មោះយិន ជាវ ពួកគាត់បានប្រាប់កោះសន្តិភាពថា នៅថ្ងៃទី២ កក្កដា ២០០៧ ពួកគាត់មានគ្នាចំនួន២៥២គ្រួសារ ដែលរស់នៅ៣ភូមិ មានភូមិឈូក ភូមិជីខលើ ភូមិត្រពាំងកណ្តាល ស្ថិតក្នុងឃុំជីខលើ បានដាក់ពាក្យបណ្តឹងចូលតុលាការសុំឱ្យតុលាការមោឃភាពលើការកាន់កាប់ដីដែលក្រុមហ៊ុនកោះកុងស៊ូហ្គ័រ បានរំលោភយកពីពួកគាត់កាលពីឆ្នាំ២០០៦ ចំនួនជាង២.០០០ហិកតា ។ លុះនៅថ្ងៃទី២ មេសា ២០១០ តុលាការបានកោះហៅតំណាំងរបស់ពួកគាត់ចំនួន១៦នាក់ ឱ្យចូលខ្លួនមកធ្វើការសាកសួរ ប៉ុន្តែពុំបានលទ្ធផលអ្វីឡើយ ហើយនៅថ្ងៃទី២៥ ឧសភា ២០១១ ចៅក្រមហេង កេសរោ ក៏បានកោះហៅពួកគាត់ចំនួន៨នាក់ ដូចមានឈ្មោះខាងលើចូលខ្លួនម្តងទៀត ប៉ុន្តេនៅពុំទទួលបានលទ្ធផលអ្វីទាំងអស់។ ផ្ទុយទៅវិញលោកចៅក្រមបានហុចដីកាកោះជាថ្មីប្រគល់ឱ្យពួកគាត់ម្តងទៀត តម្រូវឱ្យចូលខ្លួនលើកទី៣ នៅថ្ងៃទី៩ មិថុនា ២០១១ ខាងមុខនេះ ។
ពួកគាត់បានប្រាប់ទៀតថា រាល់លើកដែលតុលាការបានកោះហៅពួកគាត់ គឺមិនដែលបានធ្វើការសាកសួរក្នុងបណ្តឹងទាមទារដីធ្លី របស់ពួកគាត់ទេ គឺបានត្រឹមតែទទួលពាក្យពន្យារពេលចាំចូលខ្លួនលើកក្រោយតែប៉ុណ្ណោះ ។ កោះសន្តិភាពបានព្យាយាមទាក់ទងទូរស័ព្ទទៅកាន់លោកចៅក្រមហេង កេសរោ ដែរ ប៉ុន្តែមិនអាចទាក់ទងបាន ចំណែកតំណាងក្រុមហ៊ុនកោះកុងស៊ូហ្គ័រក៏មិនត្រូវបានតុលាការកោះហៅឱ្យចូលខ្លួននោះដែរ ។ ចំណែកប្រជាពលរដ្ឋដែលមកអង្គុយរង់ចាំតំណាងរបស់ពួកគាត់ដែលត្រូវតុលាការកោះហៅបានប្រាប់ថា ពួកគាត់ពុំមែនមកធ្វើបាតុកម្មទេ ពួកគាត់គ្រាន់តែមកអមដំណើរតំណាងរបស់ពួកគាត់ទាំង៨នាក់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ