ខេត្តបន្ទាយមានជ័យ ៖ បញ្ហាកុងត្រូលជជុះនៅតែកើតមានតាមដងផ្លូវក្នុងខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យប្រជាពលរដ្ឋប្រកបមុខរបររកស៊ីដឹកទំនិញឆ្លងកាត់ត្អូញត្អែរថា អាជ្ញាធរមិនយកចិត្តទុកដាក់បោសសំអាតបញ្ហានេះទេ ទោះបីជាសម្តេចតេជោបានអំពាវនាវម្តងហើយម្តងទៀតក្តី ។
ប្រជាពលរដ្ឋដែលរកស៊ីដឹកទំនិញនានាបានប្រាប់ថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលមានព្រំប្រទល់ជាប់នឹងប្រទេសសៀម ភាគខាងលិចនៃប្រទេសកម្ពុជា ហើយមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាច្រកសេដ្ឋកិច្ចដ៏ធំមួយដែលប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនប្រកបរបរនាំទំនិញចេញចូលជាប្រចាំថ្ងៃ។ ការរកស៊ីរបស់ពួកគាត់ទទួលបានប្រាក់ចំណេញបន្តិចបន្តួចប៉ុណ្ណោះ ព្រោះតែត្រូវបង់លុយឱ្យទៅកុងត្រុលជជុះនៅតាមដងផ្លូវមួយចំណែក ធ្វើឱ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំង។
ប្រជាពលរដ្ឋក៏បានប្រាប់បន្តថា បញ្ហាកុងត្រូលជជុះដែលកើតមាននៅតាមដងផ្លូវជាតិលេខ៥ និងលេខ៦ ពីក្រុងប៉ោយប៉ែតដល់ទីរួមខេត្តបន្ទាយមានជ័យ គឺមានមិនតិចជាង១០កន្លែងទេ ហើយក្នុងមួយកន្លែងរថយន្តដឹកផ្លែឈើ១គ្រឿងគេទារឱ្យបង់លុយពី៣ម៉ឺនទៅ៥ម៉ឺនរៀល។ ក្នុងនោះគេឃើញមានមន្រ្តីគយចល័តស្នាក់ការប៉ោយប៉ែតនិងខេត្ត និងមន្រ្តីប៉ូលិសសេដ្ឋកិច្ចក្រសួងនិងខេត្ត ព្រមទាំងមន្រ្តីស្ថាប័នពាក់ព័ន្ធមួយចំនួន ក៏បានឆ្លៀតឱកាសស្ទាក់ទារលុយពីពួកគាត់ផងដែរ។ ប្រជាពលរដ្ឋមានចម្ងល់ថា តើមន្រ្តីដែលដាក់កុងត្រូលជជុះតាមដងផ្លូវចាំទារលុយនោះ មានច្បាប់អនុញ្ញាតដែរ ឬទេ? បានជាគេហ៊ានជំរឹតទារលុយពីប្រជាពលរដ្ឋបែបនេះនោះ?
លោកអ៊ុង អឿន អភិបាលខេត្ត ធ្លាប់បានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពថា មន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័នត្រូវតែមានវិធានការទប់ស្កាត់ទៅលើអំពើគេចពន្ធ ការឆ្លងដែន និងជួញដូរគ្រឿងញៀនខុសច្បាប់ ជាពិសេសកុងត្រូលជជុះ មិនត្រូវឱ្យកើតមាននៅក្នុងខេត្តជាដាច់ខាត៕
ចែករំលែកព័តមាននេះ