ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងការពិតហើយ! រឿងបដិមា​៥ព្រះអង្គ​ដែល​បុរស​ម្នាក់​ដាក់​លប ​ហើយ​ប្រទះឃើញផុស​ចេញពី​ច្រាំង​ទន្លេ(វីដេអូ)

4 ខែ មុន
  • កំពង់ឆ្នាំង

ជុំវិញការភ្ញាក់ផ្អើល រឿងបដិមា ៥ព្រះអង្គ ដែល​ប្រជាពលរដ្ឋ បានអះអាងថា ផុសចេញពីក្នុងទន្លេ ត្រូវបាន​ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា​

ខេត្តកំពង់ឆ្នាំង៖ ជុំវិញការភ្ញាក់ផ្អើល រឿងបដិមា ៥ព្រះអង្គ ដែល​ប្រជាពលរដ្ឋ បានអះអាងថា ផុសចេញពីក្នុងទន្លេ ត្រូវបាន​ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា​ មិន​មែនជាវត្ថុបុរាណទេ គឺសុទ្ធតែជារូបចម្លង និងឆ្លាក់ថ្មីទាំងអស់។

ការបញ្ជាក់បែបនេះ ក្នុងពេលដែលលោក​ប្រធានមន្ទីរ បានដឹក​នាំ​មន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះ ទៅពិនិត្យបដិមា ទាំង ៥អង្គនោះ ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ជាម្ចាស់បដិមាទាំង ៥អង្គ ក្នុងភូមិ​គៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក សុខ ធួក បានលំអិតពី​បដិមាទាំង ៥ អង្គ ថា​ ទី១ ព្រះពិស្នុការ ធ្វើអំពីស្ពាន់ មានទម្ងន់ជាង ៤,៤០គីឡូក្រាម មានកំពស់ ០,៥៣ម៉ែត្រ​។បដិមានេះ ប្រហោង​ក្នុង ចាក់ស៊ីម៉ង់ត៍ បំពេញ រួចផ្សារស្ពាន់ផ្ជិតវិញ (ជារូបចាក់ ពុំចម្លងថ្មី)។ រូបទី២ ព្រះអង្គ ប្រក់នាគ មានទម្ងន់ ១,៤០គីឡូក្រាម មានកំពស់ ០,១៩ម៉ែត្រ ធ្វើជាស្ពាន់ ពុំមែនជា​រចនា​បទ​ខ្មែរទេ អាចជារបស់ប្រទេស​ម៉ាឡេស៊ី ឬ ឥណ្ឌូនេស៊ី។ ចំណែកបដិមា ៣ទៀត មានព្រះពុទ្ឋរូប មានទំងន់ ២,៨គីឡូក្រាម និងកំពស់ ០,២០ម៉ែត្រ, ព្រះភគណេស មានទម្ងន់ ៥,២០គីឡូក្រាម កំពស់ ០,២០ម៉ែត្រ និងរូបព្រះឥស្សី មានទម្ងន់ ១,៤០គីឡូក្រាម កំពស់ ០,៣០ម៉ែត្រ សុទ្ធតែជាបដិមាឆ្លាក់ថ្មី ចេញពីថ្មកែវ (ខេត្តពោធិ៍សាត់)​។

លោកបានបញ្ជាក់ថា បដិមាទាំងអស់នេះ អាចត្រូវបាននរណាម្នាក់ ដែលថែរក្សា ហើយមិនទទួល​បាន​លទ្ធផលល្អ ឬមិនបានសេចក្តីសុខ ក៏យកមកផ្លុងចោលក្នុងទន្លេទៅ​។

លោកអះអាងបែបនេះ ព្រោះរបស់ខ្លះ ថ្វីបើមិនមែនបុរាណ តែអ្នកខ្លះ ទុកដាក់ក្នុងផ្ទះ មិនមានក្តីសុខ ឬ​រស់នៅមិនបាន ក៏យកទៅផ្លុងចោលបែបនេះ។

សម្រាប់មន្ទីរជំនាញ ក្រោយ​ពីពិនិត្យ ឃើញថា​ ពុំមានជាវត្ថុបុរាណ ដែលមិនប៉ះពាល់ដល់​សម្បត្តិវប្បធម៌ គឺមិនទទួលយកទៅថែរក្សាទេ អាចម្ចាស់អ្នករើសបាន យកទៅដាក់វត្ត ឬ​រក្សាទុក​ដោយខ្លួនឯង តែសុំ​កុំប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់​វប្បធម៌ជាតិ។

លោក ស៊ន សំអាត អភិបាលរងស្រុក និង​លោក មួន មិថុនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច ក៏បានបញ្ជាក់ដែរថា មន្ទីរជំនាញ ក៏ដូចជា អាជ្ញាធរ ក៏មិនទាន់សម្រេចដកហូត​បដិមាពីម្ចាស់ បដិមា ទាំង ៥អង្គ ពិតមែន គឺទុកឱ្យរក្សាទុក គោរពទៅតាមជំនឿជាបណ្តោះអាសន្ន តែត្រូវធ្វើកិច្ចសន្យា មិនបំផុសឱ្យមានអបីយជំនឿ បង្កភាពអនាធបតេយ្យ ត្រូវសន្យា ថែរក្សាសណ្ដាប់ធ្នាប់​របៀប​រៀប​រយ ហើយ​បើមិនគោរពទៅតាមគោលការណ៍ទេ បដិមាទាំងនោះ នឹងត្រូវដក​ហូត យកទៅរក្សាទុក។​

ដោយឡែក លោក ប៊ុត សុភិន អាយុ ៤០​ឆ្នាំ ជាម្ចាស់បដិមាទាំង ៥អង្គ បានអះអាងថា កាលពី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២៣ ពេលគាត់ទៅដាក់មង ក្នុងទន្លេ ចម្ងាយប្រាណ ១០០ម៉ែត្រ ពីផ្ទះរបស់គាត់ ក៏ស្រាប់តែជាន់ និងរបស់រឹង នៅក្នុងទឹកទន្លេជម្រៅ​ត្រឹមចង្កេះ ហើយគាត់ ក៏កាយចេញមក ឃើញបដិមាមួយអង្គ មានដៃ ៨ រួចក៏យកមកផ្ទះប្រាប់បងប្អូន ហើយបងប្អូន ផ្តល់យោបល់ថា​ សង្ស័យថា នៅមានទៀត គាត់ក៏ទៅកាយនៅទីនោះម្ដងទៀត ក៏បានប្រទះឃើញ​បដិមា ៤អង្គ ថែមទៀត​។

សូមបញ្ជាក់ថា លោក ប៊ុត សុភិន សុំ​មិនផ្តល់ជូន​បដិមា​ទាំង ៥អង្គនោះ ទៅ​មន្ត្រីជំនាញ ឬរក្សាទុក នៅទីណាទេ។ តែលោក​សូម​ប្ដេជ្ញា​ថែរក្សា​បដិមានេះ ឱ្យបានគង់វង្ស និងសូមសន្យា មិនធ្វើឱ្យមាន​ភាព​អនាធិបតេយ្យ បង្ក​ផលប៉ះពាល់ដល់សង្គមនោះ​ឡើយ។

គួររំលឹកថាភ្ញាក់ផ្អើល​! បុរស​ម្នាក់​ទៅ​ដាក់​លប ស្រាប់តែ​ឃើញ​ព្រះ​បដិមា​៥​អង្គ​ផុស​ចេញពី​ដី​ច្រាំង​ទន្លេ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ