ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! បុរស​ម្នាក់​ទៅ​ដាក់​លប ស្រាប់តែ​ឃើញ​ព្រះ​បដិមា​៥​អង្គ​ផុស​ចេញពី​ដី​ច្រាំង​ទន្លេ

4 ខែ មុន
  • កំពង់ឆ្នាំង

មាន​ហេតុការណ៍​ភ្ញាក់​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ ២០២៣ ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​អះអាង​ថា «​មាន​បុរស​ម្នាក់​ខណៈ​ដាក់​លប ស្រាប់តែ​ប្រទះ​ឃើញ​ព្រះ​បដិមា​ចំនួន​៥​ព្រះ​អង្គ​ផុស​ចេញពី​ក្នុង​ដី​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់ ហើយ​ក៏

ខេត្តកំពង់ឆ្នាំង ៖ មាន​ហេតុការណ៍​ភ្ញាក់​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ ២០២៣ ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​អះអាង​ថា «​មាន​បុរស​ម្នាក់​ខណៈ​ដាក់​លប ស្រាប់តែ​ប្រទះ​ឃើញ​ព្រះ​បដិមា​ចំនួន​៥​ព្រះ​អង្គ​ផុស​ចេញពី​ក្នុង​ដី​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់ ហើយ​ក៏​បាន​រើស​មក​ដាក់​នៅផ្ទះ​»​។ បន្ទាប់​មក ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ទៅ​ចោមរោម​មើល និង​នាំ​គ្នា​ស្រោច​ទឹក​លើ​រូប​បដិមា​ទាំង​៥​ព្រះ​អង្គ​នោះ ហើយ​ក៏​ត្រង​យក​ទឹក​នោះ​មក​លុបលាង​មុខមាត់ តាម​ជំនឿ​សុំ​សេចក្តីសុខ​ចំរើន​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ភូមិ​កៀន​ឃ្លាំង ស្ថិត​ក្នុង​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​។

បើ​តាម​លោក ន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់​ស្រ​ឡា​ច បាន​ប្រាប់​ឲ្យ​ដឹង​ថា «​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​រើស​បាន​បដិមា​ចំនួន​៥​ព្រះ​អង្គ​មក លោក​ក៏​បាន​ឲ្យ​មន្ត្រី​របស់​លោក​ទៅ​ពិនិត្យ​មើល​ភ្លាម ហើយ​ក៏​ឃើញ​ថា ប្រជាពលរដ្ឋ​កំពុង​តែ​ចោមរោម​មើល​បដិមា​នោះ​មែន​។ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​រើស​ពី​ក្នុង​ទន្លេ ឬ​យ៉ាងណា គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ឡើយ?​។ ចំណែក​មន្ត្រី​របស់​លោក ក៏​មិន​ទាន់​បាន​ចូល​ទៅ​ដល់​ដែរ ព្រោះថា មាន​មនុស្ស​ច្រើន​ពេក និង​កំពុង​ដុត​ធូប​ទៀន ដើម្បី​សុំ​សេចក្តីសុខ​តាម​ជំនឿ​»​។

លោក​អធិការ​នគរបាល ស្រុក​កំពង់ត្រឡាច បាន​បញ្ជាក់​ថា «​អ្នក​រើស​បាន​បដិមា​ទាំង​៥​អង្គ​នោះ​មានឈ្មោះ ប៊ុត សុ​ភិន អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ទែន ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ហើយ​មក​រស់​នោះ​ខាង​ប្រពន្ធ​ឈ្មោះ អ៊ុយ ស៊ី​ថន អាយ​៣៦​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​គៀន​ឃ្លាំង ឃុំ​អ​ពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​មានកូន​ចំនួន​៦​នាក់​ផង​ដែរ​»​។

ចំណែក លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​លោក​បាន​បញ្ជូន​មន្ត្រី​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្រុក​កំពង់ត្រឡាច ទៅ​ពិនិត្យ​មើល​ដល់​ផ្ទះ​នោះ​ហើយ​។ ម្ចាស់​បដិមា​ទាំង​៥​ព្រះ​អង្គ បាន​អះអាង​ថា ពេល​គាត់​ទៅ​ដាក់​លប ក៏​បាន​ប្រទះ​ឃើញ​បដិមា​ទាំង​៥​ព្រះ​អង្គ​លេច​ចេញពី​ក្នុង​ដី​ច្រាំង​ទន្លេ ហើយ​ក៏​យក​មក​ដាក់​នៅផ្ទះ ក្នុង​គោលបំណង​សុំ​សេចក្តីសុខ​ចំរើន​»​។

លោក សុខ​ធួ​ក បាន​បញ្ជាក់​ទៀត​ថា «​បើ​ពិនិត្យ​មើល​តាម​រូបភាព​ដែល​មន្ត្រី​ស្រុក​របស់​លោក​ផ្ញើ​មក គឺ​បដិមា​ទាំង​៥​ព្រះ​អង្គ​នោះ រួម​មាន ៖ ព្រះ​នរាយ​១​អង្គ​, ព្រះ​ភ​គណេស​នេះ​១​អង្គ​, ព្រះ​ពុទ្ធរូប​១​អង្គ​, ព្រះ​ឥសូរ​ឈរ​កាន់ជើង​ច្រត់​១​អង្គ និង​មួយ​អង្គ​ទៀត​មិន​ទាន់​ស្គាល់​។ យ៉ាងនេះ​ក្តី រូប​លោក និង​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ស្អែក​នេះ​»​។

លោក សុខ ធួ​ក ក៏​បាន​បញ្ជាក់​ទៀត​ថា «​មើលរូប​រាង​តាម​រូបភាព​រូប​មក ឥសី​ឈរ​កាន់​ឈើច្រត់​ពី​បុរាណ​មិន​មាន​ទេ សង្ស័យ​ធ្វើ​ថ្មី​។ ចំណែក​រូប​ដែល​មិន​ស្គាល់ គឺ​មិនមែន​ជា​រូប​បដិមាករ​បុរាណ​អី​នោះ​ទេ ។ រីឯ​ព្រះ​នរាយ និង​ព្រះ​ភ​គណេស ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ជា​រូប​បុរាណ ឬ​ក៏​រូប​ចាក់​ថ្មី​ដែរ?​។

ព័ត៌មាន​បន្ថែម និង​លំអិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ