ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានីភ្នំពេញ ឆ្នាំ២០២៣ បទល្មើស​ព្រហ្មទណ្ឌ កើតមាន ៥៣១/៥៦៣ករណី ថយចុះ ៣២ករណី ដែលបង្ហាញឱ្យឃើញពីសុខ​សុវត្ថិភាពប្រសើរ​

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្ត​ការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ ព្រឹកថ្ងៃទី២៨…

រាជធានីភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្ត​ការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” រក្សាបានសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌ កើតមាន ៥៣១/៥៦៣ ករណី ថយចុះ ៣២ ករណី ស្មើនឹង ៥,៧% ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់​ការបង្ក្រាប​បទល្មើសទាំងនេះ សរុបចំនួន ៤៥៩ ករណី ស្មើនឹង ៨៦,៤៤% នៃចំនួនបទល្មើសរួម ដែលនេះ បង្ហាញឱ្យ ឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស កាន់តែ​មានប្រសិទ្ធភាព របស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច​។

លោកបន្តថា ការងារកិច្ចការច្បាប់ និងការដោះស្រាយវិវាទមូលដ្ឋាន បានទទួល ពាក្យបណ្តឹងពី​ប្រជាពលរដ្ឋ និងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៩១ ករណី ក្នុងនោះ៖ សំណុំរឿងចំនួន ៣៤ ករណី បានដោះស្រាយ ចប់សព្វគ្រប់ និងសំណុំរឿងចំនួន ៥៧ ករណី ទៀត កំពុងពិនិត្យ និងបញ្ជូនទៅ​អង្គភាពពាក់ព័ន្ធ ដើម្បីដោះស្រាយ​។

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគម្រោងលើកកម្ពស់ជីវភាពប្រជាជន ក្រីក្រ (LEAP) រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមឥណទានរបស់ធនាគារ ពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។

គិតមកទល់ ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល ៦ឆ្នាំ (២០១៨- ២០២៣) និងបានបិទ​បញ្ចប់គម្រោង កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងនោះ ទាំងអនុសកម្មភាពទី១ និងអនុសកម្មភាព ទី២ ត្រូវបានអនុវត្តចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក ហើយឆ្លងតាមកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាឆ្លុះបញ្ចាំង ជាបន្តបន្ទាប់ គម្រោងនេះ ត្រូវបានក្រសួង-ស្ថាប័នថ្នាក់ជាតិ ដៃគូ អភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ គោលដៅ វាយតម្លៃថាពិតជាបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋចំនួនប្រមាណ ៥៦.៦៧៧ នាក់ និងដោយ ប្រយោលប្រមាណ ២២ ម៉ឺននាក់​។

លោក ឃួង ស្រេង បានឱ្យដឹងទៀតថា រាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រក ចេញ-ចូលតែមួយរាជធានីភ្នំពេញ សរុបចំនួន ៦៥.៦៩៨ សេវា ពោលគឺ ជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានី​ភ្នំពេញ ចំនួន ១៨០ សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូល ថវិការដ្ឋចំនួនជិត ២៧ ពាន់លានរៀល ឬ ស្មើនឹងប្រមាណ ៦,៥៨ លានដុល្លាអាមេរិក​។

ចំណែកការងារទេសចរណ៏ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរ តាមរយៈអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ បានបន្តកើនឡើងវិញគួរឱ្យកត់សម្គាល់ ស្របតាមគោលនយោបាយលើក​កម្ពស់វិស័យទេសចរណ៍របស់ រាជរដ្ឋាភិបាល ក្នុងនោះ ជើងហោះហើរសរុបមានចំនួន ៨.៧៤០ ជើង កើនឡើង ៣១,៦៤% និងអ្នកដំណើរសរុបមានចំនួន ១.៥៤៣.២៦៩ នាក់ (មួយលាន ប្រាំសែន បួនម៉ឺន បីពាន់ ពីររយ ហុកសិបប្រាំបួននាក់) កើនឡើង ១០៦% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ កន្លងទៅ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ទន្ទឹមនឹងសមិទ្ធផល និងស្នាដៃការងារដែលយើងទទួល​បាននាពេលកន្លងមកនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលត្រូវទទួលខុសត្រូវ ដូច្នេះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាលើកយកទិសដៅការងារ និងបញ្ហាប្រឈមថ្មីៗ ដើម្បីរៀបចំជាប្រធានបទ សម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតនេះ ដោយសម្រេចបែងចែកជាក្រុមពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើ ប្រធានបទចំនួន ៤គឺ ទី១៖ ការបង្ការ បង្ក្រាប និងលុបបំបាត់ការធ្វើចរាចរ និងប្រើប្រាស់គ្រឿងញៀន ទី២៖ ការផ្តល់សេវា​សាធារណៈជូនប្រជាពលរដ្ឋប្រកប ទៅនឹងបញ្ហាឈាម ដោយតម្លាភាព ទី៣៖យន្តការផ្តល់ជំនួយ​សង្គមជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោនិងទី៤៖ ការពង្រឹងគុណភាពអប់រំ នៅរាជធានីភ្នំពេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ