ខេត្តស្វាយរៀង ៖ ករណីប៉ុនប៉ងចាប់រំលោភមិនបានសម្រេចមួយកើតឡើងកាលពីថ្ងៃទី២១ ឧសភា វេលាម៉ោង៦និង៤៥នាទីល្ងាច នៅឃុំសំយ៉ោង ស្រុកកំពង់រោទ៍ ធ្វើឱ្យអាជ្ញាធរឃុំ និងសមត្ថកិច្ចប៉ូលិសវាយតម្លៃមិនចុះសំរុងគ្នាដោយប៉ូលិសធ្វើការសន្និដ្ឋាន និងចោទប្រកាន់ជនសង្ស័យពីបទបៀតបៀនកេរ្តិ៍ខ្មាស រីឯអាជ្ញាធរនិយាយថា បើស្តាប់តាមចម្លើយកុមារីរងគ្រោះ គឺជនសង្ស័យត្រូវតែជាប់ចោទពីបទប៉ុនប៉ងរំលោភតែមិនបានសម្រេច ។
កុមារីរងគ្រោះអាយុ១៥ឆ្នាំ បានរៀបរាប់ប្រាប់កោះសន្តិភាពទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ នាងបានជិះកង់យកបាយទៅឱ្យបងប្រុសឈ្មោះនាង ដា អាយុ១៩ឆ្នាំ ដែលនៅចាំម៉ាស៊ីនបូមទឹកដាក់ស្រូវប្រាំង ឯវាលស្រែខាងលិចផ្ទះចម្ងាយប្រមាណ១.០០០ម៉ែត្រ។ លុះយកបាយឱ្យបងប្រុសហើយក៏ត្រឡប់មកផ្ទះវិញ ។ ពេលជិះកង់មកបានប្រមាណជា៣០០ម៉ែត្រក៏ជួបនឹងឈ្មោះ សុច សុភ័ក្រ អាយុ១៨ឆ្នាំ ជាអ្នករស់នៅភូមិជាមួយគ្នាឈរស្ទាក់ដោយយកម៉ូតូម៉ាកអាល់ហ្វា ពណ៌ប៉ៃតង ដាក់រាំងផ្លូវរួចនិយាយថា បៀតបៀនកេរ្តិ៍ខ្មាស ។ កុមារីរងគ្រោះបានប្រកែក និងស្តីបន្ទោសចំពោះពាក្យមើលងាយបែបនេះ ស្រាប់តែយុវជនឈាមរាវស្ទុះចូលចាប់រួចងោបផ្តួល ហើយបានធ្វើសកម្មភាពយ៉ាងអគតិ ។ នាងខំរើបំរះ និងស្រែកឱ្យបងប្រុសជួយ តែគ្មានអ្នកណាឮឡើយ ហើយជនល្មើសនៅតែប្រព្រឹត្តទាំងកំរោលលើរាងកាយ តែនាងបានព្យាយាមរើបំរះអស់រយៈពេលជាង៥នាទី ទើបរើរួច ជនល្មើសក៏រត់ឡើងជិះម៉ូតូគេចខ្លួនត្រឡប់មកផ្ទះ ។ កុមារីរងគ្រោះបន្តទៀតថា ក្រោយពេលជនល្មើសជិះម៉ូតូចេញមករូបនាងក៏ជិះកង់មកតាមក្រោយរួចនិយាយរឿងនោះប្រាប់ឪពុកម្តាយ ។
បុរសជាឪពុកឈ្មោះនាង ជឿន អាយុ៣៩ឆ្នាំ មានកូន៨នាក់ ក្នុងនោះស្រី៤នាក់ និយាយថាក្រោយពីបានដឹងភ្លាម គាត់បានទៅប្តឹងលោកមេភូមិៗក៏រាយការណ៍ជូនប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសំយ៉ោងភ្លាមដែរ តែដោយយប់ទៅហើយ សមត្ថកិច្ចមិនអាចចាប់ខ្លួនជនសង្ស័យបានទេ ។ លុះព្រឹកឡើងថ្ងៃទី២២ ឧសភា សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនតែជនល្មើសរត់គេចខ្លួនបាត់ក៏អញ្ជើញឪពុកម្តាយជនសង្ស័យមកសាកសួរ និងហៅកុមារីរងគ្រោះ ព្រមទាំងម្តាយឪពុកទៅសាកសួរ។ ក្រោយមកសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ ដោយធ្វើការសន្និដ្ឋាន និងចោទប្រកាន់ពីបទបៀតបៀនកេរ្តិ៍ខ្មាស ។
ឪពុកម្តាយជនសង្ស័យធានាសងជំងឺចិត្ត៣០០.០០០រៀល ហើយបោះសម្តីទាំងងងឹតងងុលថា គ្រាន់តែច្របាច់សុដន់ប៉ុណ្ណឹង បីសែនរៀល សមល្មមហើយ សម្តីអសីលធម៌នេះ ធ្វើឱ្យប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ឪពុកម្តាយកុមារីរងគ្រោះ និងអាជ្ញាធរឃុំ ។ លោកប្រាក់ ឈួនស្មៀន ឃុំសំយ៉ោង បាននិយាយថា បើតាមចម្លើយកុមារីរងគ្រោះពុំមែនបៀតបៀនកេរ្តិ៍ខ្មាសទេ គឺពិតជាប៉ុនប៉ងរំលោភតែមិនបានសម្រេច ។ លោកបន្តទៀតថា ដោយឃើញមានភាពអយុត្តិធម៌នេះទើបលោកមិនពេញចិត្តសុំ អំពាវនាវឱ្យស្ថាប័នតុលាការជួយរកយុត្តិធម៌ឱ្យកុមារីរងគ្រោះតាមនីតិវិធីច្បាប់ផង ។
កាលពីថ្ងៃទី២៤ ឧសភា វេលាម៉ោង២រសៀល លោកស្រីនាយិកាអង្គការជំនួយជនបទហៅកាត់ថា ROA បានចុះទៅស៊ើបអង្កេតលើករណីនេះ ហើយមានប្រសាសន៍ថា លោកស្រី នឹងធ្វើអន្តរាគមន៍រឿងនេះទៅសមត្ថកិច្ចជំរុញឱ្យបញ្ជូនសំណុំរឿងទៅតុលាការសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។ មានការកត់សម្គាល់ថា សិស្សសាលាបច្ចុប្បន្នប្រើប្រាស់ទូរស័ព្ទទំនើបៗ ហើយបានបញ្ចូលរឿងអាសអាភាសសម្រាប់មើលនៅក្នុងទូរស័ព្ទ និងមានបញ្ចាំងរឿងអាសអាភាសតាមរោងកាហ្វេ ទើបមានការស្រើបស្រាលដូច្នេះ គប្បីរឹតបន្តឹងហើយ ៕
ចែករំលែកព័តមាននេះ