ខេត្តក្រចេះ ៖ រថយន្តកាមរីដឹកឈើប្រណីតតាមផ្លូវជាតិ បានជាប់អន្ទាក់សមត្ថកិច្ចជាបន្ត បន្ទាប់ ខណៈពេលដែលរថយន្តទាំងនេះនៅតែលួចធ្វើសកម្មភាពដឹកឈើ ហើយស្ថាបន័មានសមត្ថកិច្ចក៏នៅតែបង្រ្កាប ។ ទោះបីជាបែបណា ជាមួយនឹងការបង្ក្រាបជាបន្តបន្ទាប់ ការចាប់ខ្លួនជនល្មើសហាក់ដូចជាមិនបានឆ្លើយតបទៅនឹងការបង្ក្រាបទេ ទើបក្រុមជនទាំងនោះនៅតែបន្តសកម្មភាពខុសច្បាប់ដដែល ។
គេសង្កេតឃើញថា មួយរយៈនេះសកម្មភាពដេញចាប់ពីសំណាក់សមត្ថកិច្ចទៅលើរថយន្តដឹកឈើតូចៗរបស់ឈ្មួញបានកើតឡើង និងមានប្រសិទ្ឋភាពទៀតផង ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៣ ឧសភា កម្លាំងយោធាខេត្តសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកក្រចេះ បានតាមប្រមាញ់ស្ទាក់ចាប់បានរថយន្តដឹកឈើមួយគ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៧ត្រង់ចំណុចភូមិកាកុដ ឃុំសំបុក ស្រុកចិត្របុរី។ រថយន្តនោះម៉ាកកាមរី ពណ៌ខ្មៅ ស៊េរីឆ្នាំ៩៣ ចង្កូតស្តាំពុំមានស្លាកលេខ ដែលគេសន្និដ្ឋានថា លួចដឹកឈើចេញពីខេត្តស្ទឹងត្រែងយកទៅលក់ឱ្យឈ្មួញយួននៅប្រទេសវៀតណាម ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
នៅក្នុងរថយន្តនេះ សមត្ថកិច្ចបានឆែកឆេររកឃើញមានឈើនាងនួនចំនួន១២កំណាត់ធំៗ និងឈើធ្នង់ចំនួន៤កំណាត់ធំៗ សរុបមានចំនួន១៦កំណាត់ ស្មើនឹង០,៦២៩ម៉ែត្រគូប ។ លោកព្រាប សុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះបានឱ្យដឹងថា ទាំងរថយន្តនិងឈើ ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការបណ្តុះកូនឈើខ្សារ រីឯជនជាម្ចាស់រថយន្តមួយគ្រឿងនេះ សមត្ថកិច្ចជំនាញកំពុងតែកសាងសំណុំរឿង និងធ្វើការស្វែករកផងដែរ៕
ចែករំលែកព័តមាននេះ