ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីប៉ូលិសប៉ុស្តិ៍ផ្សារពីររូបបានរងការចោទប្រកាន់ថា បានប្រើអំពើហិង្សាវាយដំ និងប្រើកាំភ្លើងវាយលើជនរងគ្រោះទាំងដៃជាប់ខ្នោះ បណ្តាលឱ្យរងរបួសយា៉ងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ឧសភា ក្នុងពិធីបុណ្យឡើងអ្នកតាមួយ ស្ថិតនៅក្នុងភូមិអ្នកតាពោធិ៍ ឃុំផ្សារ ស្រុកបរិបូរណ៌ ។
យោងតាមបណ្តឹងរបស់ស្ត្រីជាម្តាយជនរងគ្រោះដែលបានដាក់ពាក្យប្តឹងរកយុត្តិធម៌បានឱ្យដឹងថា គាត់ជាម្តាយឈ្មោះប៊ុន ហ៊ុន អាយុ៤៨ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំផ្សារ ឯកូនប្រុសគាត់រងគ្រោះឈ្មោះឈុត ឈឿន អាយុ២៧ឆ្នាំ។ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៩ ឧសភា ប៉ូលិសប៉ុស្តិ៍ផ្សារឈ្មោះឆន សុជាតិ ហៅយុៈ និងឈ្មោះទត ភារម្យ បានប្រើអំពើហិង្សាលើកូនប្រុសគាត់ បណ្តាលឱ្យរងរបួសធ្ងន់ ដោយប៉ូលិសទាំងពីរនាក់នោះបានវាយកូនប្រុសគាត់នឹងស្វាយកាំភ្លើង ព្រមទាំងទាត់ធាក់ឡើងជង្គង់ ហើយបានដាក់ខ្នោះយកស្បែកជើងឃ្លុបមកវាយមុខ និងក្បាលកូនប្រុសគាត់ មិនតែប៉ុណ្ណោះថែមទាំងយកកាំភ្លើងភ្ជង់ទៀតផង ។
ក្នុងពាក្យបណ្តឹងរបស់ស្ត្រីខាងលើក៏បានបង្ហាញស្នាមមេដៃសាក្សីដែលបានឃើញហេតុការណ៍ចំនួន៣៣នាក់ផងដែរ ។ លោកសុំ ចាន់ គា មន្ត្រីសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង បានស្រង់សម្តីជនរងគ្រោះក្នុងមន្ទីរពេទ្យថា យប់នោះដោយឃើញមនុស្សជុំៗខ្លួនបានដើរទៅមើល ហើយបានឃើញប៉ូលិសឈ្មោះយុៈ ក៏បានសួរថា មានរឿងអី ពេលនោះឈ្មោះយុៈ និងឈ្មោះភារម្យ ដែលជាប៉ូលិសប៉ុស្តិ៍ផ្សារបានស្រែកគំហកដោយចោទថា ខ្លួនជាអ្នកឱ្យមិត្តភក្តិមកវាយពួកគេហើយមកសួរឌឺទៀត? ពេលនោះប៉ូលិសទាំងពីរនាក់បានស្ទុះមកវាយទាត់ធាក់រូបគេ ហើយក៏បានចាប់អូសចម្ងាយ៥ម៉ែត្រពីហ្វូងមនុស្សឈរមើលយកមកដាក់ខ្នោះ ហើយបានយកស្វាយកាំភ្លើងវាយ និងដោះស្បែកជើងវាយក្បាល និងលើផ្ទៃមុខទៀតផង។ ឈ្មោះយុៈ បានយកកាំភ្លើងវែងអាមេបញ្ចូលគ្រាប់ ហើយភ្ជង់ទៅហ្វូងមនុស្សរួចស្រែកគំរាម បើនរណាហ៊ានចូលគេនឹងបាញ់ កាំភ្លើងគេមាន៤០គ្រាប់ដែរ ។ បន្ទាប់មកពួកគេក៏បានដឹកខ្លួនមកប៉ុស្តិ៍ និងបញ្ជូនទៅអធិការដ្ឋានស្រុកបរិបូរណ៌ ។ ក្នុងសកម្មភាពនោះប៉ូលិសគ្នាគេ២ទៅ ៣នាក់ទៀតបានឃាត់ឈ្មោះយុៈ និងឈ្មោះភារម្យ ដែរតែមិនស្តាប់ ។
លោកជាង សុវណ្ណារិទ្ធ អធិការស្រុកបរិបូរណ៌ បានប្រាប់តាមទូរស័ព្ទថា ពួកវាវាយគ្នាវាទេ (សំដៅលើជនរងគ្រោះ) តែដល់ប៉ូលិសចូលទៅឃាត់វាយទាំងប៉ូលិសទៀត ទើបប៉ូលិសចាប់មកអធិការដ្ឋាន ហើយរឿងជាំមុខជាំមាត់នោះ គឺជារឿងពួកវាវ៉ៃគ្នាវាទេ ប៉ុន្តែទោះបីជាយ៉ាងណា លោកបានហៅមកសម្រួលគ្នាអស់ហើយ ប៉ុន្តែត្រូវគ្នា ឬមិនត្រូវគ្នាលោកមិនទាន់ដឹងទេ ។
លោកឆន សុជាតិ ហៅយុៈ បានប្រាប់តាមទូរស័ព្ទថា រឿងរ៉ាវនេះ លោកឱ្យទៅសួរលោកមេប៉ុស្តិ៍គាត់ទៅ ព្រោះពេលកើតហេតុមេប៉ុស្តិ៍ក៏នៅដែរ តែលោកនិយាយខ្លីថា គឺឈ្មោះឈឿន ជាអ្នកវ៉ៃគាត់មុនពេលដែលគាត់ចូលទៅឃាត់ពួកគេឈ្លោះគ្នា ។ លោកហែម សារ៉ា នាយប៉ុស្តិ៍នគរបាលផ្សារបានប្រាប់តាមទូរស័ព្ទថា យប់នោះក្រោយពីធុងបាស់ចាក់បទញាក់មួយបទចប់ គណៈកម្មការបានឱ្យផ្អាករាំសិន ដោយឱ្យនាំគ្នាជញ្ជូនខ្សាច់មកដាក់រោងអ្នកតាម្តង។ ពេលនោះឃើញមនុស្សជ្រួលច្របល់ ហើយប៉ូលិស២ទៅ៣នាក់បានចូលទៅឃាត់ស្រាប់តែឈ្មោះឈឿន បានហក់មកវាយប៉ូលិសមុនគេ ហើយក៏មានការប្រវាយប្រតប់គ្នាឡើង។ ពេលនោះក្រុមក្មេងជាច្រើនបានព្រួតគ្នាវាយប៉ូលិស ឃើញបែបនេះ រូបគាត់ក៏បានចូលទៅឃាត់តែពួកគេមិនស្តាប់ទេ មិនតែប៉ុណ្ណោះឈ្មោះឈុត ឈឿន បានស្រែកឱ្យបក្សពួកគេចូលវាយប៉ូលិស ហើយរូបគេក៏បានស្ទុះមកវាយរូបគាត់មួយដៃចំខ្នងត្រង់បោះដៃផុត និងបានស្រែកឱ្យគាត់ទៀតថា រូបគាត់ដឹងរឿងគេច្រើនណាស់ ។ ដោយឃើញសកម្មភាពបែបនេះ ទើបគាត់បញ្ជាឱ្យចាប់ជននេះយកមកកន្លែងតែម្តង។
លោកគង់ ប៊ុនថេត ប្រជាការពារនៅទីនោះបាននិយាយថា លោកមិនបានដឹងពីរឿងហេតុដំបូងថា កើតឡើងយ៉ាងណានោះទេ តែលោកបានឃើញត្រឹមប៉ូលិសដាក់ខ្នោះឈ្មោះឈឿន ហើយឈ្មោះយុៈ បានដោះស្បែកជើងឃ្លុបវាយក្បាល ផ្ទៃមុខជនរងគ្រោះមែន និងយកស្វាយកាំភ្លើងវាយទៅលើជនរងគ្រោះថែមទាំងយកកាំភ្លើងភ្ជង់ប្រជាពលរដ្ឋមិនឱ្យចូលជួយទៀតផង។ លោកបានឃើញប៉ូលិសគ្នាគេឃាត់ប៉ូលិសដៃដល់២នាក់នោះដែរ រួមទាំងរូបលោកទៀតផង ក៏បានឃាត់ដែរ តែ២នាក់នេះមិនស្តាប់ ទោះបីគាត់ខំពន្យល់ថា វាយមនុស្សជាប់ខ្នោះដូចវាយមនុស្សស្លាប់ក្តី ។
មន្ត្រីសិទ្ធិមនុស្សអាដហុកបន្ថែមថា កន្លងមកប៉ូលិសប៉ុស្តិ៍ផ្សារធ្លាប់មានរឿងរ៉ាវច្រើនណាស់ ធ្លាប់ធ្វើទារុណកម្មលើប្រជាពលរដ្ឋរហូតដោះដូរមេប៉ុស្តិ៍ទៀតផង ហើយលើកនេះបើគ្រាន់តែសម្របសម្រួលទៀតនោះ បទល្មើសដដែលនេះ នឹងនៅតែកើតមានដដែល ។ នេះជាការចោទដាក់គ្នាទៅវិញទៅមក ហើយម្ខាងរងគ្រោះដេកពេទ្យ ។ សូមបញ្ជាក់ថា រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ឧសភា ទើបប៉ូលិសអនុញ្ញាតឱ្យម្តាយយកជនរងគ្រោះពីស្រុកមកមន្ទីរពេទ្យខេត្ត ខណៈដែលជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរទៅហើយ ៕
ចែករំលែកព័តមាននេះ