ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារណាត់​បាត់ដំបងតវ៉ា​ជាថ្មី​បញ្ហា​ដំឡើង​ថ្លៃតូប ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ប្រើ​ធម៌ក្តៅរុះ​ផ្សារ​ស្រុក​សាលាក្រៅ

14 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង+ប៉ៃលិន ៖ អាជីវ​ករ​ផ្សារ​ណាត់​​ក្នុង​ក្រុងបាត់​ដំបង ប្រហែល​​២០០​នាក់ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា បាន​ទៅ​ខាង​មុខ​សាលា​ខេត្ត​បាត់​ដំបង​ជាថ្មី​ទៀត ដើម្បី​ទាម​ទារ​​ឱ្យ​អាជ្ញា​ធរ​​ខេត្ត​បញ្ឈប់​​ការ​ដំឡើង​ថ្លៃតូប​ក្នុង​ផ្សារ​របស់​​រដ្ឋ​មួយ​នេះ ក្រោយ​ពី​ការ​តវ៉ា​​កាល​ពី​​ដើម​ខែ​នេះ​មិន​បាន​សម្រេច​

ខេត្ត​បាត់​ដំបង+ប៉ៃលិន ៖ អាជីវ​ករ​ផ្សារ​ណាត់​​ក្នុង​ក្រុងបាត់​ដំបង ប្រហែល​​២០០​នាក់ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា បាន​ទៅ​ខាង​មុខ​សាលា​ខេត្ត​បាត់​ដំបង​ជាថ្មី​ទៀត ដើម្បី​ទាម​ទារ​​ឱ្យ​អាជ្ញា​ធរ​​ខេត្ត​បញ្ឈប់​​ការ​ដំឡើង​ថ្លៃតូប​ក្នុង​ផ្សារ​របស់​​រដ្ឋ​មួយ​នេះ ក្រោយ​ពី​ការ​តវ៉ា​​កាល​ពី​​ដើម​ខែ​នេះ​មិន​បាន​សម្រេច​។

ក្រុម​អាជីវ​ករ​និយាយ​ថា អាជ្ញា​ធរ​ខេត្ត​បាន​បញ្ជា​ឱ្យ​​​គណៈ​កម្ម​ការ​​គ្រប់​គ្រង​​ផ្សារ ទាម​ទារ​​ឱ្យ​ក្រុម​​អាជីវ​ករ​ប​ង់​ថ្លៃតូប​បន្ថែម​​៥០​ភាគ​រយ​ម្តង​រួច​ហើយ ​ចាប់​ពី​ឆ្នាំ​២០០៧ ​ដល់​ឆ្នាំ​២០១០ លុះ​​នៅឆ្នាំ​​២០១១ នេះ ស្រាប់​តែ​​អាជ្ញា​ធរ​​​ទាម​ទារ​ដំឡើង​​​ថ្លៃ​តូប​ចំនួន​១០​ភាគរយ​​ទៀត ​​ជា​ហេតុ​ធ្វើ​ឱ្យ​​មាន​ការ​តវ៉ា​បន្ត​បន្ទាប់​​ទៀត​រហូត​មក​ទល់​ពេល​នេះ។

ការ​ព្យា​យាម​តវ៉ាបញ្ចុះ​​តម្លៃ​​តូប​ក្នុង​ផ្សារ​​ណាត់​នេះ ​កើតឡើង​​​ម្តង​ហើយ ​កាល​ពី​ថ្ងៃទី​៤ ឧសភា ​ហើយ​អាជ្ញា​ធរ​​ខេត្ត​បាន​ចេញ​លិខិត​​ជូន​ដំណឹង​១​ច្បាប់​ឆ្លើយ​តប​​ទៅ​នឹង​ការតវ៉ា​របស់​​អាជីវ​ករ ។ ខ្លឹម​សារ​លិខិត​នោះ​អាជ្ញា​ធរ​​ហាក់​បី​ដូច​ជា​​បង្ហាញ​​​ច្បាស់​លាស់​អំពី​​ជំហរ​ថា នឹង​មិន​អាច​បញ្ចុះ​តម្លៃ​តាម​ការទាម​ទារ​​របស់​អាជីវ​ករ​​​ឡើយ ។ ទោះបី​ជា​បែបណា​ក្តីក្រុម​អាជីវ​ករ​នៅតែ​បន្ត​​ស្នើ​​ឱ្យ​អាជ្ញា​ធរ​​បន្ធូរ​បន្ថយ​តម្លៃ​​តូប​​ដដែល​។ ​នៅព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ​ពួក​គាត់​​បិទ​តូប​​លើក​គ្នា​​ទៅ​តវ៉ា​ជា​ថ្មី​ទៀត ដើម្បី​ស្នើ​ឱ្យ​អាជ្ញា​ធរ​​កុំ​ដំឡើង​​ថ្លៃ​តូប ។

​​ការ​ប្រមូល​​ផ្តុំ​​គ្នា​របស់​ក្រុម​​អាជីវ​ករ​​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​​កម្លាំង​​សមត្ថ​កិច្ច​​ដោយគេ​​ស្តី​បន្ទោស​ថា ធ្វើ​ឱ្យ​​ប៉ះពាល់​​ដល់​​សណ្តាប់ធ្នាប់​​តាម​ផ្លូវ​សាធា​រណៈ ។ ​គេ​​ឃើញ​លោក​​សឿម ប៊ុន​រិទ្ធ នាយ​ក​រង​​រដ្ឋ​បាល​សាលា​ខេត្ត​​ និង​លោក​អ៊ិន ​ប៊ុន​ម៉ាត់ ប្រធាន​​អធិ​ការ​កិច្ច​ខេត្ត​បាន​​ទៅ​ពន្យល់​ និងព្យា​យាម​​បណ្តេញ​​ក្រុម​​អាជីវ​ករ​ឱ្យ​​ចាក​ចេញ​​ពីទី​នោះ​ទៅកាន់​កន្លែង​​ផ្សេង ប៉ុន្តែ​ត្រូវ​បរា​ជ័យ​​ដោយសារ​អាជីវ​ករ​​មិន​ស្តាប់​ ហើយ ​ក្រុម​​តំណាង​សាលា​​ខេត្ត​​ក៏​វិល​ត្រឡប់​​ទៅវិញ ​។

នៅ​​វេលា​ម៉ោង​​១២​ថ្ងៃ​​ត្រង់​ថ្ងៃដដែល​ លោក​សៀង ​ស៊ុត​ថង អភិ​បាល​រង​ខេត្ត​បាន​ទៅ​ជួប​ដោះស្រាយ​ជា​មួយ​ក្រុម​​អាជីវ​ករ​​ដោយ​ផ្ទាល់​​ ខណៈ​​លោក​ប្រាជ្ញ ចន្ទ អភិ​បាល​ខេត្ត​​ដែល​ក្រុម​អាជីវ​ករ​ចង់​ជួប​បំផុត មិន​បង្ហាញ​មុខ។

លោក​សៀង ស៊ុតថង បាន​ពន្យល់​ប្រាប់​​ក្រុម​អាជីវ​ករ​​ថា​ ការ​បង់​​ថ្លៃ​តូប​ប្រចាំ​ឆ្នាំ​ក្នុង​ផ្សារ​ណាត់​នេះ គឺ មានតម្លៃ​ទាប​បំផុត​ បើ​ប្រៀប​ធៀប​ទៅនឹង​ផ្សារ​ផ្សេងៗ​ក្នុង​ខេត្ត ដូច្នេះការ​ដំឡើង​​បន្ថែម​១០​ភាគ​រយ​នេះមិន​ច្រើន​ទេ ​គួរតែ​​ក្រុម​អាជីវ​ករ​ជួយ​រដ្ឋ​វិញ។ ​​លោក​បញ្ជាក់​ថា ​ការ​ដំឡើង​ថ្លៃ​តូប​​នេះ​គ​ឺ​៣​ឆ្នាំ​ត្រូវ​ដំឡើង​ម្តង ។ ​ទោះ​បី​ជា​បែប​ណា​ក្តី ភាគី​​អាជីវ​ករ​បាន​ស្នើ​បង់​បន្ថែម​​ត្រឹម៥​ភាគ​រយ​ ប៉ុន្តែ​ខាង​អាជ្ញា​ធរ​​ហាក់​បី​ដូច​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ ។

ដោយ​ឡែក​នៅ​ឯ​ខេត្ត​ប៉ៃ​លិន​ឯ​ណោះ​វិញ នាព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ​នោះដែរ មាន​សេច​ក្តីរាយ​ការណ៍​​ថា អាជ្ញា​ធរ​​ខេត្តបាន​ប្រើ​ធម៌​ក្តៅ​​​បណ្តេញ​ក្រុម​អាជីវ​ករ​​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់​ត្រង់​ចំណុច​​ផ្លូវ​បែក​ជា​បួន​ក្នុង​ស្រុកសាលា​ក្រៅ ឱ្យ​​រុះ​រើ​​ចាក​ចេញ​​ទៅ​លក់​នៅ​ក្នុង​ផ្សារ​​ថ្មី​ដែល​ជា​ផ្សារ​​របស់​ក្រុម​ហ៊ុន​​ឯក​ជន​មួយ។

ប្រភព​​ព័ត៌​មាន​ឱ្យ​ដឹងថា ​អាជ្ញា​ធរ​បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ រួម​ជា​មួយ​ក្រុម​កម្ម​ករ​ប្រហែល​​៦០​នាក់ ដើម្បី​​​រុះ​រើ​តូប​ផ្សារ​ចាស់​នេះ ដោយ​មាន​សមត្ថ​កិច្ច​ចំរុះ​ប្រហែល​​ជាង​១០០​នាក់ ​ជួយ​ការ​ពារ​ក្រោម​​ការដឹក​នាំ​ និង​បញ្ជា​ផ្ទាល់​ពី​លោក​​អៀង វុធ អភិ​បាល​រង​ខេត្ត​ប៉ៃលិន។

​អាជ្ញា​ធរ​និយាយថា ការ​​​ប្រើ​ធម៌​ក្តៅ​​រុះ​រើ​តូប​នេះ គឺ​​បន្ទាប់​ពី​អាជ្ញា​ធរ​បាន​ជូន​ដំណឹង​ឱ្យ​អាជីវ​ករ​រុះ​រើ​​​ទៅ​លក់​នៅ​ផ្សារ​ថ្មី​ជាច្រើន​ខែ​កន្លង​មក​ហើយ តែ​ពួក​​គេ​​មិន​​ព្រម​ស្តាប់​​។
​ឆ្លើយ​តប​ទៅនឹង​​​ការ​​លើក​ឡើងនោះក្រុម​អាជីវ​ករ​​ខ្លះ​និយាយថា ​អាជ្ញា​ធរ​​បង្ខំ​ឱ្យ​ពួក​គេ​​ទៅលក់​ដូរ​ក្នុង​ផ្សារ​ឯក​ជន​ដែល​​តូបមានតម្លៃ​​ថ្លៃ ហើយ​គ្មាន​សំណង​សម​​ស្រប​​ទៅ​លើ​ផល​ប៉ះ​ពាល់​​ដី​លំនៅឋាន​របស់​ប្រជា​ពល​រដ្ឋ​ ពេល​​ពង្រីក​ធ្វើ​ផ្លូវ និង​រង្វង់​មូល​នៅ​​ចំណុច​ផ្លូវ​បំបែក​នោះទេ។ ​បើ​តាម​ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា វិធាន​ការ​របស់​​អាជ្ញា​ធរ​​បាន​ជោគ​ជ័យ​​ទាំងស្រុង​ ហើយ​ខណៈ​ប្រជា​ពល​​រដ្ឋ​ជាង​​២០​គ្រួសារ​​រង​ផល​ប៉ះ​ពាល់​៕