អតីតប្រធានាធិបតីអេហ្ស៊ីបដែលត្រូវទម្លាក់ចេញពីតំណែងលោកហូស្នី មូបារ៉ាក់ និងកូនប្រុសរបស់លោក២នាក់ នឹងប្រឈមមុខចំពោះការកាត់ទោសនៅតុលាការព្រហ្មទណ្ឌពីបទបញ្ជាឱ្យសម្លាប់បាតុករ និងពីបទពុករលួយលាងលុយកខ្វក់ ។ នេះបើតាមការប្រកាសឱ្យដឹងដោយការិយាល័យអគ្គរដ្ឋអាជ្ញាកាលពីថ្ងៃទី២៤ ឧសភា កន្លងមក ។
លោកមូបារ៉ាក់ ដែលត្រូវទម្លាក់ចេញពី តំណែងកាលពីខែកុម្ភៈកន្លងមកក៏រងការចោទ ប្រកាន់ផងដែរពីបទរៀបចំផែនការបញ្ជាឱ្យបាញ់សម្លាប់បាតុករនៅទីលាន Tahrir ក្នុងទីក្រុងគែរ កាលពីថ្ងៃទី២៥ មករា កន្លងមក ។
អ្នកនាំពាក្យការិយាល័យអគ្គរដ្ឋអាជ្ញាអេហ្ស៊ីប លោក Adel Saeed និយាយឱ្យដឹងថា លោកមូបារ៉ាក់ បានបញ្ជាឱ្យប៉ូលិសប្រើគ្រាប់ពិតបាញ់រះលើហ្វូងបាតុករ។ អតីតប្រធានាធិបតីរូបនេះអាចត្រូវកាត់ទោសប្រហារជីវិត ប្រសិនបើត្រូវកាត់ឱ្យជាប់ទោសពីបទបញ្ជាឱ្យបាញ់សម្លាប់បាតុករ ។ ដោយឡែកមន្ត្រីប៉ូលិសអេហ្ស៊ីបមួយរូបដែលត្រូវចោទប្រកាន់ពីបទបាញ់សម្លាប់បាតុករ២០នាក់ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មថ្ងៃទី២៨ មករា ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃទី២៣ ឧសភា
កន្លងមក។
លោកមូបារ៉ាក់ ជាប់ឃុំឃាំងនៅក្នុងមន្ទីរពេទ្យយោធាទីក្រុងគែរចាប់តាំងពីពាក់កណ្តាលខែមេសា កន្លងមក ក្រោយពីមានបញ្ហាបេះដូង និងសម្ពាធឈាមឡើងខ្ពស់ ។
លោកមូបារ៉ាក់ និងកូនប្រុសរបស់លោក២នាក់ ម្នាក់ឈ្មោះ Gamal និងម្នាក់ទៀតឈ្មោះ Alaa ក៏ទទួលការចោទប្រកាន់ផងដែរពីបទប្រើប្រាស់អំណាចកាន់កាប់ភូមិគ្រឹះចំនួន៤នៅក្នុងទីក្រុងកំពង់ផែ Sharm el Sheikh ដោយប្រើឈ្មោះក្លែងក្លាយ ។ លើសពីនេះទៀត លោកមូបារ៉ាក់ ក៏ស្ថិតក្រោមការស៊ើបអង្កេតទាក់ទងទៅនឹងការស្លាប់មនុស្សផ្សេងទៀតផងដែរ ៕
ចែករំលែកព័តមាននេះ