ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារជន​រងគ្រោះ​ស្រេកឃ្លាន​យុត្តិធម៌ ​បែរ​ជាគេ​ព្យាយាម​បិទបាំង

14 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍​ដ៏​រន្ធត់​​បំផុត​មួយ​កាល​ពី​​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០១១ នៅ​ចំណុច​​ភូមិ​ខ្ជាយ ​ឃុំ​ជុំ​ក្រវៀន ​ស្រុក​មេ​មត់ ​ខេត្ត​កំពង់​ចាម ​លើ​ផ្លូវ​ជាតិ​លេខ​៧ ដែល​បណ្តាល​ឱ្យ​បុរស​​ និង​ស្ត្រី​ពីរនាក់​ប្តី​ប្រពន្ធ​រងគ្រោះ​​រហូត​បាត់​បង់​ជីវិត​នោះ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ពេញ​១​ខែ​ ហើយ​ជន​រង​គ្រោះ​​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​​

ខេត្តកំពង់ចាម ៖ គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍​ដ៏​រន្ធត់​​បំផុត​មួយ​កាល​ពី​​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០១១ នៅ​ចំណុច​​ភូមិ​ខ្ជាយ ​ឃុំ​ជុំ​ក្រវៀន ​ស្រុក​មេ​មត់ ​ខេត្ត​កំពង់​ចាម ​លើ​ផ្លូវ​ជាតិ​លេខ​៧ ដែល​បណ្តាល​ឱ្យ​បុរស​​ និង​ស្ត្រី​ពីរនាក់​ប្តី​ប្រពន្ធ​រងគ្រោះ​​រហូត​បាត់​បង់​ជីវិត​នោះ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ពេញ​១​ខែ​ ហើយ​ជន​រង​គ្រោះ​​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​​នៅ​ឡើយ​ទេ ខណៈ​​ពេល​ដែល​មាន​ការ​ព្យា​យាម​​បិទ​បាំង​ និង​ឃុប​ឃិត​ជា​មួយ​ភាគី​រថយន្ត​​បង្ក​ហេតុ​គេច​វេះ​ និង​រក​លេស​មិន​ឱ្យ​មាន​ដំណោះ​ស្រាយ ។ ​ទោះ​បី​ជា​បែប​ណា​​ក្រុម​អ្នក​តាម​ដាន​រំពឹង​ថា ​សមត្ថ​កិច្ច​នឹង​ដោះ​ស្រាយ​​ប​ញ្ហា​នេះ​​ដើម្បី​ជួយ​​ស្រោច​ស្រង់​​ដល់​​​ជីវិត​ក្មេង​​៣​​​នាក់​បង​ប្អូន​​ដែល​ធ្លាក់​ខ្លួន​កំព្រា​​ទាំង​វ័យ​ក្មេង​​ខ្ចី ។

គួររំលឹក​​ថា កាល​ពី​វេលា​ម៉ោង​​ប្រមាណ​ជា​១០​យប់​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០១១ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​ដែល​បង្ក​​ឡើង​ដោយ​​រថយន្ត​ម៉ាកហ៊្វុយហ្សូ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1429 ​ជា​រថយន្ត​​ក្រុម​​ហ៊ុន​កាពី​តូល មាន​ដឹក​គ្រឿង​​ចក្រ​អេស្កា​វ៉ា​ទ័រ​មួយ​គ្រឿង​​ ​បើក​បរ​ដោយ​​ឈ្មោះ​សុខ ចន្ថា ទី​លំនៅ​​ភូមិ​​ស្លាប​លែង ឃុំ​ស្វាយ​រំពា ​ស្រុក​ប​សេដ្ឋ​ ខេត្ត​​កំពង់​ស្ពឺ ​បាន​មក​បុក​ពេញ​ទំហឹង​ជា​មួយ​រថយន្ត​​ជន​រងគ្រោះ​​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​២០០៩ ដែល​បើក​​បញ្ច្រាស​ទិស​គ្នា​​បណ្តាល​ឱ្យ​​រ​ថយន្ត​ជន​រងគ្រោះ​​ខ្ទេច​ទាំង​ស្រុង​ ហើយ​ជន​រង​គ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​រថយន្ត​យ៉ាង​អាណោច​អាធ័ម​​បំផុត។ ​ជន​រងគ្រោះ​​ជា​ប្តី​ឈ្មោះ​​ហុង វិសាល អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ​​ឌឹម ស្រីលី អាយុ​៣២​ឆ្នាំ ទី​លំនៅ​ភូមិ​ក្រួស ឃុំ​ក្តឿង​រាយ ស្រុក​កញ្ច្រៀច ខេត្ត​ព្រៃ​វែង​ បច្ចុ​ប្បន្ន​​ស្នាក់​នៅ​ឃុំ​ស្នួល ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ។

សាក្សី​ជា​ច្រើន​​បាន​និយាយថា ​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​​មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏​ធ្ងន់​ធ្ងរ​​នោះ​គឺ​មក​ពី​​អ្នក​បើក​រថយន្ត​​ហ៊្វុយហ្សូ ​រួម​ទាំងព្រូ​រថយន្ត​ពីរនាក់​ទៀត​មាន​អាការ​​ស្រវឹង​ជោក​ជាំ​ ធ្លាក់​ភ្នែក ​សូម្បី​តែបើ​ក​រថយន្ត​បុក​ពេញ​ទំហឹង​​ទៅលើ​រថយន្ត​ជន​រងគ្រោះ​ហើយ​នោះ​ ក៏គេ​មិន​មាន​ស្មារតី​​បញ្ឈប់​​រថយន្តទេ គឺ​គេ​​បើ​ក​​រុញ​​រថយន្ត​​កាមរី​ជិត​១០០​ម៉ែត្រទៀត ​រហូតធ្លាក់​ចេញពីផ្លូវ​ជាតិទៅ​​មុខ​លែង​​រួចទើប​ឈប់​។ ​ពេល​ចុះ​​ពី​លើ​រថយន្ត​​ ជន​បង្ក​ហេតុ​ និង​ព្រូ​និយាយ​មិន​ដឹង​អ្វីទាំង​អស់​ ព្រោះ​ពួក​គេ​ស្រវឹង​​ខ្លាំងពេក។ ​សាក្សី​បញ្ជាក់​ថា ​រថយន្តហ៊្វុយហ្សូ ពិតជា​បង្ក​​ហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​​ដល់​អាយុ​ជីវិត​​ពីរ​នាក់​ប្តី​ប្រពន្ធ​ប្រាកដ​មែន ដោយ​សារ​តែអ្នក​បើក​បរ​​ស្រវឹង​ខ្លាំង​មិន​មាន​ស្មារតី​គ្រប់​គ្រាន់​​​ និង​បាត់​ម្ចាស់​ការ​ក្នុងការ​បញ្ជា​​រថយន្ត។

ក្រោយ​ពេល​​កើត​ហេតុ​​ គេឃើញ​ប៉ូលិស​​​ចរា​ចរ​​ស្រុក​មេ​មត់ ​មក​ធ្វើ​ការ​វាស់វែង​​ និង​ធ្វើ​កំណត់​ហេតុ​​ត្រឹម​ត្រូវ​ដែរ ​ប៉ុន្តែ​អ្វី​ជា​ភាព​​មិន​ប្រក្រតី​នោះ មិនដឹង​ថា មាន​ការ​​ឃុប​ឃិត​​ជា​មួយ​ក្រុម​ហ៊ុន​រថយន្ត​បង្ក​ហេតុ​បែប​ណា ទើប​​មាន​ការ​អនុ​ញ្ញាត​​ឱ្យ​យក​គ្រឿង​ចក្រ​​អេស្កា​វ៉ា​ទ័រថ្មី​​សន្លាង​​មួយ​គ្រឿង​ទៅ​​លើក​​រថយន្ត​បង្ក​ហេតុ​ចេញ​ទាំង​យប់ ​ហើយ​ពេល​ដែល​គ្រួសារ​​ជន​រងគ្រោះ​សួរ​នាំ​ស្រាប់​តែ​ប៉ូលិស​​ស្រុក​ឆ្លើយ​ថា កុំ​ចាំ​បាច់​សួរ គឺ​ថ្នាក់​លើ​​បញ្ជា​ឱ្យ​យក​ចេញ​​ត្រូវតែ​គោរព​តាម​​​ថ្នាក់​លើ​របស់​គេ ។ ទន្ទឹម​នោះ ​ភាព​អយុត្តិ​ធម៌​មួយ​ទៀត​ គឺរហូត​មក​ដល់​ថ្ងៃ​នេះ​ ប៉ូលិស​​បាន​ព្យា​យាម​​បិទ​បាំង​ និង​គេច​វេះ​មិន​ចង់​ដោះ​ស្រាយ​​​ករណី​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ដ៏​ធ្ងន់​ធ្ងរ​​នេះ​​ឡើយ​ និង​ពុំ​​មាន​ការ​ដោះស្រាយ​​អ្វីទាំងអស់ ​​គឺ​ស្ងាត់​ឈឹង​ដូច​គេ​នាំគ្នា​លុប​ចោល ។ ​ពេល​ដែល​គ្រួសារ​ជន​រងគ្រោះ​សួរ​នាំ​ គឺ​គេ​គំរាម​គ្រួសារ​​ជន​រងគ្រោះ​​ថែម​ទៀត ។

​ក្រុម​គ្រួសារ​​ជន​រងគ្រោះ​បាន​បញ្ជាក់ថា ​ជន​រងគ្រោះ​​ទាំងពីរនាក់​​ប្តី​ប្រពន្ធ ​ដែល​ស្លាប់​នោះ គឺបាន​បន្សល់​​ទុក​កូន​តូច​ៗ​ចំនួន​៣​នាក់ ឱ្យ​នៅកំព្រា​ ។ កូន​ទី​១-ឈ្មោះ​​សា​ ស៊ាវ​មី ភេទ​ស្រី អាយុ​៩​ឆ្នាំ ទី២-ឈ្មោះ​​សា ស៊ាវ​ហ័រ ភេទស្រី អាយុ​៦​ឆ្នាំ និង​ទី ៣-ឈ្មោះ​សា គុយហេង ភេទ​ប្រុស អាយុ​​ជាង​​មួយ​ឆ្នាំ ។

​ដោយ​ឃើញ​នូវ​ភាពអយុត្តិ​ធម៌​​បែប​នេះ ​ក្រុម​គ្រួសារ​​ជន​រងគ្រោះ​បាន​អំពាវនាវ​​សុំ​​ឱ្យ​សមត្ថ​កិច្ច​ថ្នាក់​​លើ​​ ពិសេស​បំផុត​នោះ គឺសម្តេច​តេជោ ហ៊ុន ​សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា មាតា ​ប្រជា​ជន​កម្ពុជា​ជួយ​អន្តរា​គមន៍​​​ផ្តល់​នូវ​យុត្តិ​ធម៌​ដល់​ក្រុម​គ្រួសារ​គាត់​ផង ​ព្រោះ​ការ​បាត់​បង់​​ជីវិត​ទាំង​ពីរនាក់​​ប្តី​ប្រពន្ធ​នោះ​បាន​បន្សល់​ទុក​នូវ​កូន​កំព្រា​​៣​នាក់​រស់​​​នៅដោយ​គ្មាន​​ទីពឹង និង​មិន​អាច​មាន​អនាគត​​ភ្លឺ​ស្វាង​នោះ​ឡើយ ។ ​ហេតុ​ដែល​ក្រុម​គ្រួសារ​​​មាន​ការ​អំពាវ​​នាវ​ដូច្នេះ ​ព្រោះ​ភាគី​បង្ក​ហេតុ​​កំពុង​​តែ​​រត់​ការ​ជា​មួយ​ប៉ូលិស​​ដើម្បី​​យក​រថយន្ត​​បង្ក​ហេតុ​​ចេញ និង​ជីក​ក​ប់​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នោះ​តែ​ម្តង ។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពីមន្ត្រី​​ប៉ូលិស​​ចរាចរ​​ខេត្ត​កំពង់​ចាម ។

តាម​ប្រភព​ដែល​ទទួល​បាន​គឺអេស្កា​វ៉ាទ័រ ​ដែល​គេ​ដឹក​យក​ចេញ​​នោះ ជា​គ្រឿង​ចក្រ​ថ្មី​​មក​ពី​​ប្រទេស​វៀតណាម​ ដោយ​គេច​ពន្ធ ។ ​ដូច្នេះ​ហើយ​​​ទើ​ប​ប្រញាប់​ប្រញាល់​​យក​ចេញ​​យ៉ាង​បន្ទាន់​​ដូច្នេះ ។ ​ប្រជា​ពលរដ្ឋ​​​និយាយ​ថា មាន​ច្រើន​ករណី​​ហើយ​ដែល​ប៉ូលិស​​នៅទី​នោះ​​បាន​អនុ​វត្ត​​ដូច​គ្នា​​នឹង​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​ដែលបណ្តាល​​ឱ្យ​ស្លាប់​​​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​​នេះដោយប៉ូលិស​​ចូ​ល​ចិត្ត​ប្រើ​ច្បាប់​​លំអៀង​ទៅភាគី​ម្ខាង​ សំខាន់គាំទ្រ​អ្នក​មាន​លុយ ឬ​​បក្ស​ពួក​ហើយ​កៀប​សង្កត់​​យ៉ាងអយុត្តិ​ធម៌​លើភាគី​ម្ខាង​ទៀត​ដែល​ជា​ជន​រងគ្រោះ​​ ។ ប្រជា​ពលរដ្ឋ​​ស្នើសុំ​ឱ្យ​​ថ្នាក់​លើ​ជួយ​​កែទម្លាប់​​អាក្រក់​​ទាំងអស់​នោះផង ព្រោះសម័យ​​នេះ​ទៅ​ហើយ​​គេ​គួរ​តែ​យក​ច្បាប់​​មក​អនុ​វត្ត​ដើម្បី​ផ្តល់​​យុត្តិ​ធម៌​​ដល់​ជន​រងគ្រោះទើបមាន​អាយុ​វែង ៕