ខេត្តក្រចេះ ៖ អគ្គិភ័យបានកើតឡើងបង្កឲ្យឆាបឆេះរថយន្តចំនួន០៣គ្រឿង និងខូចខាតទ្រព្យសម្បិត្តជាច្រើនទៀត សង្ស័យឆ្លងចរន្តខ្សែភ្លើងក្នុងរថយន្ដ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចមុខផ្ទះសំណាក់«មេគង្គដូហ្វីនឡាយ» ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ។

តាមរបាយការណ៍នគរបាលក្រុងក្រចេះបានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្ដនោះខូចខាតទ្រព្យសម្បត្តិរួមមាន៖
១-រថយន្តម៉ាក Sanyung ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2U-0364 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសូឡា ខូចខាតរថយន្តទាំងស្រុងផ្នែកខាងក្នុង រួមទាំងសម្ភារមួយចំនួន រួមមានអាគុយ១០០អាំពែចំនួន០៨គ្រាប់, ផ្ទាំងសូឡាចំនួន០៨ផ្ទាំង, អាំងវិចទ័រ១គ្រឿង និងសម្ភារតម្លើងរបស់ក្រុមជាងមួយចំនួន ។

២-រថយន្តម៉ាក Starex ពណ៌ទឹកប៊ិកចាស់ មានស្លាកលេខភ្នំពេញ 2BF-9280 ខូចខាតរថយន្តទាំងស្រុងផ្នែកខាងក្នុង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនដែលជាកម្មសិទ្ធិរបស់ឈ្មោះ ធូ សារិទ្ឋ ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅរាជធានីភ្នំពេញ ។

៣-រថយន្តម៉ាក Hyungdia ពណ៌.ស មានស្លាកលេខកំពង់ចាម 3A-3816 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនស៊ីអែសធី ចែកចាយ និងលក់ផលិតផលគ្រប់មុខ ខូចខាតរថយន្តទាំងស្រុងផ្នែកខាងក្នុងកាប៊ីន រួមទាំងផលិតផលក្នុងរថយន្តមួយចំនួនផងដែរ ។

ករណីខាងលើ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះចំនួន៣គ្រឿងដោយប្រើប្រាស់ទឹកសរុបចំនួន០៣ឡាន ដើម្បីសង្គ្រោះនិងពន្លត់បានទាន់ពេលវេលាហើយបានរលត់ទាំងស្រុងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ។
ចែករំលែកព័តមាននេះ